បរទេស៖ ឧត្តមសេនីយជាន់ខ្ពស់របស់ ទីក្រុងមូស្គូបានព្រមានថា បណ្តាប្រទេសណាតូកំពុងរៀបចំ សម្រាប់ការវាយប្រហារនុយក្លេអ៊ែរ ដែលអាចកើតមានលើប្រទេសរុស្ស៊ី។
យោងតាមសារព័ត៌មាន RT ចេញផ្សាយនៅថ្ងៃទី២៨ ខែឧសភា ឆ្នាំ២០២៤ បានឱ្យដឹងថា លោក Vladimir Kulishov អនុប្រធានទីមួយនៃសេវាសន្តិសុខសហព័ន្ធរុស្ស៊ី (FSB) និងជាប្រធានសេវាឆ្មាំព្រំដែន បានគូសបញ្ជាក់ពីការគំរាមកំហែង ដែលផ្នែករបស់លោកត្រូវដោះស្រាយ នៅក្នុងបទសម្ភាសន៍ជាមួយ RIA Novosti ។
លោកបានប្រាប់ទីភ្នាក់ងារ សារព័ត៌មាននៅថ្ងៃអង្គារថា “ប្រតិបត្តិការស៊ើបការណ៍របស់ អង្គការណាតូនៅជិតព្រំដែនរុស្ស៊ី កំពុងកើនឡើង។ កងកម្លាំងនៃសម្ព័ន្ធមិត្តកំពុង បង្កើនការហ្វឹកហ្វឺនយោធា ដែលក្នុងនោះពួកគេធ្វើការលើសេណារីយ៉ូ យោធាប្រឆាំងនឹងសហព័ន្ធរុស្ស៊ី រួមទាំងការវាយប្រហារនុយក្លេអ៊ែរ លើទឹកដីរបស់យើង” ។
មន្ត្រីរុស្ស៊ីពីមុនបានរិះគន់គម្រោង ចែករំលែកនុយក្លេអ៊ែររបស់អង្គការណាតូ ដែលអាវុធអាមេរិកមួយចំនួន ត្រូវបានរក្សាទុកក្នុងប្រទេស ដែលមិនមាននុយក្លេអ៊ែរ រួមមានបែលហ្ស៊ិក អាល្លឺម៉ង់ អ៊ីតាលី ហូឡង់ និងប្រទេសតួកគី ៕
ប្រែសម្រួលៈ ណៃ តុលា