ប៉ារីស៖ កាលពីថ្ងៃសៅរ៍ លោក Emmanuel Macron ប្រធានាធិបតីបារាំង បានជំរុញឱ្យមានបទឈប់បាញ់ជាបន្ទាន់ នៅតំបន់ហ្គាហ្សា និងបានអំពាវនាវ ឱ្យមានដំណោះស្រាយនយោបាយ ខណៈជួបជាមួយសមភាគីសហរដ្ឋអាមេរិក លោក ចូ បៃដិន ដែលកំពុងបំពេញ ទស្សនកិច្ចផ្លូវរដ្ឋនៅក្នុងប្រទេសបារាំង ។
លោក Macron បានថ្លែងនៅក្នុងសន្និសីទ សារព័ត៌មានរួមគ្នាថា “បន្ទាប់ពីមានជម្លោះរយៈពេល៩ខែ ស្ថានភាពនៅក្រុង Rafah និងចំនួនមនុស្ស មិនអាចទទួលយកបាន” ។
លោកបានថ្លែងថា “វាមិនអាចអត់ឱន បានទេដែលអ៊ីស្រាអ៊ែលមិនបើកចំណុចឆ្លងកាត់ទាំងអស់ដល់ជំនួយមនុស្សធម៌ ដូចដែលសហគមន៍អន្តរជាតិ បានទាមទារជាច្រើនខែមកហើយ” ។
លោក បៃដិន បានថ្លែងថា ពួកគេនឹងបន្តធ្វើការ សម្រាប់ការវិលត្រឡប់របស់ចំណាប់ខ្មាំង ទាំងអស់ទៅកាន់ផ្ទះរបស់ពួកគេវិញ និងសម្រាប់បទឈប់បាញ់នៅតំបន់ហ្គាហ្សា ។
នៅក្នុងដំណើរទស្សនកិច្ចផ្លូវរដ្ឋរបស់លោក បៃដិន បានធ្វើឡើងរយៈពេល២ថ្ងៃក្រោយពីការចូលរួមក្នុងពិធីរំលឹកខួបលើកទី៨០នៃការចុះចតនៅក្រុង Normandy នៅក្នុងប្រទេសបារាំង ៕
ប្រែសម្រួលដោយ៖ ម៉ៅ បុប្ផាមករា