បាកដាដ៖ នាយករដ្ឋមន្ត្រី អ៊ីរ៉ាក់ លោក Mohammed Shia’al-Sudani បានឲ្យដឹងថា អ៊ីរ៉ាក់ បានត្រៀមខ្លួនជាស្រេច ក្នុងការផ្តល់ការគាំទ្រគ្រប់ទម្រង់ដល់ប្រជាជនប៉ាឡេស្ទីន នេះបើយោងតាមការចុះផ្សាយ របស់ទីភ្នាក់ងារ សារព័ត៌មានចិនស៊ិនហួ។
នាយករដ្ឋមន្ត្រីអ៊ីរ៉ាក់ បានធ្វើការកត់សម្គាល់ពេលដែលលោក បានជួបជាមួយសមភាគីប៉ាឡេស្ទីនលោក Mohammad Mustafa ខណៈដែលសង្គ្រាមរវាងអ៊ីស្រាអែល និងក្រុមហម៉ាស់បន្ដអូសបន្លាយដល់ជាង ៧ខែ។
សេចក្តីថ្លែងការណ៍មួយរបស់ការិយាល័យប្រព័ន្ធផ្សព្វផ្សាយរបស់នាយករដ្ឋមន្ត្រីអ៊ីរ៉ាក់ បានឲ្យដឹងថាលោក al-Sudani បានជួបប្រជុំជាមួយលោក Mustafa ក្នុងទីក្រុងបាកដាដ ក្នុងអំឡុងពេលដែលពួកគេបានពិភាក្សាអំពីស្ថានភាពនៅប៉ាឡេស្ទីន និងសង្រ្គាម ដែលកំពុងបន្តនៅតំបន់ហ្គាហ្សា។
យោងតាមសេចក្តីថ្លែងការណ៍បានឱ្យដឹងថា នាយករដ្ឋមន្ត្រីអ៊ីរ៉ាក់ បានបញ្ជាក់ជាថ្មីនូវជំហរដ៏រឹងមាំ និងជាគោលការណ៍របស់អ៊ីរ៉ាក់ សម្រាប់បុព្វហេតុប៉ាឡេស្ទីន។
សម្រាប់ផ្នែករបស់លោកវិញ លោក Mustafa បានសរសើរ ជំហររបស់អ៊ីរ៉ាក់ ដោយសង្កត់ធ្ងន់លើការ កោតសរសើររបស់ប្រជាជន ប៉ាឡេស្ទីន ចំពោះជំហាន និងគំនិតផ្តួចផ្តើមរបស់រដ្ឋាភិបាលអ៊ីរ៉ាក់ក្នុងការបញ្ជូនជំនួយ និងប្រេងឥន្ធនៈទៅកាន់ប៉ាឡេស្ទីន។
ប្រធានាធិបតីអ៊ីរ៉ាក់ លោក Abdul Latif Rashid ក៏បានជួបប្រជុំ ជាមួយលោក Mustafa ដែលក្នុងនោះបាន បន្តការថ្កោលទោស យ៉ាងធ្ងន់ធ្ងររបស់ប្រទេសអ៊ីរ៉ាក់ ចំពោះការវាយប្រហារ លើប្រជាជន ប៉ាឡេស្ទីននៅតំបន់ហ្គាហ្សា៕
ប្រែសម្រួល ឈូក បូរ៉ា