ព័ត៌មានអន្តរជាតិ

តើក្នុងសង្គមចិន មានទំនៀមទម្លាប់ និងប្រពៃណីណាខ្លះក្នុងថ្ងៃបុណ្យសែននំចាំង ?

បច្ចុប្បន្ន ប្រទេសចិនមានបុណ្យប្រពៃណីធំៗចំនួនបួន គឺបុណ្យចូលឆ្នាំឬហៅថាបុណ្យរដូវផ្ការីក បុណ្យឆេងម៉េង បុណ្យសែននំចាំងនិងបុណ្យសែនព្រះខែ ។ បុណ្យនីមួយៗមានប្រពៃណីនិងទំនៀមទម្លាប់ពិសេសខុសៗគ្នា ដែលបានបង្កើតជាវប្បធម៌និងអរិយធម៌ដ៏ល្អផូរផង់របស់ប្រជាជាតិចិន ។

នៅថ្ងៃទី ៥ ខែ ៥ តាមប្រតិទិនចន្ទគតិចិនជារៀងរាល់ឆ្នាំជាថ្ងៃបុណ្យទួនវូ ដែលតាមភាសាចិនហៅថា « 端午节 (Duan wu jie) »ឬអាចហៅថា«បុណ្យទូកនាគ» , «បុណ្យទួនយ៉ាង»ជាដើម ដែលជនជាតិខ្មែរនិយមហៅថាបុណ្យសែននំចាំង ។ បើតាមកំណត់ត្រា បុណ្យសែននំចាំងមានប្រភពពីការគោរពបូជាចំពោះបាតុភូតធម្មជាតិរបស់ជនជាតិចិនសម័យបុរាណ ពិសេសគឺការបូជាចំពោះសត្វនាគ អាស្រ័យហេតុនេះ វប្បធម៌សត្វនាគនិងទូកនាគបានដើរតួនាទីដ៏សំខាន់ក្នុងប្រវត្តិសាស្ត្រនៃថ្ងៃបុណ្យសែននំចាំង ។

ទាក់ទងនឹងប្រវត្តិនៃថ្ងៃបុណ្យសែននំចាំង មានការនិយាយតៗគ្នាជាច្រើន ។ ក្នុងនោះ រឿងដែលផ្សព្វផ្សាយទូលំទូលាយបំផុត គឺការរម្លឹកវិញ្ញាណក្ខន្ធរបស់លោក Qu Yuan ជាកំពូលកវីស្នេហាជាតិនៃនគរ Chu ក្នុងសម័យ Zhanguo (សម័យសង្គ្រាម) ដែលបានបញ្ចប់ជីវិតរបស់ខ្លួនដោយសារឈឺចាប់នឹងការមើលឃើញនគររបស់ខ្លួនត្រូវវិនាស ។ ប្រជានុរាស្ត្របាននាំគ្នាវេចកូនអន្សោម ( តាមភាសាចិនទៀជាវហៅថា ចាំង ) ហើយអុំទូកទៅកណ្តាលទន្លេដែលលោក Qu Yuan លោតសម្លាប់ខ្លួន រួចបោះនំចាំងទៅក្នុងទឹកដើម្បីបួងសួងកុំឱ្យត្រីស៊ីសាកសពរបស់លោក Qu Yuan ។ ចំណេរតមក ក៏មានទំនៀមទម្លាប់សែននំចាំងនិងអុំទូកនាគក្នុងថ្ងៃបុណ្យសែននំចាំង ។

ដោយសារទឹកដីនៃប្រទេសចិនធំទូលាយ ដូច្នេះប្រជាជនដែលរស់នៅតំបន់ទីទៃគ្នាមានទំនៀមទម្លាប់និងប្រពៃណីឆ្លងថ្ងៃបុណ្យសែននំចាំងខុសៗគ្នា ប៉ុន្តែអ្វីដែលជាទម្លាប់មិនអាចខ្វះបានគឺការហូបនំចាំង ។ អ្នករស់នៅភាគខាងជើងនៃប្រទេសចិននិយមចូលចិត្តហូបនំចាំងរសជាតិផ្អែម ដូចជាស្នូលសណ្តែកក្រហមនិងពុទ្រាក្រហមជាដើម ឯអ្នករស់នៅភាគខាងត្បូងចូលចិត្តហូបនំចាំងរសជាតិប្រៃ ដែលមានស្នូលដូចនំអន្សោមជ្រូករបស់ខ្មែរ ។ ចំណែកនំចាំងទឹកក្បុងវិញ បច្ចុប្បន្នមិនសូវមានអ្នកនិយមទទួលទានប៉ុន្មានទេ ។

ការប្រណាំងទូកនាគជាសកម្មភាពដ៏សំខាន់មួយនៃថ្ងៃបុណ្យសែននំចាំង ។ កាលពីសម័យបុរាណ ការប្រណាំងទូកនាគធ្វើឡើងដើម្បីបូជាចំពោះវិហារស្តេចភុជង្គនាគ បួងសួងសុំឱ្យមានទឹកភ្លៀងបរិបូរនិងទទួលបានភោគផលដំណាំច្រើន ។ បច្ចុប្បន្ន ក្រៅពីទនៀមទម្លាប់បួងសួងសូមឱ្យមានសេចក្តីសុខសេចក្តីចម្រើននិងមានទិដ្ឋផលច្រើន ការប្រណាំងទូកនាគបានក្លាយទៅជាកីឡាមួយប្រភេទ ដែលបង្ហាញពីភាពក្លៀវក្លានិងស្មារតីរួមសាមគ្គី ហើយក៏ជាសម្បត្តិបេតិកភណ្ឌវប្បធម៌អរូបីថ្នាក់ជាតិរបស់ប្រទេសចិនផងដែរ ។

