បាកដាដ៖ តុលាការអ៊ីរ៉ាក់ បានសម្រេចកាត់ទោសប្រហារ ជីវិតអ្នកជួញដូរគ្រឿងញៀន ៧ នាក់រួមទាំងជនបរទេសម្នាក់ នេះបើយោងតាមការចុះផ្សាយរបស់ទីភ្នាក់ងារ សារព័ត៌មានចិនស៊ិនហួ។
សេចក្ដីថ្លែងការណ៍របស់ការិយាល័យ ប្រព័ន្ធផ្សព្វផ្សាយនៃក្រុមប្រឹក្សាតុលាការកំពូល ដោយមិនបានបញ្ជាក់អំពីសញ្ជាតិ របស់ជនបរទេសរូបនេះ បានឲ្យដឹងថា “តុលាការឧក្រិដ្ឋកម្មកណ្តាល បានចេញសាលក្រមកាត់ទោស អ្នកជួញដូរគ្រឿងញៀន ចំនួន ៧នាក់ រួមទាំងជនបរទេសម្នាក់ ដែលត្រូវបានផ្តន្ទាទោស ពីបទជួញដូរសារធាតុញៀនដូចគ្នា។
សេចក្តីថ្លែងការណ៍បានកត់សម្គាល់ថា ទណ្ឌិតត្រូវបានកាត់ទោសប្រហារ ជីវិតពីបទនាំចូលនិង នាំចេញសារធាតុញៀន ពីប្រទេសជិតខាង ។
ភាពចលាចល និងជម្លោះ ដែលបានលេប ត្របាក់ប្រទេសអ៊ីរ៉ាក់ ចាប់តាំងពីការលុកលុយ របស់សហរដ្ឋអាមេរិក ក្នុងឆ្នាំ២០០៣ បានរារាំងរដ្ឋាភិបាលអ៊ីរ៉ាក់ ពីការដោះស្រាយការគំរាមកំហែង នៃគ្រឿងញៀន ប្រកបដោយប្រសិទ្ធភាព ។
នៅក្នុងខែឧសភា ឆ្នាំ២០២៣ នាយករដ្ឋមន្ត្រី អ៊ីរ៉ាក់ លោក Mohammed Shia al-Sudani បានគូសបញ្ជាក់ អំពីសារៈសំខាន់នៃ “សង្គ្រាមប្រឆាំង គ្រឿងញៀន” ដោយអះអាងថា ការជួញដូរគ្រឿងញៀន នៅតែជាមធ្យោបាយ សំខាន់មួយ នៃការផ្តល់ហិរញ្ញប្បទានដល់ អំពើភេរវកម្ម ហើយចរាចរគ្រឿងញៀន មានការរីកចម្រើន នៅក្នុងស្រមោល នៃអំពើភេរវកម្ម ៕
ប្រែសម្រួល ឈូក បូរ៉ា