ជីវចម្រុះគឺជាមូលដ្ឋាននៃការរស់រានមានជីវិត និងការអភិវឌ្ឍរបស់មនុស្សជាតិ។ វាបានផ្តល់ផលប្រយោជន៍ឥតគណនាដល់មនុស្សជាតិ ទាំងផ្នែកបរិស្ថាន សេដ្ឋកិច្ច និងវប្បធម៌។ ទោះជាយ៉ាងនេះក្តី ផលប៉ះពាល់បណ្តាលមកពីការបាត់បង់ និងការបំផ្លិចបំផ្លាញជម្រកធម្មជាតិ ការប្រើប្រាស់ធនធានធម្មជាតិហួសកម្រិត និងការប្រែប្រួលអាកាសធាតុ បានធ្វើឱ្យជីវចម្រុះដែលជាទ្រព្យសម្បត្តិ សកលរបស់មនុស្សជាតិ ប្រឈមការគំរាមកំហែងយ៉ាងធ្ងន់ធ្ងរ។
ក្នុងនាមជាប្រទេសសម្បូរដោយជីវចម្រុះ ច្រើនជាងគេមួយនៅលើពិភពលោក ប្រទេសចិនតែងតែយកចិត្តទុក ដាក់ខ្ពស់ចំពោះការអភិរក្សជីវៈចម្រុះ ដោយបានចុះហត្ថលេខា និងអនុម័ត លើអនុសញ្ញាស្តីពីភាពចម្រុះជីវសាស្ត្រ ក្នុងឆ្នាំ១៩៩៣។ ប្រទេសចិនបានផ្តល់អាទិភាពកាន់តែខ្ពស់ ដល់ការអភិវឌ្ឍអេកូឡូស៊ីបរិស្ថាន និងការអភិវឌ្ឍបៃតង បន្ទាប់ពីការចូលកាន់តំណែងជាប្រធានរដ្ឋរបស់ ឯកឧត្តម ស៊ី ជីនពីង នៅឆ្នាំ២០១៣។ ដើរតាមគោលការណ៍ដឹកនាំ តាមបែបវិទ្យាសាស្រ្តនៃទស្សនៈវិជ្ជា ស៊ី ជីនពីង ស្តីពីអរិយធម៌អេកូឡូស៊ី រដ្ឋាភិបាលចិនបានបង្កើតនូវគំរូថ្មី នៃការអភិរក្សជីវៈចម្រុះ ជាមួយនឹងការកែលម្អប្រព័ន្ធច្បាប់ យន្តការត្រួតពិនិត្យ និងសមត្ថភាពគ្រប់គ្រងសម្រាប់ការអភិរក្សអេកូឡូស៊ី ដែលជាការចាប់ផ្ដើមនៃយុគសម័យថ្មី សម្រាប់ការអភិរក្សជីវចម្រុះនៅក្នុងប្រទេសចិន។
ក្នុងរយៈពេលជាងមួយទសវត្សរ៍ចុងក្រោយនេះ ប្រទេសចិនបានតាក់តែង និងកែសម្រួលច្បាប់ និងបទប្បញ្ញត្តិជាង ២០ ពាក់ព័ន្ធនឹងការអភិរក្សជីវចម្រុះ រួមទាំងច្បាប់ស្តីពីព្រៃឈើ ជលផល សត្វព្រៃ ទន្លេយ៉ាងសេ និងសន្តិសុខជីវសាស្ត្រ ហើយបានអនុវត្តយ៉ាងសកម្មនូវ “យុទ្ធសាស្រ្ត និងផែនការសកម្មភាពស្តីពីការអភិរក្សជីវចម្រុះជាតិ ឆ្នាំ២០១១-២០៣០។ យោងតាមបទសម្ភាសន៍ជាមួយរដ្ឋមន្ត្រីអេកូឡូស៊ី និងបរិស្ថានចិន គិតត្រឹមចុងឆ្នាំ២០២២ ប្រទេសចិនបានសាងសង់ឧទ្យានជាតិ ០៥កន្លែង សួនរុក្ខសាស្ត្រជិត ២០០កន្លែង និងមជ្ឈមណ្ឌលស្តារ និងបង្កាត់ពូជសត្វព្រៃ ២៥០កន្លែង ហើយបានបង្កើតតំបន់អភិរក្សជីវចម្រុះគ្រប់ប្រភេទ និងគ្រប់កម្រិតជិត ១ម៉ឺនកន្លែង ស្មើនឹង ១៨% នៃផ្ទៃដីសរុបរបស់ចិន។
