បរទេស៖ អ្នកយុទ្ធសាស្រ្តជាន់ខ្ពស់ម្នាក់បានប្រាប់កាសែត The Telegraph ថា អង្គការណាតូកំពុងធ្វើការលើផែនការ យ៉ាងមមាញឹករៀបចំទាហាន អាមេរិករាប់ម៉ឺននាក់តាម “ច្រករបៀងជើងគោក” នៅអឺរ៉ុបខាងលិច ក្នុងករណីមានសង្គ្រាមជាមួយរុស្ស៊ី។
យោងតាមសារព័ត៌មាន RT ចេញផ្សាយនៅថ្ងៃទី៤ ខែមិថុនា ឆ្នាំ២០២៤ បានឱ្យដឹងថា កាលពីឆ្នាំមុន សមាជិកនៃប្លុកយោធាដែលដឹកនាំ ដោយសហរដ្ឋអាមេរិកបានយល់ព្រមរក្សាកងទ័ព ៣០ម៉ឺននាក់ ត្រៀមខ្លួនសម្រាប់ការដាក់ពង្រាយ ដោយត្រូវបានគេរាយការណ៍ថា ជាការឆ្លើយតបទៅនឹងការវាយប្រហារ ដ៏មានសក្តានុពលរបស់រុស្ស៊ី។ ទោះជាយ៉ាងណាក៏ដោយ លំហាត់ហ្វឹកហ្វឺនបានលាតត្រដាងនូវខ្សែអាត់ក្រហម និងបញ្ហាស្ទះហេដ្ឋារចនាសម្ព័ន្ធ ដែលរារាំងការផ្ទេរបុគ្គលិក និងសម្ភារៈយ៉ាងឆាប់រហ័សនៅទូទាំងទ្វីប។
សារព័ត៌មាន The Telegraph បានរាយការណ៍កាលពីថ្ងៃអង្គារថា ថ្នាក់ដឹកនាំយោធាណាតូកំពុង ធ្វើការដើម្បីធានាថាលំហូរនៃកងទ័ព នឹងមិនត្រូវបានបញ្ឈប់ដោយការ វាយប្រហាររបស់រុស្ស៊ីលើកំពង់ផែ ដែលប្រើប្រាស់ដោយយោធាអាមេរិក ដើម្បីផ្ទុកទំនិញរបស់ខ្លួននោះទេ។
របាយការណ៍បាននិយាយថា ផ្លូវចម្បងសម្រាប់ទាហានអាមេរិក ក្នុងព្រឹត្តិការណ៍សង្រ្គាមជាមួយរុស្ស៊ី នឹងត្រូវឆ្លងកាត់កំពង់ផែ Rotterdam របស់ហូឡង់ទៅកាន់ប្រទេសអាល្លឺម៉ង់ និងប៉ូឡូញ។ ច្រករបៀងជំនួសពីប្រទេសអ៊ីតាលី ក្រិក និងតួកគី នឹងរត់តាមប្រទេសស្លូវេនី និងក្រូអាតទៅហុងគ្រី និងតាមរយៈប៊ុលហ្គារី និងរូម៉ានី ហើយក៏មានគម្រោងចូលរួមជាមួយន័រវេស ស៊ុយអែត និងហ្វាំងឡង់ សម្រាប់ការដឹកជញ្ជូនបម្រុងទុកផងដែរ៕
ប្រែសម្រួលៈ ណៃ តុលា