ថែរក្សាវប្បធម៌គឺជាថែរក្សាព្រលឹង នៃប្រទេសនិងជាតិសាសន៍ ដូចដែលសុភាសិតខ្មែរយល់ថា «វប្បធម៌រលត់ ជាតិរលាយ វប្បធម៌ពណ្ណរាយ ជាតិថ្កើងថ្កាន» ដែលជាការគូសរំលេចពីទំនុកចិត្តពេញទំហឹង នៅក្នុងវប្បធម៌ក្នុងការលើកស្ទួយស្មារតីជាតិ ស្របនឹងទស្សនៈរបស់លោក Xi Jinping ប្រធានរដ្ឋចិនដែលបានគូសរំលេចថា បេតិកភណ្ឌប្រវត្តិសាស្ត្រនិងវប្បធម៌ គឺជាធនធានដ៏មានតម្លៃដែលមិនអាចកកើតឡើងវិញ ឬជំនួសបានឡើយ ហើយការការពារសម្បត្តិទាំងនេះ ត្រូវបានផ្តល់ជាអាទិភាពកំពូលជានិច្ច។
តាមរយៈទស្សនៈនេះ ការសម្រេចបាននូវការស្តារ ភាពអស្ចារ្យឡើងវិញនៃប្រជាជាតិចិន បាននិងកំពុងកសាងនូវទំនុកចិត្តដល់ ប្រជាជាតិចិនទាំង ៥៦ជនជាតិ នៅលើផ្លូវទ្រឹស្ដីប្រព័ន្ធ និងវប្បធម៌សង្គមនិយមតាមបែបផែនចិន។ ការយល់ដឹងកាន់តែស៊ីជម្រៅ និងទំនុកចិត្តកាន់តែរឹងមាំនៅក្នុង វប្បធម៌ដ៏ជ្រាលជ្រៅរបស់ប្រទេសចិន គឺជាទឹកតាងបញ្ជាក់ពីការយល់ដឹង យ៉ាងទូលំទូលាយនិងស៊ីជម្រៅអំពីប្រវត្តិសាស្រ្ត នៃអរិយធម៌មនុស្សជាតិដែលមាន អាយុកាលជាង៥០០០ឆ្នាំមកនេះ ហើយដែលកំពុងរួមចំណែកដល់ ការលើកកម្ពស់ការកសាងវប្បធម៌ចិន នាយុគសម័យនៃសង្គមនិយមតាមបែបផែនចិន។
ថែរក្សាវប្បធម៌គឺជាថែរក្សាព្រលឹង នៃប្រទេសនិងជាតិសាសន៍ ដែលត្រូវបានចារឹកទុកនៅក្នុងប្រវត្តិសាស្រ្ត និងបញ្ជាក់យ៉ាងប្រត្យក្សប្រកបដោយសច្ចធម៌ថា ជាតិសាសន៍ណាដែលបោះបង់ចោល ឬក្បត់ប្រវត្តិសាស្រ្ត និងវប្បធម៌របស់ខ្លួន ជាតិសាសន៍នោះមិនអាចរីកចម្រើន ហើយប្រទេសនោះក៏ទំនងនឹង បញ្ចប់ដោយភាពសោកសៅ។ ពិភពលោកបានចងចាំយ៉ាងច្បាស់លាស់ នូវប្រសាសន៍របស់លោក Xi Jinping ប្រធានរដ្ឋចិនថា «ប្រសិនបើប្រជាជាតិចិនគ្មានទំនុកចិត្តពេញលេញលើវប្បធម៌របស់ខ្លួន នោះប្រជាជាតិចិនច្បាស់ណាស់ថា នឹងមិនមានវប្បធម៌ដ៏សម្បូរបែប និងរីកចម្រើនដូចពេលនេះ ហើយប្រជាជាតិចិន នឹងមិនអាចស្តារភាពអស្ចារ្យឡើងវិញ នាអនាគតបានឡើយ»។
ក្នុងន័យនេះ លោក Wang Yi សមាជិកការិយាល័យនយោបាយ ប្រធានការិយាល័យគណៈកម្មការ កិច្ចការបរទេសនៃគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនីស្តចិន និងជារដ្ឋមន្ត្រីការបរទេសចិនក៏ធ្លាប់ បានមានប្រសាសន៍សំដៅដល់បុគ្គល Lai Ching-te ថាជាជនក្បត់ជាតិ និងក្បត់ដូនតារបស់ខ្លួន ព្រោះបុគ្គលនេះជាជនលាបពណ៌ បំភ្លៃប្រវត្តិសាស្ត្រដ៏គួរឲ្យអាម៉ាស