អេហ្ស៊ីប៖ ទូរទស្សន៍ Al-Qahera News របស់ប្រទេសអេហ្ស៊ីប បានរាយការណ៍នៅថ្ងៃចន្ទនេះថា ប្រទេសអេហ្ស៊ីប បានព្រមានប្រឆាំងនឹងហានិភ័យសុវត្ថិភាព ដែលប្រឈមមុខនឹងបុគ្គលិកកងទ័ពរបស់ខ្លួន ដែលត្រូវបានដាក់ពង្រាយនៅតាមព្រំដែន ជាមួយតំបន់ហ្គាហ្សាស្ទ្រីប។
ការអត្ថាធិប្បាយលើការសម្លាប់ ទាហានអេហ្ស៊ីបម្នាក់នៅជិតផ្លូវកាត់រ៉ាហ្វា កាលពីដើមថ្ងៃនោះ ប្រភពបានឲ្យដឹងថា គណៈកម្មាធិការស៊ើបអង្កេតត្រូវបានបង្កើតឡើង ដើម្បីស្វែងរកព័ត៌មានលម្អិតនៃឧប្បត្តិហេតុ ដើម្បីកំណត់ការទទួលខុសត្រូវ និងទប់ស្កាត់ការកើតឡើងម្តងទៀត នាពេលអនាគត។
កងទ័ពអេហ្ស៊ីប បានប្រកាសនៅថ្ងៃចន្ទនេះ អំពីការសម្លាប់ឆ្មាំព្រំដែនអេហ្ស៊ីបម្នាក់ នៅតំបន់ព្រំដែនរ៉ាហ្វា ជាមួយតំបន់ហ្គាហ្សា ក្នុងឧប្បត្តិហេតុបាញ់ប្រហារមួយ នេះបើយោងតាមការចុះផ្សាយរបស់ ទីភ្នាក់ងារសារព័ត៌មានចិនស៊ិនហួ។
កងកម្លាំងការពារអ៊ីស្រាអែល ក៏បានបញ្ជាក់ផងដែរថា “ឧប្បត្តិហេតុបាញ់ប្រហារ” បានកើតឡើង “នៅព្រំដែនអេហ្ស៊ីប” បន្ទាប់ពីប្រព័ន្ធផ្សព្វផ្សាយអ៊ីស្រាអែល បានរាយការណ៍អំពីការបាញ់ប្រហារគ្នា រវាងទាហានអ៊ីស្រាអែល និងទាហានអេហ្ស៊ីប នៅជិតច្រកឆ្លងកាត់រ៉ាហ្វា ផងដែរនៅថ្ងៃចន្ទនេះ។
ជាមួយគ្នានេះ ប្រភពសន្តិសុខអេហ្ស៊ីបបានឲ្យដឹងថា ការស៊ើបអង្កេតដំបូងលើឧប្បត្តិហេតុនេះ បានបង្ហាញថា ឧប្បត្តិហេតុបាញ់ប្រហារមួយ បានផ្ទុះឡើងរវាងកងកម្លាំងអ៊ីស្រាអែល និងពួកសកម្មប្រយុទ្ធប៉ាឡេស្ទីន ដែលនាំឱ្យមានការបាញ់កាំភ្លើងពីទិសដៅជាច្រើន និងជំរុញឱ្យទាហានអេហ្ស៊ីបចាត់វិធានការការពារ ៕
ប្រែសម្រួល ឈូក បូរ៉ា