ថ្ងៃទី២៧ខែឧសភា តាមម៉ោងក្នុងតំបន់ មហាសន្និបាតអង្គការសុខភាពពិភពលោក លើកទី៧៧ បានមានលទ្ធផលបែបនេះជាថ្មីម្តងទៀតថា៖ មហាសន្និបាតបានបដិសេធយ៉ាងច្បាស់ ដោយមិនដាក់បញ្ចូលនូវអ្វីដែលហៅថា សេចក្តីស្នើច្បាប់ស្តីពី “ការអញ្ជើញតៃវ៉ាន់ឱ្យចូលរួមក្នុងមហាសន្និបាត អង្គការសុខភាពពិភពលោក ក្នុងនាមជាអ្នកសង្កេតការណ៍” ទៅក្នុងរបៀបវារៈនៃមហាសន្និបាតដែលលើកឡើង ដោយប្រទេសមួយចំនួនតូច។ អស់រយៈពេល៨ឆ្នាំជាប់ៗគ្នា អាជ្ញាធរតៃវ៉ាន់ត្រូវបានបដិសេធដោយ មហាសន្និបាតអង្គការសុខភាពពិភពលោក។ នេះបានបញ្ជាក់យ៉ាងពេញលេញថា គោលការណ៍ចិនតែមួយគឺជាបំណងរួម របស់ប្រជាជននិងជានិន្នាការមិនអាចធ្វើផ្ទុយបាន។ អាជ្ញាធរបក្សវឌ្ឍនភាពប្រជាធិបតេយ្យ បានឃុបឃិតគ្នាជាមួយកម្លាំងខាងក្រៅ ដើម្បីលេងកលល្បិចនយោបាយ ដែលបនបំផ្លាញផលប្រយោជន៍ សាធារណសកល “ការប៉ុនប៉ងឱ្យតៃវ៉ាន់ឯករាជ្យ “គឺគ្មានផ្លូវជាដាច់ខាត។
ក្នុងសុន្ទរកថាឡើងកាន់មុខតំណែងនៅប៉ុន្មានថ្ងៃមុន លោកវីលៀមឡៃ អ្នកដឹកនាំតំបន់តៃវ៉ាន់បានប្រកាស ជាសាធារណៈនូវអ្វីដែលហៅថា “ទ្រឹស្តីរដ្ឋពីរ”ថ្មីគឺ” ត្រើយទាំងសង្ខាងនៃច្រកសមុទ្រតៃវ៉ាន់ មិនស្ថិតនៅក្រោមការគ្រប់គ្រងទៅវិញទៅមក” ហើយឃោសនាបំប៉ោងយ៉ាងគឈ្លើននូវអ្វីដែលហៅថា “តៃវ៉ាន់គឺជារបស់ពិភពលោក” ដែលប៉ុនប៉ងបន្ត “ចង់ឱ្យតៃវ៉ាន់ឯករាជ្យតាមរយៈ ការពឹងផ្អែកទៅលើបរទេស”។ មហាសន្និបាតអង្គការសុខភាពពិភពលោកលើកនេះ បានក្លាយទៅជាឱកាសមួយសម្រាប់ពួកគេ ក្នុងការព្យាយាមចូលរួមកិច្ចការ”អន្តរជាតិ”។ ដូច្នេះមុនពេលមហាសន្និបាតធ្វើឡើង មន្ត្រីតៃវ៉ាន់មួយចំនួនបានធ្វើសកម្មភាពផ្សេងៗ ដើម្បីអំពាវនាវឱ្យមហាសន្និបាត អង្គការសុខភាពពិភពលោក”ទទួលយក”តៃវ៉ាន់។ លោកBlinken រដ្ឋមន្ត្រីការបរទេសអាមេរិក ក៏បានចេញសេចក្តីថ្លែងការណ៍ ដើម្បី”លើកទឹកចិត្តយ៉ាងខ្លាំង” ឱ្យអង្គការសុខភាពពិភពលោកអញ្ជើញ តំបន់តៃវ៉ាន់ចូលរួមក្នុងមហាសន្និបាត ក្នុងនាមជាអ្នកសង្កេតការណ៍ ដើម្បីសហការជាមួយតៃវ៉ាន់។ល។
