រ៉ាម៉ាឡា៖ លោក Nabil Abu Rudeineh អ្នកនាំពាក្យ របស់ប្រធានាធិបតីប៉ាឡេស្ទីន បានស្តីបន្ទោសរដ្ឋបាល សហរដ្ឋអាមេរិក កាលពីថ្ងៃអង្គារ ចំពោះការកើនឡើង ដែលកំពុងបន្តនៅក្នុងទីក្រុង Rafah ដែលជាទីក្រុងភាគខាងត្បូង បំផុតនៃ ហ្គាហ្សា ស្ទ្រីប ។
លោក Abu Rudeineh បានប្រាប់ដល់អ្នកយកព័ត៌មាន នៅទីក្រុង Ramallah ថា “យើងចាត់ទុករដ្ឋបាល សហរដ្ឋអាមេរិកទទួលខុសត្រូវ ទាំងស្រុងចំពោះស្ថានភាពនៅក្រុង Rafah និងនៅទូទាំង តំបន់ហ្គាហ្សា ដោយបានបន្ថែមថា ភាគីអ៊ីស្រាអ៊ែលមិនអើពើនឹងសេចក្តីសម្រេច របស់តុលាការអន្តរជាតិ ហើយបានប្រែក្លាយទីក្រុងនេះ “មិនអាចរស់នៅបាន” ។
លោកបានរិះគន់ភាពស្ងៀមស្ងាត់របស់រដ្ឋបាលអាមេរិកលើសកម្មភាពរបស់អ៊ីស្រាអ៊ែល ដោយហៅករណីនេះថា ជាការយល់ព្រមចំពោះអ្វីដែលលោកហៅថាជា “សង្រ្គាមប្រល័យពូជសាសន៍” ប្រឆាំងនឹងប៉ាឡេស្ទីន។
លោក Abu Rudeineh ក៏បានចង្អុលបង្ហាញ ពីការបន្តការគាំទ្រផ្នែកនយោបាយ ហិរញ្ញវត្ថុ និងយោធាដែលផ្តល់ ដោយសហរដ្ឋអាមេរិកដល់អ៊ីស្រាអែល ទោះបីជា មានការប្រឆាំង យ៉ាងទូលំទូលាយពីអន្តរជាតិ ចំពោះការឈ្លាន ពានរបស់អ៊ីស្រាអែលក៏ដោយ។
លោកបានព្រមានអំពីសក្តានុពល នៃការកាន់កាប់តំបន់ហ្គាហ្សាឡើងវិញជាមួយនឹង “ការគាំទ្ររបស់អាមេរិក ដែលមិនធ្លាប់មានពីមុនមក “ សម្រាប់ផែនការរបស់រដ្ឋាភិបាល អ៊ីស្រាអ៊ែល ដោយជំរុញឱ្យមានការអនុលោម តាមសេចក្តីសម្រេច របស់តុលាការយុត្តិធម៌អន្តរជាតិ (ICJ) ជាបន្ទាន់។
អ៊ីស្រាអ៊ែល បានបន្តវាយប្រហារលើក្រុង Rafah ជាទីដែលជនភៀសខ្លួនប៉ាឡេស្ទីនជាង១លាននាក់កំពុងភៀសខ្លួន បើទោះបីជាមានសេចក្តីសម្រេចថ្មីៗនេះដោយ ICJ បានបញ្ជាឱ្យបញ្ឈប់ការវាយ ប្រហាររបស់ខ្លួនក៏ដោយ ៕
ប្រែសម្រួលដោយ៖ ម៉ៅ បុប្ផាមករា