បរទេស៖ គណបក្សភឿថៃ បានដកសំដីលើការប្រកាសកាលពីមុនថា ខ្លួននឹងបន្ថែមការរំលោភបំពាន លើមាត្រា១១២ ឬច្បាប់ប្រមាថព្រះមហាក្សត្រ ទៅក្នុងច្បាប់លើកលែងទោស ។
យោងតាមសារព័ត៌មានថៃ បាងកក ប៉ុស្តិ៍ ចេញផ្សាយនៅថ្ងៃទី៨ ខែមិថុនា ឆ្នាំ២០២៤ បានឱ្យដឹងថា លោក Phumtham Wechayachai ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម បាននិយាយកាលពីថ្ងៃសុក្រថា បញ្ហានេះមានភាពស្មុគស្មាញ ហើយត្រូវការការយល់ស្របជាសាធារណៈ ដើម្បីជៀសវាងភាពចលាចល នាពេលខាងមុខ។
លោក Phumtham អនុប្រធានគណបក្សភឿថៃផងនោះ បាននិយាយថា គណបក្សមិនទាន់ឈាន ដល់ការសន្និដ្ឋានថា តើគួរគាំទ្រសំណើ ដើម្បីគ្របដណ្តប់មាត្រទី១១២ នៅក្នុងសេចក្តីព្រាងច្បាប់នេះដែរឬទេ។
សប្តាហ៍នេះ លោក Somkid Chueakong អ្នកនាំពាក្យគណៈកម្មាធិការសភា សិក្សាការលើកលែងទោស ដល់អ្នកទោសនយោបាយ និងជាអគ្គលេខាធិការរង ទទួលបន្ទុកកិច្ចការនយោបាយ ជូនលោកនាយករដ្ឋមន្ត្រី សេដ្ឋា ថាវីស៊ីន បាននិយាយថា សំណើសុំឲ្យមានបទល្មើសមាត្រា ១១២ គ្របដណ្តប់ដោយសេចក្តីព្រាងច្បាប់នេះ ត្រូវបានយល់ស្រប ដោយសមាជិកគណៈកម្មាធិការមួយចំនួន ។ លោកបានទទូចថា គណបក្សភឿថៃ មិនដែលនិយាយថាខ្លួនប្រឆាំង នឹងគំនិតនៃការរួមបញ្ចូល បទល្មើសមាត្រា ១១២ ក្នុងច្បាប់លើកលែងទោសនោះទេ។
លោក Phumtham បាននិយាយកាលពីថ្ងៃសុក្រថា គណបក្ស នឹងស្តាប់តម្រូវការរបស់ប្រជាពលរដ្ឋ។ ប្រសិនបើគ្រប់ភាគី ពាក់ព័ន្ធយល់ព្រមផ្តល់ការលើកលែងទោស ដល់អ្នកដែលបំពានមាត្រា ១១២ នោះអ្វីៗនឹងកាន់តែងាយស្រួល ហើយគណបក្សនឹងឈានទៅទិសដៅនោះ។
នៅពេលសួរអំពីការរិះគន់ថាវិសោធនកម្ម អាចផ្តល់ផលប្រយោជន៍ ដល់អតីតនាយករដ្ឋមន្ត្រី ថាក់ស៊ីន ស៊ីណាវ៉ាត្រា ដែលថ្មីៗនេះត្រូវបានចោទប្រកាន់ពីបទប្រមាថ ព្រះមហាក្សត្រនោះ លោក Phumtham បានច្រានចោលការរិះគន់ ដោយនិយាយថា លោកមិនយកចិត្តទុកដាក់ ចំពោះការអះអាងបែបនេះទេ៕
ប្រែសម្រួលៈ ណៃ តុលា