ការបង្ការ«សត្វមានពិស ៥ ប្រភេទ» រួមមានសត្វខ្យាដំរី , ក្អែប , ពស់ , គីង្គត់និងជីងចក់ ជាទំនៀមទម្លាប់ដ៏សំខាន់ក្នុងថ្ងៃបុណ្យសែននំចាំង ។ ជនជាតិចិនសម័យបុរាណសម្គាល់ឃើញថាពពួកសត្វមានពិសទាំងនេះមានសកម្មភាពច្រើនក្នុងខែ ៥ តាមចន្ទគតិចិន ដូច្នេះក៏រកឃើញវិធីមួយចំនួនដើម្បីបង្ការកុំឱ្យសត្វទាំងនេះចូលផ្ទះរបស់ខ្លួន ដូចជាការហូបស្រា Realgar (ម្សៅរ៉ែម៉្យាង) និងការយកស្មៅម៉្យាងឈ្មោះស្មៅ ai ដែលមានក្លិនឆួលប្រហើរទៅព្យួរនៅមុខទ្វារផ្ទះ ដែលគេជឿថាអាចបណ្តេញសត្វល្អិតនិងសត្វមានពិស ។ ក្រៅពីនេះ ជនជាតិចិននៅតំបន់ជាច្រើនក៏និយមប្រើស្មៅ ai ដែលហាលស្ងួតហើយកិនជាម្សៅលាយជាមួយកម្ទេចរុក្ខជាតិឱសថបុរាណចិនដែលហាលស្ងួតមួយចំនួនទៀត ដាក់ចូលក្នុងកូនថង់ក្រណាត់ដែលហៅថា«ថង់ក្រអូប» រួចយកជាប់នឹងខ្លួន ដែលអាចជួយឱ្យមានស្មារតីភ្លឺស្វាងផង និងអាចបង្ការនិងបណ្តេញសត្វល្អិតផ្សេងៗផង ។

នៅតំបន់មួយចំនួនស្ថិតនៅភាគខាងត្បូងនៃប្រទេសចិន តាមតំណាលតៗគ្នាថាពន្លឺព្រះអាទិត្យពេលថ្ងៃត្រង់ក្នុងថ្ងៃបុណ្យសែននំចាំងជាពន្លឺព្រះអាទិត្យដែលមាន«ធាតុឈ្មោល»ខ្លាំងបំផុត ហេតុដូច្នេះ ទឹកដែលស្ថិតក្រោមការចែងចាំងនៃពន្លឺព្រះអាទិត្យដូចជាទឹកអណ្តូងជាដើមត្រូវបានគេហៅថា«ទឹកថ្ងៃត្រង់» និងត្រូវបានចាត់ទុកជាទឹកដ៏«ស័ក្តិសិទ្ធិ» ។ តាមទម្លាប់ នៅចន្លោះម៉ោង ១២ ថ្ងៃត្រង់នៃថ្ងៃបុណ្យសែននំចាំង អ្នកផងបាននាំគ្នាទៅដងទឹកអណ្តូងមកងូត ដែលគេជឿថាអាចបណ្តេញគ្រោះឧបទ្រពនិងនាំមកនូវសំណាងល្អ ។

ក្រៅពីនេះ ក៏មានការយកម្សៅ Realgar មកលាយជាមួយ«ទឹកថ្ងៃត្រង់»ដើម្បីងូត ដែលគេជឿថាអាចការពារកុំឱ្យកើតចែងថ្ងៃនៅក្នុងរដូវក្តៅ ។

ថ្ងៃបុណ្យសែននំចាំងដែលឆ្លុះបញ្ចាំងពីការគោរពចំពោះស្មារតីស្នេហាជាតិមាតុភូមិ ស្មារតីសាមគ្គីភាព ពិសេសទំនៀមទម្លាប់ប្រជាប្រិយដ៏សម្បូរបែបបានដិតជាប់ក្នុងហ្សែនរបស់ជនជាតិចិនរាប់ពាន់ឆ្នាំមកហើយ ឯការប្រតិបត្តិតាមទំនៀមទម្លាប់និងប្រពៃណីថ្ងៃបុណ្យគឺជាការបន្តវេននូវវប្បធម៌ប្រពៃណីដ៏ល្អផូរផង់ដែលជាមរតកខាងពុទ្ធិនិងជាបទពិសោធជីវិតដ៏មានតម្លៃមិនអាចកាត់ថ្លៃបានរបស់ដូនតាឱ្យបានគង់វង្សពីមួយជំនាន់ទៅមួយជំនាន់ ។

ការការពារ បន្តវេននិងផ្សព្វផ្សាយវប្បធម៌ជាតិជាកាតព្វកិច្ចរួមរបស់យើងគ្រប់រូប ដូចពាក្យខ្មែរបានពោលថា «វប្បធម៌រលត់ជាតិរលាយ វប្បធម៌ពណ្ណរាយជាតិថ្កើងថ្កាន» និងពាក្យចិនមួយឃ្លាបានពោលថា «វប្បធម៌ប្រពៃណីជាគ្រឹះនៃអរិយធម៌របស់មនុស្សជាតិ និងជាដួងវិញ្ញាណនៃប្រជាជាតិមួយ» ។ ការមានជំនឿចិត្តលើវប្បធម៌របស់ខ្លួននឹងញ៉ាំងឱ្យប្រជាជាតិមួយកាន់តែមានមោទនភាព និងភាពជឿជាក់ក្នុងការលើកស្ទួយមុខមាត់នៃប្រទេសជាតិរបស់ខ្លួន ៕

អត្ថបទដោយ ៖ លោក តាំង ស៊ីឡេង , បុគ្គលិកនៃវិទ្យុមិត្តភាពកម្ពុជា-ចិន

To Top