យូអិន៖ អគ្គលេខាធិការអង្គការសន្ធិសញ្ញាអាត្លង់ទិកខាងជើង (ណាតូ) លោក Jens Stoltenberg បានឲ្យដឹងថា លោកបានស្នើសុំការប្តេជ្ញាចិត្តផ្នែកហិរញ្ញវត្ថុរយៈពេលច្រើនឆ្នាំ សម្រាប់អ៊ុយក្រែន និងបានជំរុញឱ្យសម្ព័ន្ធមិត្តណាតូ ចែករំលែកបន្ទុកដោយសមធម៌។
ថ្លែងនៅក្នុងសន្និសីទសារព័ត៌មានមួយបន្ទាប់ពីកិច្ចប្រជុំក្រៅផ្លូវការរបស់រដ្ឋមន្ត្រីការបរទេសណាតូ លោក Stoltenberg បានឲ្យដឹងថា សម្ព័ន្ធមិត្តបានព្រមព្រៀងគ្នាថា ការរក្សាការគាំទ្រសម្រាប់អ៊ុយក្រែនគួរតែនៅតែជាអាទិភាពកំពូល។
លោកបានលើកឡើងថា ប្រទេសណាតូ បានផ្តល់ជំនួយផ្នែកយោធាជិត ៤០ពាន់លានអឺរ៉ូ (៤៣,៤៨ ពាន់លានដុល្លារ) ជារៀងរាល់ឆ្នាំដល់អ៊ុយក្រែនចាប់តាំងពីឆ្នាំ២០២២ ដោយសង្កត់ធ្ងន់ថាកម្រិតនៃការគាំទ្រនេះត្រូវតែរក្សាជារៀងរាល់ឆ្នាំឱ្យបានយូរតាមដែលចាំបាច់។ លោកក៏បានអំពាវនាវដល់សម្ព័ន្ធមិត្តឱ្យចែករំលែកបន្ទុកដោយសមធម៌ដើម្បីពង្រឹងគណនេយ្យភាព។
បច្ចុប្បន្នសម្ព័ន្ធមិត្តកំពុងពិភាក្សាអំពីក្របខណ្ឌ និងច្បាប់នៃការប្តេជ្ញាចិត្តរួម។ លោក Stoltenberg បានឲ្យដឹងទៀតថា មានវិធីសាស្រ្តផ្សេងទៀតដែលអាចរកបានដោយលើកឡើងពីគំរូដែលមានស្រាប់ដែលការរួមចំណែកការពារ គឺផ្អែកលើផលិតផលក្នុងស្រុកសរុបរបស់សមាជិកនីមួយៗ។
រដ្ឋមន្ត្រីក៏បានពិភាក្សាអំពីផ្លូវរបស់អ៊ុយក្រែនក្នុងការចូលជាសមាជិកណាតូ។ លោកបានបញ្ជាក់ថា “សម្ព័ន្ធមិត្តយល់ស្របថា អនាគតរបស់អ៊ុយក្រែនគឺស្ថិតនៅក្នុងអង្គការណាតូ ហើយយើងប្តេជ្ញាថានឹងធ្វើឱ្យមានវឌ្ឍនភាពក្នុងការកំណត់ផ្លូវនេះ”។
រដ្ឋមន្ត្រីការបរទេសណាតូ បានប្រមូលផ្តុំគ្នា នៅទីក្រុងប្រាក សម្រាប់កិច្ចប្រជុំរយៈពេលពីរថ្ងៃ ដើម្បីពិភាក្សាអំពីការគាំទ្រ សម្រាប់អ៊ុយក្រែន និង ការត្រៀមរៀបចំ សម្រាប់កិច្ចប្រជុំកំពូល របស់អង្គការណាតូ ខែកក្កដានៅទីក្រុងវ៉ាស៊ីនតោនឌីស៊ី លោល Stoltenberg បានបន្ដថា លោករំពឹងថា នឹងមានការ សម្រេចចិត្តថ្មី ស្តីពីជំនួយដល់អ៊ុយក្រែននៅ ឯកិច្ចប្រជុំកំពូលខែកក្កដាខាងមុខ៕
ប្រែសម្រួល ឈូក បូរ៉ា