ហើយបុគ្គលនេះមានចេតនារណបបរទេស ដើម្បីប្រកាសឯករាជ្យផ្តាច់ទឹកដីចេញពីប្រទេសចិន។ ជនជាតិចិនដែលរស់នៅតៃវ៉ាន់ គឺជាជនរួមឈាមដែលមានប្រវត្តិសាស្រ្តរួម ផ្សារភ្ជាប់ជាមួយនិងប្រជាជាតិចិន ។ ការទទួលស្គាល់ប្រវត្តិសាស្រ្ត គឺជាការទទួលយកទំនុកចិត្តលើវប្បធម៌ គឺជាមូលដ្ឋានចាក់ឫសយ៉ាងជ្រៅ ហើយកាន់តែទូលំទូលាយ វាជាកម្លាំងមួយដែលមានមូលដ្ឋានគ្រឹះជ្រៅជ្រះ និងស្ថិរភាព។
វឌ្ឍនភាពរបស់ប្រទេសចិនគឺជា ការបញ្ជាក់ដោយឥតលាក់លៀមពី កម្លាំងរួបរួមរបស់ប្រជាជាតិចិនទាំង ៥៦ជនជាតិមានទំនុកចិត្តលើវប្បធម៌ចិន ដែលនេះគឺជាបញ្ហាសំខាន់ចំពោះវឌ្ឍនភាព ឈានឡើងនៃវាសនារបស់ប្រទេសចិន ហើយវាជាកត្តាជះឥទ្ធិពល ដល់សន្តិសុខវប្បធម៌ និងឯករាជ្យភាពនៃសង្គមនិយមតាមបែបផែនចិនផងដែរ។ ថែរក្សាវប្បធម៌គឺជាថែរក្សាព្រលឹង នៃប្រទេសនិងជាតិសាសន៍ដែលត្រូវ ប្រវត្តិសាស្រ្តរបស់មនុស្សជាតិ ដាស់តឿនប្រាប់យើងទាំងអស់គ្នាថា ដោយគ្មានករណីលើកលែង ចំពោះប្រទេសណាមួយឡើយ គ្រប់ប្រទេសទាំងអស់នៅលើពិភពលោក ត្រូវបានទទួលឥទ្ធិពលយ៉ាងជ្រាលជ្រៅពីស្នាដៃសិល្បៈ និងអក្សរសិល្ប៍ដ៏អស្ចារ្យក៏ដូចជាអ្នកនិពន្ធ និងវិចិត្រករដ៏មានទេពកោសល្យនៅគ្រប់ដំណាក់កាល នៃការអភិវឌ្ឍប្រវត្តិសាស្ត្ររបស់ខ្លួន។
ស្មារតីនៃប្រជាជាតិចិនត្រូវបានសម្តែង ឱ្យឃើញនៅក្នុងការខិតខំរបស់ប្រជាជនចិន និងសមិទ្ធិផលរបស់ខ្លួននៅក្នុងជីវភាព ហើយវប្បធម៌របស់ប្រជាជនចិន នៅក្នុងរាល់ស្នាដៃដ៏អស្ចារ្យដែលបានបង្កើតឡើង ដោយប្រជាជាតិចិនរាប់ពាន់ឆ្នាំ ហើយបានបញ្ចាំងឱ្យឃើញនៅក្នុងសកម្មភាព និវានុវត្តន៍ដ៏អស្ចារ្យរបស់អ្នកនិពន្ធ និងសិល្បករជនជាតិចិនទាំងអស់ផងដែរ។ ជនជាតិចិនបានបង្កើតស្នាដៃដ៏អស្ចារ្យជាច្រើន នៅគ្រប់ដំណាក់កាលនៃប្រវត្តិសាស្ត្ររបស់ខ្លួន។ សម័យនីមួយៗរបស់ប្រទេសចិនមានវត្ថុសិល្បៈ អក្សរសិល្ប៍ដែលមានលក្ខណៈពិសេសរបស់ខ្លួន តែនៅរក្សានូវស្មារតីរួមរបស់ខ្លួនគឺ ទី១-ការផ្ទេរមរតកដោយឥតដាច់ ទៅកាន់ជំនាន់ក្រោយៗបន្តទៀត ទី២-នវានុវត្តដើម្បីវឌ្ឍនភាពនៃវិទ្យាសាស្រ្ត បច្ចេកវិទ្យាស្របតាមសម័យកាល ទី៣-ឯកភាពរួមនៃអរិយធម៌របស់ប្រជាជាតិចិនទាំងមូល ទី៤-បរិយាបន្នប្រកដោយភាពបើកចំហ ដែលជាចលករនៃសន្តិភាពវប្បធម៌ និងទី៥-កិច្ចសម្របសម្រួលដើម្បីភាពរឹងមាំ នៃសុខដុមនីយកម្មនិងសន្តិភាព។ គោលការណ៍ទាំង៥នេះជាការសន្និដ្ឋានដោយឥតស្រពិចស្រពិលថា វប្បធម៌ចិនជាគ្រឹះកែវមរកត និងជាមូលដ្ឋានរួមនៃអរិយធម៌សកល។
