ព័ត៌មានអន្តរជាតិ

រដ្ឋមន្រ្តីការពារជាតិចិនថា ទស្សនវិស័យនៃការបង្រួបបង្រួម ដោយសន្តិវិធីជាមួយកោះតៃវ៉ាន់ បានរលាយបាត់

RT News

បរទេស៖ រដ្ឋមន្ត្រីការពារជាតិចិនលោក Dong Jun បានអះអាងថា កិច្ចខិតខំប្រឹងប្រែងរបស់ប្រទេសចិនឆ្ពោះទៅរក “ការបង្រួបបង្រួមដោយសន្តិភាព” ជាមួយកោះតៃវ៉ាន់ត្រូវបានបំផ្លាញជាប់លាប់ដោយ “ក្រុមផ្តាច់ខ្លួន និងកងកម្លាំងខាងក្រៅ”។ រដ្ឋមន្ត្រីការពារជាតិចិនរូបនេះ ក៏បានព្រមានផងដែរថា នរណាម្នាក់ដែលប៉ុនប៉ងបំបែកតៃវ៉ាន់ ចេញពីប្រទេសចិន នឹងប្រឈមមុខនឹង “ការបំផ្លិចបំផ្លាញខ្លួនឯង”។

យោងតាមសារព័ត៌មាន RT ចេញផ្សាយនៅថ្ងៃទី២ ខែមិថុនា ឆ្នាំ២០២៤ បានឱ្យដឹងថា ថ្លែងនៅក្នុងសន្និសីទ Shangri-La Dialogue នៅប្រទេសសិង្ហបុរីកាលពីថ្ងៃអាទិត្យ លោក Dong Jun បានសង្កត់ធ្ងន់ថា “បញ្ហាកោះតៃវ៉ាន់គឺជាផលប្រយោជន៍ ស្នូលរបស់ប្រទេសចិន” ដែលស្របតាមគោលការណ៍ចិនតែមួយ និងត្រូវបានការពារដោយយោធាចិន។

លោកបានរិះគន់គណបក្សវឌ្ឍនភាព ប្រជាធិបតេយ្យតៃវ៉ាន់ (DPP) សម្រាប់ “ការបន្តការបំបែកខ្លួនជាបណ្តើរៗ ដោយលុបបំបាត់អត្តសញ្ញាណចិនរបស់កោះតៃវ៉ាន់ និងផ្តាច់ទំនាក់ទំនងសង្គម ប្រវត្តិសាស្ត្រ និងវប្បធម៌នៅទូទាំងច្រកសមុទ្រតៃវ៉ាន់”។ លោក Jun បានបន្តចោទទៅលើ “អ្នកបំបែកខ្លួន” ពីការក្បត់ “ប្រជាជាតិចិននិងបុព្វបុរសរបស់ពួកគេ” ។

ប្រមុខការពារជាតិចិន បានសង្កត់ធ្ងន់ មុននឹងថ្កោលទោស “កងកម្លាំងជ្រៀតជ្រែកពីខាងក្រៅ” ដោយមិនបញ្ចេញឈ្មោះដោយផ្ទាល់ថា “ពួកគេនឹងត្រូវជាប់គាំងនៅក្នុងសសរស្តម្ភ នៃភាពអាម៉ាស់ក្នុងប្រវត្តិសាស្ត្រ” ដោយលក់អាវុធឱ្យកោះតៃប៉ិ និងព្យាយាម ប្រើកោះតៃវ៉ាន់ដើម្បី “ទប់ទល់ជាមួយនឹងប្រទេសចិន” ។

ទីក្រុងប៉េកាំងចាត់ទុកកោះ ដែលគ្រប់គ្រងដោយខ្លួនឯងថា ជាចំណុចសំខាន់នៃទឹកដីរបស់ខ្លួន ហើយបានព្រមានម្តងហើយម្តងទៀតថា ខ្លួននឹងងាកទៅរកការប្រើកម្លាំង ប្រសិនបើទីក្រុងតៃប៉ិព្យាយាម ប្រកាសឯករាជ្យជាផ្លូវការ។ មន្ត្រីចិនពីមុនបានចោទប្រកាន់សហរដ្ឋអាមេរិកថា បានជ្រៀតជ្រែកក្នុងកិច្ចការផ្ទៃក្នុងរបស់ចិន និងគាំទ្រចលនាផ្តាច់ខ្លួនលើកោះតៃវ៉ាន់។

កាលពីសប្តាហ៍មុន ទីក្រុងប៉េកាំងបានជំរុញឱ្យទីក្រុងវ៉ាស៊ីនតោន ប្រកាន់ខ្ជាប់នូវគោលនយោបាយចិនតែមួយ និងបដិសេធរាល់ដំណើរទស្សនកិច្ចផ្លូវការ ទៅកាន់កោះតៃវ៉ាន់ ដោយនិយាយថាសហរដ្ឋអាមេរិកនឹង “ទទួលខុសត្រូវទាំងស្រុងចំពោះផលវិបាក” ប្រសិនបើខ្លួនប្រព្រឹត្តផ្ទុយពីនេះ ៕

ប្រែសម្រួលៈ ណៃ តុលា

To Top