ព័ត៌មានអន្តរជាតិ

ចិនបដិសេធ ចូលរួមសន្និសីទ សន្តិភាពអ៊ុយក្រែន ដែលនឹងធ្វើឡើង នៅក្នុងប្រទេសស្វីស

RT News

បរទេស ៖ ទីក្រុងប៉េកាំងនឹងមិនចូលរួមសន្និសីទសន្តិភាពអ៊ុយក្រែន ដែលនឹងត្រូវធ្វើជាម្ចាស់ផ្ទះ ដោយប្រទេសស្វីស នៅពាក់កណ្តាលខែមិថុនានោះទេ , នេះបើតាមសារព័ត៌មាន Reuters បានរាយការណ៍ដោយដកស្រង់ប្រភពអនាមិក ដែលជិតស្និទ្ធនឹងបញ្ហានេះ ។ តាមសេចក្តីរាយការណ៍ ប្រទេសចិន បានបដិសេធការអញ្ជើញនេះ ដោយសារតែលក្ខខណ្ឌសម្រាប់ខ្លួន ដើម្បីចូលរួម រួមទាំងការចូលរួមរបស់ទាំងរុស្ស៊ី និងអ៊ុយក្រែន មិនត្រូវបានបំពេញ ។

យោងតាមសារព័ត៌មាន RT ចេញផ្សាយនៅថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០២៤ បានឱ្យដឹងថា សន្និសីទនេះគ្រោងធ្វើនៅថ្ងៃទី ១៥-១៦ ខែមិថុនា នៅរមណីយដ្ឋាន Burgenstock ក្បែរក្រុង Lucerne ប្រទេសស្វីស។ ប្រទេសជាង ១៦០ ត្រូវបានអញ្ជើញ រួមទាំងសមាជិកនៃក្រុមប្រទេស G7, G20, BRICS និង EU ជាមួយនឹង អធិការបតីអាល្លឺម៉ង់ លោក Olaf Scholz និងនាយករដ្ឋមន្ត្រីកាណាដា Justin Trudeau ក្នុងចំណោមមេដឹកនាំ ដែលបញ្ជាក់ពីការចូលរួមរបស់ពួកគេ។

ទីក្រុងមូស្គូមិនត្រូវបានអញ្ជើញ ឱ្យចូលរួមនោះទេ បើទោះបីជារុស្ស៊ីបាននិយាយថា ខ្លួននឹងមិនចូលរួមក៏ដោយ ដោយលើកហេតុផលថា កិច្ចប្រជុំកំពូលនឹងវិលជុំវិញ អ្វីដែលហៅថា “រូបមន្តសន្តិភាព” របស់មេដឹកនាំអ៊ុយក្រែន លោក Vladimir Zelensky ។ គំនិតផ្តួចផ្តើមដប់ចំណុច អំពាវនាវឱ្យទីក្រុងម៉ូស្គូដកខ្លួនចេញពីទឹកដីទាំងអស់ ដែលគៀវអះអាងថា ជារបស់ខ្លួន និងឱ្យសាលាក្តីមួយត្រូវ បានបង្កើតឡើងដើម្បីកាត់ទោស មន្ត្រីរុស្ស៊ីពីបទឧក្រិដ្ឋកម្មសង្គ្រាម ។ ទីក្រុងម៉ូស្គូបានច្រានចោលគំនិតផ្តួចផ្តើមនេះដោយហៅវាថា “ផ្តាច់ចេញពីការពិត” ។

កាលពីថ្ងៃព្រហស្បតិ៍ អ្នកនាំពាក្យ ក្រសួងការបរទេសចិន លោកស្រី Mao Ning បាននិយាយថា ទីក្រុងប៉េកាំងលើកទឹកចិត្ត ដល់កិច្ចខិតខំប្រឹងប្រែង ទាំងអស់ ដែលនាំទៅដល់ការដោះស្រាយ ជម្លោះអ៊ុយក្រែនដោយសន្តិវិធី ។ លោកស្រីបាននិយាយថា ប្រទេសចិននឹងគាំទ្រដល់សន្និសីទ សន្តិភាពអន្តរជាតិដែលធ្វើឡើង នៅពេលវេលាសមស្របមួយ ដែលត្រូវបានទទួលស្គាល់ដោយរុស្ស៊ី និងអ៊ុយក្រែន ដោយមានការចូលរួមស្មើគ្នាពីគ្រប់ភាគី ព្រមទាំងការពិភាក្សា ដោយយុត្តិធម៌នៃផែនការសន្តិភាព ទាំងអស់”។ អ្នកនាំពាក្យរូបនេះបានបន្ថែមថា ក្រុងប៉េកាំងបានត្រៀម ខ្លួនជាស្រេច ដើម្បីរក្សាការពិភាក្សា ជាមួយសហគមន៍អន្តរជាតិ លើការជំរុញឱ្យមានដំណោះ ស្រាយការទូតចំពោះវិបត្តិនេះ៕
ប្រែសម្រួលៈ ណៃ តុលា

To Top