ព័ត៌មានអន្តរជាតិ

លោក Joe Bidenថា អាមេរិក មិនចង់បានសង្គ្រាមលោកលើកទី៣ និងមិនចង់ប្រឈមមុខដាក់គ្នាជាមួយរុស្ស៊ី ដែលជាមហាអំណាច នុយក្លេអ៊ែរនោះទេ

Afp

បរទេស៖ លោក John Kirby អ្នកនាំពាក្យសន្តិសុខជាតិរបស់សេតវិមានបាននិយាយថា ប្រធានាធិបតីសហរដ្ឋអាមេរិក លោក Joe Biden មិនចង់ឱ្យមានការប្រឈមមុខដាក់គ្នាជាមួយរុស្ស៊ីលើបញ្ហាអ៊ុយក្រែន បង្កជាសង្គ្រាមពិភពលោកនោះទេ។

យោងតាមសារព័ត៌មាន RT ចេញផ្សាយនៅថ្ងៃទី៣ ខែមិថុនា ឆ្នាំ២០២៤ បានឱ្យដឹងថា លោក John Kirby បាននិយាយប៉ុន្មានថ្ងៃបន្ទាប់ពីសេតវិមានបានបញ្ជាក់ថា លោក Biden បានផ្តល់ការអនុញ្ញាតឱ្យក្រុងកៀវប្រើប្រាស់អាវុធដែលផ្គត់ផ្គង់ដោយសហរដ្ឋអាមេរិក សម្រាប់ការវាយប្រហារយ៉ាងជ្រៅនៅក្នុងប្រទេសរុស្ស៊ី។

អ៊ុយក្រែនបានស្នើសុំការបន្ធូរបន្ថយការរឹតបន្តឹងលើការប្រើប្រាស់អាវុធបរទេស បន្ទាប់ពីកងទ័ពរុស្ស៊ីបានបើកការវាយលុកថ្មីមួយនៅក្នុងតំបន់ Kharkov ភាគខាងកើតនៃប្រទេសអ៊ុយក្រែនកាលពីខែមុន ដោយដណ្តើមបានភូមិព្រំដែនជាច្រើន។

លោក Kirby បានប្រាប់ ABC News នៅថ្ងៃអាទិត្យថា «យើងមានការព្រួយបារម្ភអំពីការកើនឡើងចាប់តាំងពីការចាប់ផ្តើមនៃសង្រ្គាមនេះ ហើយការព្រួយបារម្ភទាំងនោះនៅតែមានសុពលភាព” ។ “ប្រធានាធិបតីបាននិយាយថាគាត់មិនចង់ទទួលខុសត្រូវចំពោះការចាប់ផ្តើមសង្គ្រាមលោកលើកទី៣នោះទេ។ យើងមិនស្វែងរកជម្លោះជាមួយរុស្ស៊ី ដែលជាមហាអំណាចនុយក្លេអ៊ែរមួយទៀតនោះទេ»៕ ប្រែសម្រួលៈ ណៃ តុលា

To Top