បរទេស ៖ យោងតាមការចេញផ្សាយរបស់ RT សមាជិកគណៈរដ្ឋមន្ត្រីសង្គ្រាម របស់នាយករដ្ឋមន្ត្រី អ៊ីស្រាអែល Benjamin Netanyahu បានដាក់សំណើសុំឲ្យមានការបោះឆ្នោត មុនកាលកំណត់។ គណបក្សរបស់លោក Netanyahu បានពណ៌នាសេចក្តីព្រាងច្បាប់នេះថា ជាការបំបិទមាត់ចំពោះក្រុមហាម៉ាស ។
សេចក្តីព្រាងច្បាប់នេះត្រូវបានដាក់ ជូនកាលពីថ្ងៃព្រហស្បតិ៍ ដោយគណបក្សរួបរួមជាតិ របស់អ៊ីស្រាអែល ដែលជាប្លុកមួយមានសមាសភាព ពីគណបក្សដឹកនាំដោយលោក Benny Gantz និងសមាជិកសភា ឯករាជ្យមួយចំនួន ។ គណបក្សបាននិយាយថាលោក Gantz បានទទូចឱ្យរៀបចំការបោះឆ្នោតមួយ ឲ្យបានមុនខួបមួយឆ្នាំ នៃការវាយលុករបស់ពួកហាម៉ាស លើអ៊ីស្រាអែលនៅខែតុលានេះ។
គណបក្ស Likud របស់លោក Netanyahu បានកាន់អំណាចតាំងពីឆ្នាំ២០២២ ដែលគាំទ្រដោយបក្សស្តាំនិយមជ្រុល និងជ្រុលនិយមចំនួនប្រាំមួយ ដែលបានគម្រាមម្តងហើយម្តងទៀតថា នឹងទាញការគាំទ្ររបស់ពួកគេ ប្រសិនបើលោក Netanyahu ផ្តល់សម្បទានណាមួយដល់ប៉ាឡេស្ទីន ដូចជាការអនុញ្ញាតឱ្យផ្តល់ជំនួយមនុស្សធម៌ ទៅកាន់តំបន់ហ្គាហ្សា ។
ទោះយ៉ាងណាក៏ដោយ សម្ព័ន្ធភាព របស់លោក Netanyahu មិនទទួលបានសំឡេងភាគច្រើន មានស្ថេរភាពនៅមុនសង្រ្គាមនោះទេ ហើយក្រុមសេរីនិយមអ៊ីស្រាអែល បានធ្វើការតវ៉ាជាច្រើនសប្តាហ៍ប្រឆាំង នឹងកំណែទម្រង់ប្រព័ន្ធតុលាការដ៏ចម្រូងចម្រាសរបស់គាត់ និងការជាប់ពាក់ព័ន្ធក្នុងរឿងអាស្រូវ ពុករលួយជាច្រើនផងដែរ៕
ប្រែសម្រួល៖ស៊ុនលី