បរទេស ៖ សារព័ត៌មាន CBS News បានរាយការណ៍ នៅថ្ងៃព្រហស្បតិ៍ ដោយដកស្រង់ប្រភព និងឯកសារអនាមិកពីក្រសួង សន្តិសុខមាតុភូមិរបស់សហរដ្ឋអាមេរិកថា ជនចំណាកស្រុកមួយចំនួន ដែលដាក់ពាក្យសុំសិទ្ធិជ្រកកោន នៅទីស្នាក់ការអាមេរិកនៅអាមេរិកឡាទីន អាចត្រូវបានបញ្ជូនទៅប្រទេសអ៊ីតាលី ឬក្រិកជំនួសវិញ ។
យោងតាមសារព័ត៌មាន RT ចេញផ្សាយនៅថ្ងៃទី៣០ ខែឧសភា ឆ្នាំ២០២៤ បានឱ្យដឹងថា ទីក្រុងវ៉ាស៊ីនតោនបានបង្កើត ‘ការិយាល័យចល័តសុវត្ថិភាព’ (SMO) នៅក្នុងប្រទេសកូឡុំប៊ី កូស្តារីកា អេក្វាឌ័រ និង ហ្គាតេម៉ាឡា កាលពីឆ្នាំមុន ជាមួយនឹងគំនិត ដើម្បីកាត់បន្ថយការឆ្លងកាត់ព្រំដែន ខុសច្បាប់ដោយអនុញ្ញាតឱ្យមនុស្សដាក់ពាក្យធ្វើអន្តោប្រវេសន៍ស្របច្បាប់។ ការរៀបចំត្រូវបានធ្វើឡើងរួចហើយជាមួយប្រទេសអេស្ប៉ាញ និងកាណាដា ដើម្បីទទួលយកជនចំណាកស្រុកទាំងនេះមួយចំនួន ។
ប្រភពមួយបានប្រាប់ CBS ថា ប្រទេសក្រិក និងអ៊ីតាលីទំនងជានឹងទទួលយកជនចំណាកស្រុក “ប្រហែល ៥០០ នាក់ ឬតិចជាងនេះ” ម្នាក់ៗនៅក្រោមការរៀបចំថ្មី ដែលមិនទាន់ត្រូវបានប្រកាសជាផ្លូវការ។
អ្នកនាំពាក្យក្រសួងការបរទេសអាមេរិក បានប្រាប់សារព័ត៌មានថា “យើងកំពុងពិភាក្សាការទូតជាមួយប្រទេសផ្សេងទៀតអំពីការចូលរួមក្នុងគំនិតផ្តួចផ្តើមនេះ ដើម្បីពង្រីកផ្លូវស្របច្បាប់សម្រាប់ការតាំងទីលំនៅថ្មី ប៉ុន្តែមិនមានព័ត៌មានបន្ថែមដើម្បីចែករំលែកនៅពេលនេះទេ”។
ប្រទេសទាំងពីរ ក៏ដូចជាប្រទេសអេស្បាញ បាននិងកំពុងដោះស្រាយជាមួយជនចំណាកស្រុករាប់ពាន់នាក់ ដែលឆ្លងកាត់សមុទ្រមេឌីទែរ៉ាណេពីទ្វីបអាហ្រ្វិក និងមជ្ឈិមបូព៌ា ដោយស្វែងរកសិទ្ធិជ្រកកោន និងសេវាសង្គមដែលផ្តល់ដោយសហភាពអឺរ៉ុប ៕
ប្រែសម្រួលៈ ណៃ តុលា