ព័ត៌មានអន្តរជាតិ

បារាំង៖ នេះមិនមែន ជាពេលវេលាសមស្រប ដើម្បីទទួលស្គាល់ប៉ាឡេស្ទីននៅឡើយ

RT News

បរទេស៖ យោងតាមការចេញផ្សាយរបស់ RT រដ្ឋមន្ត្រីការបរទេសបារាំង លោក Stephane Sejourne បាននិយាយកាលពីថ្ងៃពុធថា លក្ខខណ្ឌសម្រាប់ប្រទេសបារាំង ក្នុងការទទួលស្គាល់ប៉ាឡេស្ទីនជាផ្លូវការ ជារដ្ឋមួយមិនទាន់ត្រូវបានបំពេញគ្រប់គ្រាន់នៅឡើយ។

ការអះអាងរបស់គាត់បានកើតឡើង បន្ទាប់ពីប្រទេសន័រវេស អៀរឡង់ និងអេស្បាញបានប្រកាសថា ពួកគេនឹងទទួលស្គាល់ជាផ្លូវការ នូវភាពជារដ្ឋរបស់ប៉ាឡេស្ទីន ចាប់ពីថ្ងៃទី២៨ ខែឧសភា ដើម្បីគាំទ្រដល់អ្វីដែលគេហៅថា ដំណោះស្រាយរដ្ឋពីរ ដែលមានបំណងនាំមកនូវ សន្តិភាពដល់មជ្ឈិមបូព៌ា។

ក្នុងនោះកាសែតAFP ក៏បានដកស្រង់សម្តីលោក Sejourne ដែរថា៖ ជំហររបស់យើងគឺច្បាស់លាស់ ការទទួលស្គាល់រដ្ឋប៉ាឡេស្ទីន មិនមែនជាការហាមឃាត់សម្រាប់ប្រទេសបារាំងទេ ។ រដ្ឋមន្ត្រី​ការបរទេសរូបនេះ​បាន​បញ្ជាក់​ជាថ្មី​ ពី​ជំហរ​លើក​ដំបូង​ដោយ​ប្រធានាធិបតី Emmanuel Macron ក្នុង​ខែកុម្ភៈ។

រំលឹកដែរថាកាលពីដើមខែនេះ បារាំងបានអំពាវនាវឱ្យបង្កើត រដ្ឋប៉ាឡេស្ទីនឯករាជ្យមួយ។ លោក Macron បាន​ធ្វើ​សេចក្តី​ថ្លែងការណ៍​បន្ទាប់​ពី​ ដំណើរ​ទស្សនកិច្ច​ទៅ​ទីក្រុង​ប៉ារីស​របស់​មេដឹកនាំ​ចិន Xi Jinping៕

ប្រែសម្រួល៖ ស៊ុន លី

To Top