ព័ត៌មានអន្តរជាតិ

យូអិន បង្កើនកិច្ចខិតខំប្រឹងប្រែង ដើម្បីរក្សាសន្តិភាព ក្នុងរដ្ឋស៊ូដង់ខាងត្បូង

AFP

ជូបា៖ បេសកកម្មរបស់អង្គការ សហប្រជាជាតិ ប្រចាំប្រទេសស៊ូដង់ខាងត្បូង (UNMISS) បានឲ្យដឹងថា ខ្លួនបានបង្កើនកិច្ចខិតខំ ប្រឹងប្រែង ដើម្បីរក្សាសន្តិភាព នៅក្នុងទីក្រុងម៉ាឡាកាល់ រដ្ឋ Upper Nile បន្ទាប់ពីមានមនុស្ស ស្លាប់ជាច្រើននាក់ កាលពីសប្តាហ៍មុនដោយសារអំពើហិង្សា។

UNMISS បានឲ្យដឹងថា ខ្លួននឹងបន្តគាំទ្រ កិច្ចខិតខំប្រឹងប្រែងដើម្បីការពារជនស៊ីវិល និងរក្សាភាពស្ងប់ស្ងាត់ តាមរយៈការដើរល្បាត និងការចូលរួមជាមួយសហគមន៍ ដែលរងផលប៉ះពាល់។

លោក Nicholas Haysom តំណាងពិសេសរបស់អគ្គលេខាធិការអង្គការសហប្រជាជាតិ និងជាប្រធាន UNMISS បានឲ្យដឹងនៅក្នុងសេចក្តីថ្លែងការណ៍មួយដែលបានចេញនៅទីក្រុងជូបា រដ្ឋធានីនៃប្រទេសស៊ូដង់ខាងត្បូងថា ស្ថានភាពបច្ចុប្បន្នមានភាពស្ងប់ស្ងាត់ ប៉ុន្តែមានភាពផុយស្រួយ។

លោក Haysom បានលើក ឡើងថា “យើងកោតសរសើរ ចំពោះការសម្របសម្រួល និងភាពជាដៃគូយ៉ាងជិត ស្និទ្ធជាមួយអាជ្ញាធរជាតិ រដ្ឋ និងមូលដ្ឋាន ដែលបានដើរតួនាទីយ៉ាងសំខាន់ក្នុងការធានាថា ការកើនឡើងបន្ថែមទៀត នៃអំពើហិង្សាមិនបានកើតឡើង ហើយប្រជាជនអាចបន្តសកម្មភាព ប្រចាំថ្ងៃរបស់ពួកគេឡើងវិញដោយសុវត្ថិភាព” ។

ការប៉ះទង្គិចគ្នាបានផ្ទុះឡើង កាលពីថ្ងៃទី៣០ ខែឧសភា រវាងសហគមន៍ Dinka និង Shilluk ជុំវិញតំបន់ជម្លោះអាកូកា ដោយក្រុមប្រដាប់អាវុធ Dinka បានវាយប្រហារ និង សម្លាប់អ្នកនេសាទ Shilluk ចំនួន ៤នាក់ដែលស្ថិតនៅក្រោម ការការពារជនស៊ីវិល៕
ប្រែសម្រួល ឈូក បូរ៉ា


Warning: Attempt to read property "term_id" on false in /var/www/dap-news.com/htdocs/wp-content/themes/flex-mag/functions.php on line 999
To Top