យេរ៉ូសាឡឹម៖ របាយការណ៍ប្រចាំឆ្នាំមួយ ដែលចេញផ្សាយកាលពីថ្ងៃអង្គារ ដោយអាជ្ញាធរច្នៃប្រឌិតអ៊ីស្រាអែល (IIA) បង្ហាញពីការរីកចម្រើនជាបន្តបន្ទាប់ នៅក្នុងវិស័យបច្ចេកវិទ្យាខ្ពស់របស់អ៊ីស្រាអែល ទោះបីជាប្រទេសនេះ កំពុងមានជម្លោះជាមួយក្រុមហាម៉ាស់ នៅតំបន់ហ្គាហ្សាស្ទ្រីបក៏ដោយ។
របាយការណ៍នេះបានបង្ហាញពីការកើនឡើង ២,៦ ភាគរយនៃការងារក្នុងវិស័យ បច្ចេកវិទ្យាខ្ពស់ក្នុងឆ្នាំ២០២៣ ជាមួយនឹងកម្លាំងការងារកើនឡើងដល់ ៣៩៦,០០០កន្លែង បន្ទាប់ពីការបន្ថែមបុគ្គលិកថ្មីចំនួន ១០,០០០នាក់កាលពីឆ្នាំមុន។
សូចនាករកំណើនវិជ្ជមានផ្សេងទៀត រួមមានការរួមចំណែកយ៉ាងសំខាន់ របស់វិស័យបច្ចេកវិទ្យាខ្ពស់ ចំពោះផលិតផលក្នុងស្រុកសរុបរបស់អ៊ីស្រាអែល ដែលឈានដល់ ១ ភាគ ៦ ក្នុងឆ្នាំ២០២៣។ ជាងនេះទៅទៀតចំណែកវិស័យ នៃការនាំចេញរបស់អ៊ីស្រាអែលបានឈានដល់ ៥៣ ភាគរយ ដែលស្មើនឹងទឹកប្រាក់សរុបចំនួន ៧៣,៥ ពាន់លានដុល្លារអាមេរិក។
ទោះជាយ៉ាងណាក៏ដោយ របាយការណ៍នេះក៏បានចង្អុលបង្ហាញ ពីការធ្លាក់ចុះនៃសន្ទស្សន៍មួយចំនួន ទាក់ទងនឹងសកម្មភាពអាជីវកម្មសំខាន់ៗ ដែលឆ្លុះបញ្ចាំងពីការព្រួយបារម្ភ ជាមូលដ្ឋានក្នុងចំណោមក្រុមហ៊ុន និងអ្នកវិនិយោគអំពីនិរន្តរភាព និងសក្តានុពលនៃកំណើន នាពេលអនាគតរបស់វិស័យនេះ។
ការវិនិយោគក្នុងការចាប់ផ្តើមអាជីវកម្ម របស់អ៊ីស្រាអែលបានធ្លាក់ ចុះយ៉ាងគំហុកប្រហែល ៥៥ ភាគរយពីមួយឆ្នាំទៅមួយឆ្នាំក្នុងឆ្នាំ២០២៣ ដោយការផ្តល់មូលនិធិនៅពេលក្រោយ ត្រូវបានរងផលប៉ះពាល់ខ្លាំងបំផុត ៕
ប្រែសម្រួល ឈូក បូរ៉ា