ព័ត៌មានអន្តរជាតិ

កូរ៉េខាងត្បូង និងសហរដ្ឋអាមេរិក គ្រោងនឹងពិភាក្សាគ្នា ស្តីពីការឆ្លើយតប នុយក្លេអ៊ែរ របស់សម្ព័ន្ធមិត្ត

xinhua

សេអ៊ូល ៖ ប្រទេសកូរ៉េខាងត្បូង និងសហរដ្ឋអាមេរិក គ្រោងនឹងជួបពិភាក្សាគ្នា នៅថ្ងៃចន្ទនេះនៅទីក្រុងសេអ៊ូល ស្តីពីការសម្របសម្រួល ឱ្យកាន់តែប្រសើរឡើង នូវការឆ្លើយតប នុយក្លេអ៊ែរ របស់សម្ព័ន្ធមិត្តក្នុងអំឡុង ពេលសង្រ្គាមជាមួយកូរ៉េខាងជើង ស្របពេលមានការ ព្រួយបារម្ភអំពីឃ្លាំង អាវុធរបស់ក្រុងព្យុងយ៉ាង ។

កិច្ចប្រជុំលើកទី៣នៃក្រុមប្រឹក្សានុយក្លេអ៊ែរ ហៅកាត់ (NCG) ត្រូវបានរៀបចំឡើងដើម្បីតាមដានកិច្ចប្រជុំកំពូលកាលពីឆ្នាំមុន ក្នុងអំឡុងពេលដែលសហរដ្ឋអាមេរិកបានសន្យាថា នឹងផ្តល់ឱ្យកូរ៉េខាងត្បូង នូវការយល់ដឹងបន្ថែមទៀត អំពីផែនការនុយ ក្លេអ៊ែរ របស់ខ្លួនសម្រាប់ជម្លោះ ជាមួយប្រទេសកូរ៉េខាងជើង ។

កិច្ចពិភាក្សានេះបានកើតឡើង នៅគ្រាដែលកូរ៉េខាងជើង កំពុងប្រណាំងឆ្ពោះទៅមុខដើម្បីជំរុញអាវុធនុយក្លេអ៊ែររបស់ខ្លួន និងប្រព័ន្ធចែកចាយរបស់ពួកគេ ដែលបង្កឱ្យមានចម្ងល់នៅក្នុង ប្រទេសកូរ៉េខាងត្បូងអំពីការពឹងផ្អែករបស់ខ្លួនលើ “ការរារាំងបន្ថែម” ដែលជាខ្លឹមសារនៃឆ័ត្រនុយក្លេអ៊ែររបស់សហរដ្ឋអាមេរិក ។

អ្នកនយោបាយមួយចំនួន រួមទាំងសមាជិកជាន់ខ្ពស់មួយចំនួន នៃគណបក្សរបស់លោកប្រធានាធិបតី Yoon Suk Yeol បានអំពាវនាវឱ្យក្រុងសេអ៊ូល អភិវឌ្ឍអាវុធនុយក្លេអ៊ែររបស់ខ្លួន ដែលជាជំហានមួយដែលក្រុងវ៉ាស៊ីនតោនជំទាស់ ៕
ប្រែសម្រួលដោយ៖ ម៉ៅ បុប្ផាមករា

To Top