ព័ត៌មានអន្តរជាតិ

មហាសន្និបាតអង្គការ សហប្រជាជាតិ អនុម័តលើសេចក្តីសម្រេចចិត្ត ស្តីពីការបង្កើត ទិវាសន្ទនាអរិយធម៌ អន្តរជាតិ ដែលលើកឡើងដោយចិន

ថ្ងៃទី ៧ ខែមិថុនាតាមម៉ោងក្នុងតំបន់ មហាសន្និបាតអង្គការ សហប្រជាជាតិលើកទី ៧៨ បានពិភាក្សានិងអនុម័ត ជាឯកច្ឆន្ទលើសេចក្តីសម្រេចចិត្ត ស្តីពីការបង្កើតទិវាសន្ទនាអរិយធម៌ អន្តរជាតិដែលលើកឡើង ដោយប្រទេសចិន ។

សេចក្តីសម្រេចចិត្តបានបញ្ជាក់ថា រាល់អរិយធម៌សុទ្ធតែជាទ្រព្យសម្បត្តិរួម របស់មនុស្សជាតិ ផ្តួចផ្តើមចេញពីការគោរព ដល់ភាពចម្រុះនៃអរិយធម៌ បង្ហាញពីតួនាទីដ៏សំខាន់ នៃកិច្ចសន្ទនាផ្នែកអរិយធម៌ ចំពោះការគាំពារសន្តិភាពពិភពលោក ជំរុញការអភិវឌ្ឍរួម បង្កើនសុខុមាលភាព មនុស្សជាតិ និងសម្រេចការរីក ចំរើនជាមួយគ្នា ក៏ដូចជាផ្តួចផ្តើមឱ្យមានការសន្ទនាដោយសមភាពនិងការគោរពដល់គ្នារវាងអរិយធម៌ផ្សេងៗ ដែលបានបង្ហាញ ដោយពេញលេញពីសារៈស្នូលនៃគំនិតផ្តួចផ្តើមអរិយធម៌សកលដែលលើកឡើងដោយលោកប្រធានរដ្ឋចិន Xi Jinping ហើយសម្រេចយកថ្ងៃទី ១០ខែមិថុនាជាទិវាសន្ទនាអរិយធម៌អន្តរជាតិ ។

លោក Fu Cong តំណាងចិនប្រចាំជាអចិន្ត្រៃយ៍ នៅអង្គការសហប្រជាជាតិ បានលើកឡើង នៅពេលធ្វើបទបង្ហាញ ពីសេចក្តីព្រាងច្បាប់ នៃសេចក្តីសម្រេចចិត្តនេះថា បច្ចុប្បន្ន វិបត្តិ និងបញ្ហាប្រឈម ជាច្រើនកើតមានផ្ទួនគ្នា ពិភពលោកបានឈាន ចូលដំណាក់កាលថ្មី នៃភាពរង្គោះរង្គើ និងកំណែទម្រង់ សង្គមមនុស្សជាតិ បានដើរ ដល់ផ្លូវបំបែក នៃប្រវត្តិសាស្រ្តជាថ្មីម្តងទៀត ។ ក្នុងបរិបទនេះ ភាគីចិនផ្តួចផ្តើម ឱ្យមហាសន្និបាត អ.ស.ប.បង្កើតទិវាអរិយធម៌អន្តរជាតិ ក្នុងគោលបំណងពង្រីកតួនាទី សំខាន់ នៃកិច្ចសន្ទនាផ្នែកអរិយធម៌ ដើម្បីលុបបំបាត់ការរើសអើង និងគំនិតលម្អៀង បង្កើនជំនឿ ទុកចិត្តលើគ្នា ជំរុញការផ្លាស់ប្តូរ រវាងប្រជាជននិងប្រជាជន ក៏ដូចជាបង្កើនសាមគ្គីភាព និងកិច្ចសហប្រតិបត្តិការ ដើម្បីបំពេញ បន្ថែម ថាមពលវិជ្ជមាន សម្រាប់ ឱ្យមនុស្សជាតិ រួមសាមគ្គីគ្នា ឆ្លើយតបនឹងបញ្ហាប្រឈមរួម ។ ប្រការនេះបានបង្ហាញពីការគាំទ្រ របស់ចិនចំពោះ ពហុភាគីនិយម និងការងាររបស់អ.ស.ប. និងបង្ហាញពីទំនួលខុសត្រូវ របស់ចិនក្នុងឋានៈជាមហាអំណាច ក្នុងនិម្មាបនិកម្មបម្រែបម្រួល មួយសតវត្សរ៍ ៕

To Top