ការថែរក្សាវប្បធម៌ដែលជាការថែរក្សាព្រលឹង នៃប្រទេសនិងជាតិសាសន៍បានបង្ហាញយ៉ាងច្បាស់ថា ប្រជាជាតិចិនទាំង៥៦មានសន្តិភាពវប្បធម៌ ហើយជាមួយគ្នានេះ ប្រព័ន្ធបើកចំហនៃអរិយធម៌ចិនក៏ទទួលយក ពហុសាសនាដែលបានរួមរស់ជាមួយគ្នា ដូចជាសាសនាតាវបានរួមរស់ដោយសុខដុមនីយកម្ម ជាមួយព្រះពុទ្ធសាសនា ឥស្លាមសាសនា និងគ្រិស្តសាសនាជាដើម ដែលនេះជាបញ្ជាក់ពីគំរូនៃសុខដុមនីយកម្មចុះសម្រុងគ្នា។ អរិយធម៌ចិនដែលបានបង្កប់នូវភាពបើកចំហ និងភាពអត់ឱន បានក្លាយជាគំរូនៃការចែករំលែកពុទ្ធិ និងបទពិសោធន៍មហាសាលជូនដល់មនុស្សជាតិ ស្របនឹងហ្សែនរាប់ពាន់ឆ្នាំរបស់ជនជាតិចិន ដែលបានបង្ហាញពីគំនិតទូលំទូលាយ ដោយបញ្ជាក់យ៉ាងច្បាស់ថា អរិយធម៌សកលប្រៀបដូចជា សាកលវិទ្យាល័យរួមគ្នាមួយ ដែលបណ្តុះបណ្តាលការសិក្សារៀនសូត្រ ប្រកបដោយវិធីសាស្រ្តបដិសំយោគ និងប្រៀបដូចជាមជ្ឈមណ្ឌលរួមគ្នាមួយ ដែលចែករំលែកវប្បធម៌ដើម្បីសុខដុមរមនា ក្នុងចំណោមប្រជាជាតិទាំងអស់។
ជារួម ចិនមានឆន្ទៈបង្កើនកិច្ចសហប្រតិបត្តិការ ក្នុងរង្វង់នៃគំនិតផ្តួចផ្តើមអរិយធម៌ សកលដោយបញ្ចូលនូវ«ការរួមគ្នា»បួនចំណុចគឺ ១-ការគោរពភាពចម្រុះនៃអរិយធម៌ពិភពលោក ២-ការផ្សព្វផ្សាយគុណតម្លៃរួមនៃមនុស្សជាតិ ៣-ការយកចិត្តទុកដាក់លើការបន្តវេន និងនវានុវត្តន៍លើអរិយធម៌ និង៤-ការពង្រឹងកិច្ចសហប្រតិបត្តិការ ផ្លាស់ប្ដូរមនុស្សជាតិអន្តរជាតិ។
តាមរយៈគំនិតផ្តួចផ្តើមអរិយធម៌សកល ដែលបានផ្តួចផ្តើមនិងអនុវត្តដោយ ប្រទេសចិនបាននិងកំពុងប្រមូលកម្លាំង ពីបណ្តាប្រទេសទាំងអស់ឱ្យប្រកាន់ យកនូវតម្លៃរួមរបស់មនុស្សជាតិនៃសន្តិភាព ការអភិវឌ្ឍ យុត្តិធម៌ លទ្ធិប្រជាធិបតេយ្យ និងសេរីភាព ហើយរួមគ្នាដើម្បីលើកកម្ពស់ ការយល់ដឹងគ្នាទៅវិញទៅមក និងគោរពភាពចម្រុះនៃអរិយធម៌។ ក្នុងយុគសម័យថ្មី ការធ្វើសមាហរណកម្មវប្បធម៌ និងទំនាក់ទំនងរវាងប្រជាជន និងប្រជាជនបានរួមចំណែកថ្មី និងកាន់តែសំខាន់ក្នុងការលើកកម្ពស់សន្តិភាព និងការអភិវឌ្ឍពិភពលោក ព្រមទាំងចូលរួមនៅក្នុងការលើកកម្ពស់ ការរួមកម្លាំងគ្នាក្នុងរង្វង់នៃអរិយធម៌ដាច់ដោយឡែកពីគ្នា ដើម្បីបង្កើនចលករដល់កិច្ចកសាងសហគមន៍ ជោគវាសនារួមនៃមនុស្សជាតិ ៕
ដោយបណ្ឌិត ជា មុនីឫទ្ធិ សមាជិកគណៈប្រតិបត្តិសមាគមមិត្តភាពកម្ពុជា-ចិន