កិច្ចប្រឹងប្រែងក្នុងបុព្វហេតុការអភិរក្សជីវចម្រុះ បានធ្វើឱ្យប្រទេសចិនទទួលបានសមិទ្ធផលគួរឱ្យស្ញប់ស្ញែងជាច្រើន។ តួយ៉ាង សត្វខ្លាឃ្មុំផេនដាយក្ស ដែលធ្លាប់ត្រូវបានចាត់ថ្នាក់ជាប្រភេទសត្វ “ជិតផុតពូជ” និងមានចំនួនត្រឹមជាង ១ ពាន់ក្បាល ក្នុងឆ្នាំ ១៩៨០ បានកើនឡើងដល់ជិត ២ ពាន់ក្បាល ក្នុងឆ្នាំ ២០២៣ ហើយត្រូវបានទម្លាក់ចំណាត់ថ្នាក់មកត្រឹមជាប្រភេទសត្វ “ងាយរងគ្រោះ”។ រុក្ខជាតិជាង ២,៣ ម៉ឺនប្រភេទត្រូវបានអភិរក្ស ហើយរុក្ខជាតិព្រៃកម្រ និងជិតផុតពូជ ១១២ ប្រភេទត្រូវបានស្ដារឡើងវិញជាជម្រកធម្មជាតិ។ សត្វព្រៃកម្រ និងជិតផុតពូជជាង ៦០ ប្រភេទត្រូវបានបង្កាត់ពូជឡើងវិញដោយជោគជ័យ។ សមិទ្ធផលទាំងនេះបង្ហាញយ៉ាងច្បាស់ពីការអភិរក្សជីវចម្រុះដោយជោគជ័យរបស់រដ្ឋាភិបាលចិន។
ក្រៅពីនេះ ប្រទេសចិនក៏បាន និងកំពុងចូលរួមចំណែកយ៉ាងសកម្ម ក្នុងកិច្ចសហប្រតិបត្តិការអន្តរជាតិលើការអភិរក្សជីវចម្រុះ។ ផ្អែកតាមសៀវភៅសស្តីពីការអភិរក្សជីវចម្រុះ ដែលចេញផ្សាយក្នុងឆ្នាំ២០២១ ប្រទេសចិនបានបង្កើតសម្ព័ន្ធអភិវឌ្ឍបៃតងអន្តរជាតិខ្សែក្រវាត់ និងផ្លូវជាមួយដៃគូអន្តរជាតិមកពី ៤០ ប្រទេស ដើម្បីសម្របសម្រួលកិច្ចសហប្រតិបត្តិការអភិរក្សជីវចម្រុះ អភិបាលកិច្ចការប្រែប្រួលអាកាសធាតុសកល និងបរិវត្តកម្មបៃតង ព្រមទាំងដាក់ចេញកម្មវិធីបេសកជនពិសេសផ្លូវសូត្របៃតង ដើម្បីរួមគ្នាកសាងសមត្ថភាពការពារបរិស្ថានជាមួយបណ្តាប្រទេសកំពុងអភិវឌ្ឍ។
ក្រោមក្របខណ្ឌនៃកិច្ចសហប្រតិបត្តិការត្បូង-ត្បូង ប្រទេសចិនបានគាំទ្រប្រទេសកំពុងអភិវឌ្ឍជាង ៨០ ក្នុងការអភិរក្សជីវចម្រុះ រួមមានការបង្កើតមជ្ឈមណ្ឌលសហប្រតិបត្តិការបរិស្ថានឡានឆាង-មេគង្គ និងមជ្ឈមណ្ឌលសហប្រតិបត្តិ ការបរិស្ថានចិន-អាស៊ាន ហើយបានបង្កើត និងអនុវត្តគំនិតផ្តួចផ្តើមកិច្ចសហប្រតិបត្តិការមួយចំនួនជាមួយប្រទេសសមាជិកអាស៊ានដូចជា (១) ផែនការសហប្រតិបត្តិការចិន-អាស៊ាន ស្តីពីការអភិរក្សជីវៈចម្រុះ និងអេកូឡូស៊ី (២) កម្មវិធីបរិស្ថានស្នូល និង (៣) គំនិតផ្តួចផ្តើមច្រករបៀងអភិរក្សជីវចម្រុះក្នុងមហាអនុតំបន់ទន្លេមេគង្គ។
