ព័ត៌មានអន្តរជាតិ

អាមេរិកពិចារណា កិច្ចព្រមព្រៀងឯកតោភាគី ជាមួយនឹងក្រុមហាម៉ាស

RT News

បរទេស៖ទូរទស្សន៍ NBC បានរាយការណ៍ កាលពីថ្ងៃចន្ទថា មន្ត្រីនៅទីក្រុង វ៉ាស៊ីនតោន អាចឈានទៅដល់ ការចុះកិច្ចព្រមព្រៀង ជាមួយក្រុមសកម្ម ប្រយុទ្ធហាម៉ាស ដើម្បីទទួលបានការ ដោះលែងចំណាប់ខ្មាំង ជនជាតិអាមេរិកនៅតំបន់ហ្គាហ្សា នេះបើយោង តាមសារព័ត៌មាន NBC បានរាយការណ៍កាលពីថ្ងៃចន្ទ ដោយដកស្រង់សម្តី មនុស្សជិតស្និទ្ធនឹងការពិភាក្សា។

ជនជាតិអាមេរិកចំនួន ប្រាំនាក់ត្រូវបានគេដឹង ថាត្រូវបានឃុំខ្លួននៅហ្គាហ្សា រួមជាមួយនឹងសាកសពបីនាក់ផ្សេងទៀត ដែលត្រូវបានគេជឿថា ត្រូវបានសម្លាប់ក្នុងអំឡុងពេលការវាយប្រហារ របស់ក្រុមហាម៉ាសលើអ៊ីស្រាអែល កាលពីខែតុលាឆ្នាំមុន។

យោងតាមរបាយការណ៍នេះ ប្រសិនបើកិច្ចចរចា បទឈប់បាញ់ពាក់ព័ន្ធនឹង អ៊ីស្រាអែលបរាជ័យ សហរដ្ឋអាមេរិកនឹងស្វែង រកកិច្ចព្រមព្រៀង ឯកតោភាគីជាមួយក្រុមនេះ ដោយគ្មានការចូលរួមពី អាជ្ញាធរអ៊ីស្រាអែលហើយ ផ្ទុយទៅវិញ វានឹងត្រូវបានឈ្មួញ កណ្តាលដោយកាតា។

ប្រភព NBC មិន​បាន​បញ្ជាក់​លម្អិត​ អំពី​អ្វី​ដែល​អាមេរិក ​អាច​សន្យា​នឹង​ក្រុម​ហាម៉ាស ​ជា​ថ្នូរ​នឹង​ការ​ដោះលែង​ចំណាប់ខ្មាំងប៉ុន្តែ ទោះជាយ៉ាងណាក៏ដោយ ពួកគេបានកត់សម្គាល់ថា ពួកសកម្មប្រយុទ្ធអាចស្វាគមន៍ ឱកាសមួយ ដើម្បីធ្វើកិច្ចព្រមព្រៀង ឯកតោភាគីជាមួយទីក្រុងវ៉ាស៊ីនតោន ដើម្បីដាក់សម្ពាធលើទំនាក់ទំនងរបស់ខ្លួនជាមួយអ៊ីស្រាអែល និងអាចបង្ខំនាយករដ្ឋមន្ត្រី អ៊ីស្រាអែល Benjamin Netanyahu ឱ្យយល់ព្រមចំពោះសំណើបទ ឈប់បាញ់បច្ចុប្បន្នរបស់ហាម៉ាសផងដែរ៕

ប្រែសម្រួល៖ស៊ុនលី

To Top