បរទេស៖ ស្ត្រីមិនស្គាល់សញ្ជាតិម្នាក់ បានធ្លាក់ស្លាប់ពីលើបន្ទប់នៅជាន់ទី ២៥ នៃខុនដូមួយកន្លែងស្ថិតក្នុងទីក្រុង ប៉ាតាយ៉ា នៅពីព្រឹកថ្ងៃសៅរ៍។ នេះជាឧបទ្ទវហេតុធ្លាក់ស្លាប់លើកទី៥ ហើយដែលមានមនុស្សធ្លាក់ស្លាប់ នៅទីប្រជុំជនឆ្នេរ នៃខេត្តឈុនបុរី នៅក្នុងប្រទេសថៃ។
យោងតាមសារព័ត៌មាន បាងកក ប៉ុស្តិ៍ ចេញផ្សាយនៅថ្ងៃទី៨ ខែមិថុនា ឆ្នាំ២០២៤ បានឱ្យដឹដោយផ្អែកតាមការលើកឡើងរបស់ប៉ូលិសថា ស្ត្រីនោះមានអាយុប្រហែល ៣០ ទៅ ៤០ឆ្នាំ ពាក់អាវយឺតពណ៌ត្នោត និងខោខ្លី ហើយត្រូវបានគេប្រទះឃើញដេកស្លាប់ក្នុងថ្លុកឈាមនៅលើដី នៅឯបរិវេណអគារ ២៧ ជាន់ ក្បែរឆ្នេរប៉ាតាយ៉ា។ ឧបទ្ទវហេតុនេះត្រូវបានរាយការណ៍ទៅប៉ូលីសនៅម៉ោង ៣៖៣៦ ព្រឹកដោយសន្តិសុខនៅអាគារ។
សន្តិសុខបាននិយាយថា គាត់បានឃើញស្ត្រីម្នាក់ដេកនៅលើដី ហើយក្រោយមកដឹងថានាងបានស្លាប់ បន្ទាប់ពីការត្រួតពិនិត្យយ៉ាងដិតដល់រួចមក។
សមត្ថកិច្ចកំពុងត្រួតពិនិត្យបន្ទប់ដើម្បីកំណត់អត្តសញ្ញាណស្ត្រីរងគ្រោះ និងកំពុងពិនិត្យតាមកាមេរ៉ាសុវត្ថិភាព ដើម្បីស្វែងរកមូលហេតុនៃហេតុការណ៍នេះ។ ប៉ូលីសសង្ស័យថានាងធ្លាក់ពីលើបន្ទប់របស់នាង។ មានឧប្បត្តិហេតុមុនចំនួនបួនហើយដែលទាក់ទងនឹងមនុស្សធ្លាក់ស្លាប់ពីលើខុនដូ និងសណ្ឋាគារ នៅប៉ាតាយ៉ាក្នុងខែមិថុនានេះ។
អ្នកស្លាប់មុនទាំង៤នាក់ រួមមានបុរសជនជាតិថៃអាយុ ២៣ ឆ្នាំដែលបានធ្លាក់ពីសណ្ឋាគារកាលពីថ្ងៃទី ១ ខែមិថុនា ទី២ គឺ បុរសជនជាតិរុស្ស៊ីអាយុ ៣៨ ឆ្នាំដែលបានធ្លាក់ពីខុនដូនៅថ្ងៃទី ៣ ខែមិថុនា ទី៣. បុរសជនជាតិអាមេរិកអាយុ ៤៣ ឆ្នាំដែលបានធ្លាក់ពីយ៉រសណ្ឋាគារកាលពីថ្ងៃទី៤ខែមិថុនា និងទី៤ គឺបុរសជនជាតិអាល្លឺម៉ង់អាយុ ៥៧ ឆ្នាំម្នាក់ដែលធ្លាក់ពីសណ្ឋាគារកាលពីថ្ងៃទី ៥ មិថុនា៕
ប្រែសម្រួលៈ ណៃ តុលា