ព័ត៌មានអន្តរជាតិ

Update៖ អ៊ីស្រាអ៊ែល បញ្ជាក់ថា មានឧប្បត្តិហេតុបាញ់ប្រហារមួយ នៅព្រំដែនអេហ្ស៊ីប

Xinhua

យេរ៉ូសាឡឹម៖ កងកម្លាំងការពារអ៊ីស្រាអ៊ែល ហៅកាត់ថា (IDF) បានបញ្ជាក់អំពី “ឧប្បត្តិហេតុបាញ់ប្រហារ” មួយបានកើតឡើង “នៅព្រំដែនប្រទេសអេហ្ស៊ីប” ក្រោយពីប្រព័ន្ធផ្សព្វផ្សាយអ៊ីស្រាអ៊ែល បានរាយការណ៍ពីការផ្ទុះអាវុធ រវាងទយោធាអ៊ីស្រាអ៊ែល និងអេហ្ស៊ីប នៅច្រកឆ្លងកាត់ក្រុង Rafah កាលពីថ្ងៃចន្ទ ។

កងកម្លាំង IDF បានឲ្យដឹងថា “នៅប៉ុន្មានម៉ោងមុនមានឧប្បត្តិហេតុ បាញ់ប្រហារនៅព្រំដែនអេហ្ស៊ីប កំពុងស្ថិតនៅក្រោមការស៊ើបអង្កេត ហើយការចចារគ្នាកំពុង ប្រព្រឹត្តទៅជាមួយភាគីអេហ្ស៊ីប” ។

កាសែត Jerusalem Post របស់ប្រទេសអ៊ីស្រាអ៊ែល បានរាយការណ៍ឲ្យដឹងថា យោធាអេហ្ស៊ីបម្នាក់ត្រូវបានសម្លាប់ នៅក្នុងការបាញ់ប្រហារគ្នានេះ ខណៈដែលប៉ុស្តិ៍លេខ១៤ របស់អ៊ីស្រាអ៊ែលបានលើកឡើងថា មិនមានអ្នករងរបួសនោះទេ។

កាសែតប្រចាំថ្ងៃឈ្មោះ Maariv របស់អ៊ីស្រាអ៊ែល បានដកស្រង់ប្រភពចេញពី IDF ថា យោធធាអេហ្ស៊ីប បានបាញ់មុនដំបូងទៅលើយោធាអ៊ីស្រាអ៊ែល ដែលបានបាញ់សងសឹកមកវិញដែរ ។

យ៉ាណណាមិញ សារព័ត៌មាន Al Araby ដែលមានទីស្នាក់ការកណ្តាលក្នុងប្រទេសកាតា បានដកស្រង់ប្រភពចេញអេហ្ស៊ីបថា កងកម្លាំង IDF បានចាប់ផ្តើមធ្វើការប្រយុទ្ធ ។

ប៉ុស្តិ៍លេខ១៣របស់អ៊ីស្រាអ៊ែល បានរាយការណ៍កាលពីថ្ងៃចន្ទថា “ឧប្បត្តិហេតុមិនធម្មតា” បានកើតឡើងរវាងយោធាអ៊ីស្រាអែល និងអេហ្ស៊ីបនៅច្រកឆ្លងកាត់ក្រុង Rafah ៕

ប្រែសម្រួលដោយ៖ ម៉ៅ បុប្ផាមករា

To Top