គៀវ៖ លោក Volodymyr Zelensky ប្រធានាធិបតីអ៊ុយក្រែន បានថ្លែងឲ្យដឹងកាលពីថ្ងៃព្រហស្បតិ៍ថា កិច្ចព្រមព្រៀងសន្តិសុខដែលមានស្រាប់ របស់អ៊ុយក្រែនជាមួយដៃគូបរទេសរំពឹងថា នឹងផ្តល់ជំនួយជាង ២៣ពាន់លានដុល្លារអាមេរិកដល់ក្រុងគៀវ ។
លោក Zelensky បានថ្លែងនៅក្នុងការបង្ហោះសារមួយ នៅលើបណ្តាញសង្គមTelegram ថា “កិច្ចព្រមព្រៀងសន្តិសុខថ្មីសម្រាប់អ៊ុយក្រែន ផ្តល់ភាពរឹងមាំ និងឱកាសបន្ថែមទៀតសម្រាប់ការ ការពារដល់ពលរដ្ឋរបស់យើង” ។
លោកបានលើកឡើងថា កិច្ចព្រមព្រៀងសន្តិសុខបានចែងថា ផ្តល់ជំនួយយោធា និងហិរញ្ញវត្ថុដល់អ៊ុយក្រែន ។
គិតមកទល់នឹងពេលនេះ ប្រទេសអ៊ុយក្រែន បានចុះហត្ថលេខាលើកិច្ចព្រមព្រៀងសន្តិសុខ ដែលបញ្ជាក់ពីការគាំទ្ររយៈពេលវែង ជាមួយប្រទេសចំនួន១២ ហើយក្នុងចំណោមប្រទេសចំនួន៣ ដែលមានប្រទេសអេស្ប៉ាញ ប៊ែលហ្ស៊ិក និងព័រទុយហ្គាល់ ត្រូវបានចុះហត្ថលេខានៅក្នុងសប្តាហ៍នេះ ៕
ប្រែសម្រួលដោយ៖ ម៉ៅ បុប្ផាមករា