ព័ត៌មានអន្តរជាតិ

ទាហានកូរ៉េខាងត្បូង បាញ់ព្រមានទាហានកូរ៉េខាងជើងមួយក្រុម ដែលឆ្លងចូលទៅតំបន់គ្មានយោធា

RT News

បរទេស៖ ទាហានកូរ៉េខាងត្បូងបានបាញ់ព្រមាន បន្ទាប់ពីទាហានកូរ៉េខាងជើងមួយក្រុមបានឆ្លង ចូលទៅក្នុងផ្នែកខាងត្បូងនៃតំបន់គ្មានយោធា (DMZ) កាលពីថ្ងៃអាទិត្យ។ នេះបើតាមអគ្គសេនាធិការរួមរបស់ទីក្រុងសេអ៊ូល (JCS) បានរាយការណ៍។

យោងតាមសារព័ត៌មាន RT ចេញផ្សាយនៅថ្ងៃទី១១ ខែមិថុនា ឆ្នាំ២០២៤ បានឱ្យដឹងថា អ្នកនាំពាក្យរបស់ JCS លោក Lee Sung-jun បានប្រាប់អ្នកសារព័ត៌មាននៅថ្ងៃអង្គារថា យោធាកូរ៉េខាងត្បូងជឿថា ការញុះញង់គឺអចេតនា។ ខណៈ​ទាហាន​ខ្លះ​ប្រដាប់​ដោយ​អាវុធ ខ្លះ​ទៀត​កាន់​ឧបករណ៍ផ្សេងៗ។

ខ្សែបន្ទាត់ព្រំដែនគ្មានយោធា (MDL) ដែលបំបែកតំបន់ DMZ គឺពិបាកកត់សម្គាល់នៅកន្លែងនានា ដោយសារមានគុម្ពោតព្រៃក្រាស់។ បន្ទាប់​ពី​ភាគី​ខាង​ត្បូង​បាន​បាញ់​ព្រមាន និង​ផ្សាយ​ការ​ព្រមាន​ហើយ ទាហាន​បាន​ត្រឡប់​ទៅ​ផ្នែក​ខាង​ជើង​ នៃ​ខ្សែ​ដែល​បំបែក​ប្រទេស​ជិត​ខាង​ជា​គូប្រជែង។

DMZ ត្រូវបានបង្កើតឡើងបន្ទាប់ពី សង្គ្រាមស៊ីវិលកូរ៉េនៃទសវត្សរ៍ឆ្នាំ ១៩៥០ បានបញ្ចប់នៅក្នុងបទឈប់បាញ់ ហើយត្រូវបានគេចាត់ទុកថា ជាព្រំដែនមួយក្នុងចំណោមព្រំដែន ដែលត្រូវបានការពារយ៉ាងខ្លាំងបំផុតនៅលើផែនដី។ តំបន់នេះមានចម្ងាយ ២៤៨ គីឡូម៉ែត្រ និងមានទទឹងប្រហែល ៤ គីឡូម៉ែត្រ ដោយមានវាលមានគ្រាប់មីន អន្ទាក់រថក្រោះ និងឆ្មាំប្រដាប់អាវុធ៕

ប្រែសម្រួលៈ ណៃ តុលា

To Top