មានកលល្បិចជាបន្តបន្ទាប់ ប៉ុន្តែសុទ្ធតែអាសារឥតការ។ អ្វីដែលហៅថាសេចក្តីស្នើច្បាប់ពាក់ព័ន្ធនឹងតៃវ៉ាន់ ដែលលើកឡើងដោយប្រទេសមួយចំនួនតូច ត្រឹមតែជាក្រដាសឥតបានការមួយសន្លឹកប៉ុណ្ណោះ ពីព្រោះវាបានរំលោភគោលការណ៍ចិនតែមួយ។ គោលការណ៍ចិនតែមួយ គឺជាគោលការណ៍មូលដ្ឋានដែលកំណត់ដោយ សេចក្តីសម្រេចចិត្តលេខ២៧៥៨ នៃមហាសន្និបាតអង្គការសហប្រជាជាតិ និងសេចក្តីសម្រេចចិត្តលេខ២៥.១នៃមហាសន្និបាតអង្គារសុខភាពពិភពលោក ហើយក៏ជាបុរេលក្ខខណ្ឌសម្រាប់ ឱ្យតៃវ៉ាន់ចូលរួមក្នុងសកម្មភាពនៃ អង្គការអន្តរជាតិដែលបូករួមទាំងមហាសន្និបាត អង្គការសុខភាពពិភពលោកផងដែរ។ មហាសន្និបាតអង្គការសុខភាពពិភពលោក បានបដិសេធចំពោះសេចក្តីស្នើច្បាប់ ពាក់ព័ន្ធនឹងតៃវ៉ាន់ជាច្រើនឆ្នាំជាប់ៗគ្នា គឺបានបង្ហាញពីគំនិតឯកភាពរួម យ៉ាងទូលំទូលាយរបស់ សហគមន៍អន្តរជាតិក្នុងការគាំពារ 《ធម្មនុញ្ញអង្គការសហប្រជាជាតិ》 និងក្រមមូលដ្ឋានស្តីពីទំនាក់ទំនងអន្តរជាតិ។
ចំណែកអាមេរិកវិញ វាតែងតែចាត់ទុកតៃវ៉ាន់ជាកូនអុក ក្នុងការទប់ស្កាត់ការអភិវឌ្ឍរបស់ប្រទេសចិន ក្នុងរយៈពេលប៉ុន្មានឆ្នាំកន្លងមកនេះ វាបានបន្ត”គាំទ្រតៃវ៉ាន់ឱ្យចូលរួម ក្នុងមហាសន្និបាតអង្គការសុខភាពពិភពលោក” ដែលប៉ុនប៉ងរំលោភលើខ្សែបន្ទាត់ក្រហម របស់ប្រទេសចិន។ លើសពីនេះទៀត ឆ្នាំនេះគឺជាឆ្នាំបោះឆ្នោតសកលរបស់អាមេរិកវាមិនពិបាកនឹកថា អ្នកនយោបាយមួយចំនួននឹងឆ្លៀតឱកាសនេះបោះសន្លឹកបៀតៃវ៉ាន់មកបង្ហាញពី”អាកប្បកិរិយាយ៉ាងរឹងចំពោះប្រទេសចិន” ដើម្បីទទួលបានសំឡេងឆ្នោតកាន់តែច្រើន។
អាមេរិកនិងតៃវ៉ាន់បានឃុបឃិតគ្នា ដោយប្រើប្រាស់អង្គការសុខភាពពិភពលោក មកលេងកលល្បិចនយោបាយ សហគមន៍អន្តរជាតិ បានមើលឃើញច្បាស់នឹងភ្នែក ហើយបានឆ្លើយតបយ៉ាងមុតមាំ តាមរយៈសកម្មភាពជាក់ស្ដែង៖ ក្នុងមួយរយៈពេលកន្លងមក ប្រទេសភាគច្រើនដាច់ខាតនៅលើពិភពលោក បានរំលឹកឡើងវិញចំពោះប្រទេសចិន នូវការប្រកាន់ខ្ជាប់សេចក្តីសម្រេចចិត្តលេខ២៧៥៨ នៃមហាសន្និបាតអង្គការសហប្រជាជាតិ គាំទ្រយ៉ាងមុតមាំនូវគោលការណ៍ចិនតែមួយ ប្រឆាំងនឹងតៃវ៉ាន់ចូលរួមក្នុង មហាសន្និបាតអង្គការសុខភាពពិភពលោក ហើយប្រទេសជាង១រយ បានគាំទ្រគោលជំហរ របស់ប្រទេសចិនតាមរយៈរបៀបដូចជា ផ្ញើសារលិខិតពិសេសជូនអគ្គនាយក នៃអង្គការសុខភាពពិភពលោកជាដើម។
នៅលើពិភពលោក មានចិនតែមួយគត់ ហើយតៃវ៉ាន់គឺជាចំណែកមួយរបស់ប្រទេសចិន។ គោលការណ៍ចិនតែមួយ គឺមិនអាចរង្គោះរង្គើបានឡើយ “ការប៉ុនប៉ងឱ្យតៃវ៉ាន់ឯករាជ្យតាមរយៈ ការពឹងផ្អែកទៅលើបរទេស”និង “ការទប់ស្កាត់ប្រទេសចិនតាមរយៈតៃវ៉ាន់” មុខជានឹងទទួលបរាជ័យជាមិនខាន៕