ព័ត៌មានអន្តរជាតិ

រដ្ឋមន្ត្រីការបរទេសរុស្ស៊ី ព្រមានពីការគំរាមកំហែង នុយក្លេអ៊ែរដែលបង្កឡើងដោយយន្តហោះ F-16 របស់លោកខាងលិច

Sputnik

បរទេស៖ រដ្ឋមន្ត្រីការបរទេសរុស្ស៊ី លោក Sergey Lavrov បាននិយាយថា ទីក្រុងមូស្គូនឹងយល់ឃើញថា ការប្រគល់យន្តហោះចម្បាំង F-16 ដែលរចនាដោយសហរដ្ឋអាមេរិក ទៅកាន់ប្រទេសអ៊ុយក្រែន ជាសញ្ញា “ចេតនា” ពីអង្គការណាតូ ក្នុងវិស័យនុយក្លេអ៊ែរ ដោយបង្ហាញថា ប្លុកយោធាគឺ “ត្រៀមខ្លួនជាស្រេចសម្រាប់អ្វីទាំងអស់” ។

យោងតាមសារព័ត៌មាន RT ចេញផ្សាយនៅថ្ងៃទី៣០ ខែឧសភា ឆ្នាំ២០២៤ បានឱ្យដឹងថា យោងតាមលោក Lavrov, យន្តហោះចម្បាំង F-16 ត្រូវបានប្រើប្រាស់ជាយូរមកហើយ ជាផ្នែកនៃបេសកកម្មនុយក្លេអ៊ែររួមរបស់ណាតូ។ រុស្ស៊ីបានព្រមានម្តងហើយម្តងទៀតថា នឹងចាត់ទុកយន្តហោះដែលបញ្ជូន ទៅកាន់អ៊ុយក្រែនជាការគំរាមកំហែងនុយក្លេអ៊ែរ ដោយសារសមត្ថភាពផ្ទុកអាវុធបរមាណូ។

យន្តហោះចម្បាំងជំនាន់ទី៤ បានឈានមុខគេក្នុងការទាមទារ របស់ទីក្រុងគៀវសម្រាប់ជំនួយយោធា ពីលោកខាងលិចក្នុងកិច្ចខិតខំប្រឹងប្រែង ដើម្បីប្រជែងនឹងអត្ថប្រយោជន៍ ថាមពលអាកាសរបស់រុស្ស៊ី។

នៅក្នុងបទសម្ភាសន៍ជាមួយសារព័ត៌មាន Rossiya Segodna ដែលបានចេញផ្សាយកាលពីថ្ងៃព្រហស្បតិ៍ លោក Lavrov បាននិយាយថា អង្គការណាតូកំពុងព្យាយាមផ្តល់សញ្ញាថា វាត្រៀមខ្លួនជាស្រេចសម្រាប់ អ្វីទាំងអស់នៅក្នុងអ៊ុយក្រែន។

ប្រទេស បែលហ្ស៊ិក ដាណឺម៉ាក ហូឡង់ និងន័រវែស បានសន្យាថានឹងផ្គត់ផ្គង់អ៊ុយក្រែនជាមួយយន្តហោះចម្បាំង F-16 ដែលផលិតដោយសហរដ្ឋអាមេរិក ទោះបីជាមិនទាន់មានការដឹកជញ្ជូន មកទល់ពេលនេះក៏ដោយ។ ទោះយ៉ាងណាក៏ដោយ នៅដើមខែឧសភា នាយករដ្ឋមន្ត្រីដាណឺម៉ាក លោក Mette Frederiksen បានប្រកាសថា យន្តហោះដំបូងនឹងមកដល់អ៊ុយក្រែន “ក្នុងខែខាងមុខនេះ”៕

ប្រែសម្រួលៈ ណៃ តុលា

To Top