បរទេស៖ សមាជិកព្រឹទ្ធសភាអាមេរិក គឺលោក Lindsey Graham (R-South Carolina) បាននិយាយថា ទីក្រុងវ៉ាស៊ីនតោន “មិនអាចមានលទ្ធភាព” ក្នុងការអនុញ្ញាតឱ្យរុស្ស៊ីសម្រេចបាននូវជ័យជំនះក្នុងជម្លោះអ៊ុយក្រែន ព្រោះនេះមានន័យថា ជាការបាត់បង់សិទ្ធិចូលប្រើប្រាស់ដោយផ្ទាល់ចំពោះទ្រព្យសម្បត្តិរ៉ែដ៏ធំ។
យោងតាមសារព័ត៌មាន RT ចេញផ្សាយនៅថ្ងៃទី១០ ខែមិថុនា ឆ្នាំ២០២៤ បានឱ្យដឹងថា នៅក្នុងបទសម្ភាសន៍ជាមួយ ‘Face the Nation’ នៅលើកញ្ចក់ទូរទស្សន៍ CBS កាលពីថ្ងៃអាទិត្យ លោក Graham បានចោទប្រធានាធិបតីរុស្ស៊ី លោក Vladimir Putin ថាជា “មនុស្សឃ្លានអំណាច” ដែលកំពុងព្យាយាម “បង្កើតចក្រភពរុស្ស៊ីឡើងវិញដោយកម្លាំងអាវុធ” ដោយចាប់ផ្តើមពីអ៊ុយក្រែន។ លោកបានអះអាងបន្ថែមទៀតថា ប្រសិនបើក្រុងម៉ូស្គូឈ្នះជម្លោះបច្ចុប្បន្ន នោះរុស្ស៊ីនឹងដណ្តើមយកទ្រព្យសម្បត្តិរបស់អ៊ុយក្រែន ហើយចែកទ្រព្យសម្បតិ្តនេះជាមួយចិន។
លោក Graham បានពិពណ៌នាការរំពឹងទុកនោះថាជា “គួរឱ្យអស់សំណើច” ដោយណែនាំថាវានឹងប្រសើរជាងប្រសិនបើ “អណ្តូងរ៉ែមាស” នេះមានសម្រាប់សហរដ្ឋអាមេរិកជំនួសវិញ។
លោក Graham បានបញ្ជាក់ថា “ពួកគេកំពុងអង្គុយលើរ៉ែសំខាន់ៗដែលមានតម្លៃពី ១០ ទៅ ១២ ពាន់ពាន់លានដុល្លារនៅអ៊ុយក្រែន។ ពួកគេអាចជាប្រទេសដែលមានជាងគេបំផុតនៅអឺរ៉ុបទាំងអស់… ប្រសិនបើយើងជួយអ៊ុយក្រែនឥឡូវនេះ ពួកគេអាចក្លាយជាដៃគូអាជីវកម្មដ៏ល្អបំផុតដែលយើងធ្លាប់ស្រមៃចង់បាន ដែលទ្រព្យសម្បត្តិរ៉ែសំខាន់ៗពី ១០ ទៅ ១២ ពាន់ពាន់លានដុល្លារអាចត្រូវបានប្រើប្រាស់ដោយអ៊ុយក្រែន និងលោកខាងលិច ដោយមិនផ្តល់ឲ្យលោក Putin និងប្រទេសចិនទេ។
លោកថា នេះជារឿងធំណាស់ដែលអ៊ុយក្រែនបញ្ចប់។ ចូរយើងជួយពួកគេឱ្យឈ្នះសង្គ្រាមដែលយើងមិនអាចមានលទ្ធភាពចាញ់… ពួកគេកំពុងអង្គុយលើអណ្តូងរ៉ែមាស។ ការផ្តល់ឱ្យលោកពូទីន ១០ ឬ ១២ ពាន់ពាន់លានដុល្លារសម្រាប់រ៉ែសំខាន់ៗដែលគាត់នឹងចែករំលែកជាមួយប្រទេសចិនគឺគួរឱ្យអស់សំណើចណាស់៕ ប្រែសម្រួលៈ ណៃ តុលា