បរទេស៖ ទីភ្នាក់ងារសារព័ត៌មាន Associated Press (AP) បានរាយការណ៍ថា យោធាកូរ៉េខាងត្បូងបាននិយាយកាលពីថ្ងៃចន្ទថា ទីក្រុងព្យុងយ៉ាងហាក់ដូចជាកំពុងដំឡើង ឧបករណ៍បំពងសំឡេងនៅតាមព្រំដែន ដើម្បីរៀបចំសម្រាប់ការសងសឹក ចំពោះការផ្សាយដោយទីក្រុងសេអ៊ូល។ កាលពីថ្ងៃអាទិត្យ ខាងត្បូងបានចាក់ផ្សាយការឃោសនា ប្រឆាំងក្រុងព្យុងយ៉ាងរយៈពេលពីរម៉ោង ជាលើកដំបូងក្នុងរយៈពេលប្រាំមួយឆ្នាំ។
យោងតាមសារព័ត៌មាន RT ចេញផ្សាយនៅថ្ងៃទី១១ ខែមិថុនា ឆ្នាំ២០២៤ បានឱ្យដឹងថា សារព័ត៌មាន AP បានកត់សម្គាល់ថា អគ្គសេនាធិការរួមរបស់កូរ៉េខាងត្បូង (JCS) មិនបានរៀបរាប់លម្អិតអំពីចំនួនឧបករណ៍ បំពងសំឡេងរបស់កូរ៉េខាងជើងដែលសង្ស័យ ឬកន្លែងដែលពិតប្រាកដ ដែលកំពុងត្រូវបានដំឡើងនៅតាមព្រំដែននោះទេ។
អគ្គសេនាធិការរួមរបស់កូរ៉េខាងត្បូង ត្រូវបានសារព័ត៌មាន Asia News ដកស្រង់សម្តីថា «យើងបានកំណត់សញ្ញាណរបស់កូរ៉េខាងជើង ក្នុងការដំឡើងឧបករណ៍បំពងសំឡេង នៅតាមតំបន់ព្រំដែន។ រហូតមកដល់ពេលនេះ មិនទាន់មានការចាក់ផ្សាយចេញពី ឧបករណ៍បំពងសំឡេងនៅឡើយទេ ហើយយើងកំពុងតាមដាន យ៉ាងដិតដល់នូវការអភិវឌ្ឍន៍ និងការត្រៀមលក្ខណៈយោធាបន្ថែមទៀត” ។
ទីក្រុងសេអ៊ូលក៏បាននិយាយផងដែរថា ទាហានកូរ៉េខាងជើងមួយចំនួន ដែលចូលរួមក្នុងការងារមិនជាក់លាក់ នៅផ្នែកខាងជើងនៃព្រំដែនបានឆ្លងកាត់ ខ្សែបន្ទាត់ព្រំដែនយោធារវាងប្រទេសទាំងពីរ។ យោងតាមសារព័ត៌មាន AP បានឱ្យដឹងថា យោធាកូរ៉េខាងត្បូងបានបាញ់ព្រមាន ហើយទាហានកូរ៉េខាងជើងបាន ត្រឡប់ទៅទឹកដីរបស់ពួកគេវិញភ្លាមៗ។ ភាគច្រើននៃទាហានកូរ៉េខាងជើង ត្រូវបានគេរាយការណ៍ថា កាន់ឧបករណ៍ជីកដី និងឧបករណ៍សំណង់ផ្សេងៗទៀត ៕
ប្រែសម្រួលៈ ណៃ តុលា