បរទេស៖ មន្ត្រីរដ្ឋាភិបាល ជាន់ខ្ពស់ម្នាក់បានប្រាប់ សារព័ត៌មាន Semafor ថា សហរដ្ឋអាមេរិកគ្រោងនឹង ប្រកាសការផ្លាស់ប្តូរគោល នយោបាយអាវុធ នុយក្លេអ៊ែររបស់ខ្លួននៅថ្ងៃសុក្រ។
យោងតាមសារព័ត៌មាន RT ចេញផ្សាយនៅថ្ងៃទី៧ ខែមិថុនា ឆ្នាំ២០២៤ បានឱ្យដឹងដោយផ្អែកតាមប្រភពថា ទីក្រុងវ៉ាស៊ីនតោនគ្រោងនឹងអនុម័ត “វិធីសាស្រ្តប្រកួតប្រជែងបន្ថែមទៀត” ដោយសន្មត់ថា បន្ទាប់ពីរុស្ស៊ី និងចិន មិនអើពើការអំពាវនាវរបស់ខ្លួន ឱ្យមានការពិភាក្សា ស្តីពីការមិនរីកសាយភាយ និងការគ្រប់គ្រងអាវុធ ។ ទីក្រុងវ៉ាស៊ីនតោនចង់បង្ហាញដល់ទីក្រុងមូស្គូ និងប៉េកាំងថា ពួកគេនឹងប្រឈមមុខនឹង បរិយាកាសសន្តិសុខធ្លាក់ចុះ ប្រសិនបើពួកគេបន្តប ដិសេធមិនចូលរួម ។
មន្ត្រីរូបនេះបានបង្ហាញ ព័ត៌មានលម្អិត មួយចំនួនអំពី ការផ្លាស់ប្តូរនេះ ដោយគ្រាន់តែបញ្ជាក់ថា ការបង្កើតកំណែថ្មី នៃគ្រាប់បែក ទំនាញនុយក្លេអ៊ែរ គឺជាផ្នែកមួយនៃយុទ្ធសាស្ត្ររបស់សហរដ្ឋអាមេរិក។ ទីក្រុង វ៉ាស៊ីនតោន ក៏ចង់ឱ្យសម្ព័ន្ធមិត្តសំខាន់ៗ មានសមត្ថភាពវាយប្រហាររយៈចម្ងាយឆ្ងាយកាន់តែប្រសើរ និងសមត្ថភាពឃ្លាំមើល។
ផែនការមួយចំនួនកំពុង ត្រូវបានធ្វើឡើង នៅក្នុងការរំពឹងទុកថា ប្រធានាធិបតី អាមេរិកលោក Joe Biden នឹងឈ្នះអាណត្តិទីពីរ នៅក្នុងតំណែង ហើយនឹងត្រូវដោះស្រាយជាមួយនឹង ការផុតកំណត់នៅឆ្នាំ ២០២៦ នៃសន្ធិសញ្ញា New START ដែលជាកិច្ចព្រមព្រៀង ទ្វេភាគីចុងក្រោយ ដែលកំណត់ការស្តុកទុកនុយក្លេអ៊ែរ របស់អាមេរិក និងរុស្ស៊ី។ កាលពីឆ្នាំមុន រុស្ស៊ីបាន ផ្អាកជាផ្លូវការនូវការ ចូលរួមរបស់ខ្លួននៅក្នុង New START ដោយលើកឡើងពីគោលនយោបាយ របស់សហរដ្ឋអាមេរិក ដែលជាអរិភាព ប៉ុន្តែបានប្តេជ្ញាថា នឹងគោរព តាមលក្ខខណ្ឌស្នូល របស់ខ្លួនដែលដាក់កម្រិត លើអាវុធនុយក្លេអ៊ែរ និងប្រព័ន្ធចែកចាយ ៕
ប្រែសម្រួលៈ ណៃ តុលា