ព័ត៌មានអន្តរជាតិ

មេដឹកនាំកូរ៉េខាងជើង ប្តេជ្ញាបន្តការអភិវឌ្ឍន៍ ផ្កាយរណបចារកម្មយោធា

Kyodo

សេអ៊ូល៖ មេដឹកនាំកូរ៉េខាងជើង លោក គីម ជុងអ៊ុន បានសន្យាថានឹងបន្តការអភិវឌ្ឍប្រទេស នៃផ្កាយរណបចារកម្មយោធា បើទោះបីជាការបរាជ័យកាលពីថ្ងៃចន្ទ ក្នុងការដាក់ផ្កាយរណបមួយផ្សេងទៀត ចូលទៅក្នុងគន្លងក៏ដោយ ដោយលើកឡើងថា ការកាន់កាប់សមត្ថភាព ឈ្លបយកការណ៍អវកាសគឺជា “ជៀសមិនរួច” ដើម្បីការពារអធិបតេយ្យភាព របស់ទីក្រុងព្យុងយ៉ាង នេះបើយោងតាមប្រព័ន្ធផ្សព្វផ្សាយរដ្ឋ។

ក្នុងអំឡុងពេលដំណើរទស្សនកិច្ចរបស់លោក កាលពីថ្ងៃអង្គារទៅកាន់បណ្ឌិត្យសភាវិទ្យាសាស្ត្រ ការពារជាតិដើម្បីប្រារព្ធខួបលើកទី៦០ នៃការបង្កើតរបស់ខ្លួនលោក គីម បានឲ្យដឹងថាការបាញ់បង្ហោះផ្កាយរណប នាពេលថ្មីៗនេះបានបរាជ័យ “ដោយសារតែប្រព័ន្ធបំផ្លិចបំផ្លាញដោយខ្លួនឯង” ដែលបង្កឡើងដោយ “ភាពមិនប្រក្រតីនៃម៉ាស៊ីនដំណាក់កាលដំបូង” ។

លោកបានលើកទឹកចិត្តអ្នកវិទ្យាសាស្ត្រ ការពារជាតិដោយនិយាយថា ការរៀនពីភាពបរាជ័យគឺជាតម្រូវការ ជាមុនសម្រាប់ភាពជោគជ័យ នេះបើយោងតាមការចុះផ្សាយ របស់ទីភ្នាក់ងារសារព័ត៌មានក្យូដូជប៉ុន។

លោកបានលើកឡើងថា “វាគឺតាមរយៈការបរាជ័យដែលយើងរៀនបន្ថែម និងអភិវឌ្ឍបន្ថែមទៀត” ដោយបន្ថែមថាអ្នកដែលចូលរួម ក្នុងការអភិវឌ្ឍន៍ផ្កាយរណបនឹងមិន “ក្លាយជាការបំភិតបំភ័យទេ ប៉ុន្តែនឹងខិតខំ ដើម្បីសម្រេចបានលទ្ធផលកាន់តែច្រើន” ។

សារព័ត៌មានរដ្ឋ KCNA បានចុះផ្សាយថ្ងៃពុធនេះថា ការមានផ្កាយរណបឈ្លបយកការណ៍យោធា “ជួយប្រទេសរបស់យើងពង្រឹងការ ការពារខ្លួនបន្ថែមទៀត” ចំពេលមាន “ការផ្លាស់ប្តូរធ្ងន់ធ្ងរ” ដែលកើតឡើងនៅក្នុងបរិយាកាសសន្តិសុខជាតិ ដោយសារតែ “សកម្មភាពយោធារបស់សហរដ្ឋអាមេរិក និងទង្វើបង្កហេតុផ្សេងៗ” ៕

ប្រែសម្រួល ឈូក បូរ៉ា

To Top