ព័ត៌មានអន្តរជាតិ

រដ្ឋអាជ្ញា សុំទោសពាណិជ្ជករ ជនជាតិអាមេរិក ដើមកំណើត វៀតណាមម្នាក់ ក្រោយការចោទ ប្រកាន់ខុសរយៈពេល ៣៤ឆ្នាំ

VN Express

បរទេស៖ អ្នកជំនួញជនជាតិអាមេរិក ដើមកំណើតវៀតណាមម្នាក់ ត្រូវបានព្រះរាជអាជ្ញាវៀតណាម សុំទោសជាសាធារណៈ បន្ទាប់ពីលោកត្រូវបានឃុំខ្លួន ពីរដងពីបទឧក្រិដ្ឋ ដែលលោកមិនបានប្រព្រឹត្ត។

យោងតាមសារព័ត៌មាន VN Express ចេញផ្សាយនៅថ្ងៃទី២៩ ខែឧសភា ឆ្នាំ២០២៤ បានឱ្យដឹងថា លោក Lam Hong Son អាយុ ៦៨ ឆ្នាំ កាលពីថ្ងៃអង្គារ ទទួលបានការសុំទោសជាសាធារណៈពីតំណាងអយ្យការខេត្ត An Giang និង ខេត្ត Long An នៅភាគខាងត្បូងប្រទេសវៀតណាម ក៏ដូចជាកងកម្លាំងប៉ូលីសនៃខេត្តទាំងពីរនៅក្នុងទីក្រុង Chau Doc នៃខេត្ត An Giang ដែលជាស្រុកកំណើតរបស់លោក Lam Hong Son ។

លោក Lam Hong Son ត្រូវបានឃុំខ្លួនពីរដង ពីឆ្នាំ ១៩៩០ ដល់ឆ្នាំ ១៩៩១ នៅពេលដែលលោករួម ជាមួយគណៈកម្មាធិការបញ្ជាការប៉ូលីសខេត្ត An Giang បានចុះហត្ថលេខាលើកិច្ចសន្យា ដើម្បីបើករោងចក្រផលិត ចំណីសត្វ។ ខណៈអាជីវកម្មដំណើរការទៅហើយ លោក Son ក៏ត្រូវបានចោទប្រកាន់ពីបទឆបោក ហើយត្រូវបានចាប់ខ្លួន ។ ពេលលោកត្រូវបានដោះលែង លោកត្រូវបានចាប់ខ្លួនម្តងទៀតពីបទរំលោភ លើសេចក្តីទុកចិត្ត ចំពោះទ្រព្យសម្បត្តិសមរម្យ។

ទោះជាយ៉ាងណា រដ្ឋអាជ្ញាមិនអាចប្រមូលភស្តុតាង គ្រប់គ្រាន់ដើម្បីចោទប្រកាន់លោកបានទេ។

នៅគណៈកម្មាធិការប្រជាជននៃសង្កាត់ Vinh My Ward កាលពីថ្ងៃអង្គារ រដ្ឋអាជ្ញាខេត្ត An Giang បានបញ្ជាក់ថា លោក Son មិនសមស្រប នឹងទ្រព្យសម្បត្តិទេ ហើយអ្វីដែលបានកើតឡើងគ្រាន់តែជា ឧប្បត្តិហេតុជំពាក់ពន្ធដែលមិនធ្ងន់ធ្ងរគ្រប់គ្រាន់ដើម្បីធានាចំពោះការចោទប្រកាន់ព្រហ្មទណ្ឌទៅលើលោកនោះទេ។

«នេះជាកំហុសដោយអាជ្ញាធរ និងរដ្ឋអាជ្ញាខេត្ត An Giang»។ តំណាងម្នាក់ បានបន្ថែមថា ច្បាប់កាលពីពេលនោះ មិនមានលក្ខណៈទូលំទូលាយដូចសព្វថ្ងៃនោះទេ ។

រដ្ឋអាជ្ញាបាននិយាយថា ការខូចខាតដែលកើតឡើងចំពោះសុខភាពផ្លូវកាយ និងផ្លូវចិត្តរបស់លោក Lam Hong Son ដោយសារតែការចោទប្រកាន់ មិនត្រឹមត្រូវ និងការឃុំខ្លួននោះ ពិបាកនឹងផ្តល់សំណងណាស់។ ពួកគេប្រាថ្នាថាការសុំទោស របស់ពួកគេនឹងជួយសម្រាលការឈឺចាប់ដែលលោក Son និងក្រុមគ្រួសាររបស់គាត់បានរងទុក្ខ៕
ប្រែសម្រួលៈ ណៃ តុលា

To Top