ព័ត៌មានអន្តរជាតិ

មេដឹកនាំ​ជប៉ុន និង​កូរ៉េខាងត្បូង យល់ព្រម​រួមគ្នាដោះស្រាយ​ការ ​គំរាមកំហែង ​របស់​កូរ៉េខាងជើង

Kyodo

សេអ៊ូល៖ ប្រភពការទូតបានឲ្យដឹងថា នាយករដ្ឋមន្ត្រីជប៉ុនលោក ហ្វូមីអូ គីស៊ីដា និងប្រធានាធិបតីកូរ៉េខាងត្បូង លោក Yoon Suk Yeol មានភាពប្រាកដប្រជា ក្នុងកិច្ចពិភាក្សានៅចុងខែនេះ ដើម្បីបង្កើនកិច្ចសហប្រតិបត្តិការឱ្យស៊ីជម្រៅ ដើម្បីដោះស្រាយការគំរាមកំហែង ផ្នែកសន្តិសុខពីប្រទេសកូរ៉េខាងជើង។

ប្រភពបានឲ្យដឹងថា គីស៊ីដា និងលោក Yoon ដែលត្រូវបានគេរំពឹងថានឹងជួបប្រជុំគ្នានៅទីក្រុងសេអ៊ូលនៅថ្ងៃអាទិត្យ នៅខាងក្រៅកិច្ចប្រជុំកំពូលត្រីភាគី ដែលពាក់ព័ន្ធ នឹងប្រទេសជប៉ុន កូរ៉េខាងត្បូង និងចិន ក៏ទំនងជានឹងបញ្ជាក់ពីតម្រូវការ ក្នុងការពង្រឹងទំនាក់ទំនងសន្តិសុខរបស់ពួកគេជាមួយសហរដ្ឋអាមេរិកផងដែរ។

មេដឹកនាំទាំងពីរ ដែលបានជួបប្រជុំគ្នា ចុងក្រោយ នៅសហរដ្ឋអាមេរិកក្នុងខែវិច្ឆិកា កំពុងរៀបចំឱ្យមានកិច្ចពិភាក្សា ដោយផ្ទាល់ ចំពេលទំនាក់ទំនងទ្វេភាគីមានភាពប្រសើរឡើង បន្ទាប់ពីមានការប្រកាស របស់កូរ៉េខាងត្បូងក្នុងខែមីនា ឆ្នាំ២០២៣ អំពីដំណោះស្រាយ ចំពោះជម្លោះ សំណងពលកម្មក្នុងសម័យសង្រ្គាមដ៏រ៉ាំរ៉ៃ។

ប្រភពបានឲ្យដឹងថា ក្នុងអំឡុងពេលកិច្ចពិភាក្សាលោក គីស៊ីដា ទំនងជានឹងចែករំលែកការព្រួយបារម្ភជាមួយលោក Yoon អំពីការបាញ់មីស៊ីល និងការអភិវឌ្ឍន៍អាវុធ នុយក្លេអ៊ែររបស់កូរ៉េខាងជើង ខណៈពេលដែលកំពុងស្វែងរកការគាំទ្រ ពីទីក្រុងសេអ៊ូល ដើម្បីដោះស្រាយបញ្ហានៃការចាប់ពង្រត់ជនជាតិជប៉ុន កាលពីអតីតកាលដោយទីក្រុងព្យុងយ៉ាង។

ពួកគេបានបន្ថែមថា នៅពេលដែលប្រទេសជប៉ុន និងកូរ៉េខាងត្បូង ប្រារព្ធខួបលើកទី៦០ នៃការធ្វើឱ្យប្រក្រតីភាព នៃទំនាក់ទំនងការទូតនៅឆ្នាំក្រោយ មេដឹកនាំគ្រោងនឹង យល់ព្រមរក្សាទំនាក់ទំនងជិតស្និទ្ធ និងជំរុញការផ្លាស់ប្តូរក្នុង វិស័យនយោបាយ ពាណិជ្ជកម្ម និងវប្បធម៌។

កាលពីថ្ងៃពុធ រដ្ឋមន្ត្រីការបរទេសជប៉ុន លោកស្រី Yoko Kamikawa បានបញ្ជាក់សារ ជាថ្មីជាមួយសមភាគី កូរ៉េខាងត្បូងលោកស្រី Cho Tae Yul ថាប្រទេសរបស់ពួកគេ នឹងធ្វើការរួមគ្នាឆ្ពោះ ទៅរកកិច្ចប្រជុំកំពូលត្រីភាគី “ដែលបច្ចុប្បន្នកំពុងស្ថិតក្រោមការ សម្របសម្រួល ដែលនឹងត្រូវរៀបចំឡើង”៕
ប្រែសម្រួល ឈូក បូរ៉ា

To Top