ហ្គាហ្សា ៖ អាជ្ញាធរសុខាភិបាល ក្នុងតំបន់បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយ កាលពីថ្ងៃអង្គារថា ចំនួនអ្នកស្លាប់ជនជាតិប៉ាឡេស្ទីន ពីការវាយប្រហារបន្តរបស់អ៊ីស្រាអែល លើតំបន់ហ្គាហ្សាស្ទ្រីប បានកើនឡើងដល់ ៣៦,៥៥០នាក់ហើយ។
ក្នុងរយៈពេល ២៤ម៉ោងកន្លងមកនេះ កងទ័ពអ៊ីស្រាអែលបានសម្លាប់ជនជាតិប៉ាឡេស្ទីនចំនួន ៧១ នាក់ និងរបួស ១៨២ នាក់ទៀត ដែលនាំឱ្យចំនួនអ្នករបួសសរុបកើនឡើងដល់ ៨២,៩៥៩នាក់ចាប់តាំងពីជម្លោះប៉ាឡេស្ទីន និងអ៊ីស្រាអែលបានផ្ទុះឡើងក្នុងខែតុលា ឆ្នាំ២០២៣ ។
ប្រភពសន្តិសុខប៉ាឡេស្ទីនបានប្រាប់កាសែតស៊ិនហួឲ្យដឹងថា ក្រុមការពារជនស៊ីវិលបានរកឃើញសាកសពជនជាតិប៉ាឡេស្ទីន ១៤នាក់បន្ទាប់ពីកងទ័ពអ៊ីស្រាអែល បានដកខ្លួនចេញពីសង្កាត់ Tal al-Hawa ភាគខាងត្បូងនៃទីក្រុងហ្គាហ្សា។
យោងតាមប្រភពក្នុងស្រុក និងសាក្សីផ្ទាល់បានឱ្យដឹងថា នៅក្នុងទីក្រុងរ៉ាហ្វា ភាគខាងត្បូងនៃតំបន់ហ្គាហ្សា កងទ័ពអ៊ីស្រាអែល បានបង្កើនការវាយឆ្មក់តាមអាកាស និងកាំភ្លើងធំរបស់ខ្លួនទៅលើផ្នែកខាងកើត កណ្តាល និងភាគខាងលិចនៃទីក្រុង។
នៅក្នុងនោះដែរ ទីភ្នាក់ងារជំនួយ និងការងាររបស់អង្គការសហប្រជាជាតិ សម្រាប់ជនភៀសខ្លួនប៉ាឡេស្ទីន (UNRWA) បានឲ្យដឹងកាលពីថ្ងៃអង្គារថា រោងចក្រចម្រោះទឹកនៅតំបន់ហ្គាហ្សាស្ទ្រីប បានបញ្ឈប់ប្រតិបត្តិការដោយសារតែកង្វះខាតប្រេងឥន្ធនៈ៕
ប្រែសម្រួល ឈូក បូរ៉ា