ថ្លែងក្នុងកិច្ចប្រជុំកំពូលមេដឹកនាំ COP15 តាមវីដេអូ កាលពីថ្ងៃទី១៣ ខែតុលា ឆ្នាំ២០២១ ឯកឧត្តម ស៊ី ជីនពីង បានអំពាវនាវឱ្យមានកិច្ចប្រឹងប្រែងរួមគ្នាដោះស្រាយផលប៉ះពាល់នៃសកម្មភាពឧស្សាហកម្មមកលើបរិស្ថាន បង្កើនកិច្ចសហប្រតិបត្តិការអន្តរជាតិបៃតង និង បានប្រកាសបង្កើតមូលនិធិជីវចម្រុះគុនមិញ ដោយផ្តល់មូលនិធិប្រមាណ ១,៥ ពាន់លានយ័ន ដើម្បីគាំទ្រការអភិរក្សជីវចម្រុះក្នុងប្រទេសកំពុងអភិវឌ្ឍន៍។ ក្នុងនាមជាប្រធានសន្និសីទជីវចម្រុះអង្គការសហប្រជាជាតិ ប្រទេសចិនក៏បានសហការជាមួយតំណាងរដ្ឋាភិបាលជិត ២០០ ដាក់ចេញនូវក្របខណ្ឌជីវចម្រុះសកលគុនមិញ-ម៉ុងរ៉េអាល់ ដើម្បីលើកកម្ពស់ការដោះស្រាយ ការបាត់បង់ជីវចម្រុះ និងការស្ដារប្រព័ន្ធអេកូឡូស៊ីឡើងវិញ។ ក្នុងស្មារតីនៃការអនុវត្តក្របខណ្ឌជីវចម្រុះសកលគុនមិញ-ម៉ុងរ៉េអាល់ កាលពីថ្ងៃទី២២ ខែឧសភា ឆ្នាំ២០២៤ ប្រទេសចិនបានប្រារព្ធទិវាអន្តរជាតិសម្រាប់ជីវចម្រុះក្រោមប្រធានបទ “ក្លាយជាផ្នែកមួយនៃផែនការ” ដើម្បីលើកកម្ពស់ការយល់ដឹងរបស់ប្រជាជនអំពីសារៈសំខាន់នៃការអភិរក្សជីវចម្រុះ។
សរុបមក ប្រទេសចិនបានចូលរួមចំណែកយ៉ាងខ្លាំងក្នុងការអភិរក្សជីវចម្រុះដែលជាទ្រព្យសម្បត្តិមិនអាចកាត់ថ្លៃបានរបស់សកលលោក។ កិច្ចប្រឹងប្រែងរបស់ចិនទាំងថ្នាក់ជាតិ និងអន្តរជាតិ ជាពិសេសសមិទ្ធផលដ៏អស្ចារ្យដែលសម្រេចបាននាពេលកន្លងមក មិនត្រឹមតែបានចាក់បញ្ចូលកម្លាំងជំរុញថ្មី ដល់ការលើកកម្ពស់សន្តិសហវិជ្ជមានរវាងមនុស្សជាតិ និងធម្មជាតិនោះទេ តែថែមទាំងបានបើកឱកាសថ្មីៗសម្រាប់បង្កើនកិច្ចសហប្រតិបត្តិការអន្តរជាតិឱ្យកាន់តែទូលំទូលាយ និងមានប្រសិទ្ធភាពថែមទៀត ដើម្បីចូលរួមកសាងសហគមន៍សកលវាសនារួម ហើយរួមគ្នាឈានទៅមុខឆ្ពោះទៅរកការអភិវឌ្ឍប្រកបដោយចីរភាព។ ដោយ ហ៊ូ ចំរើន