បេរូត ៖ រដ្ឋមន្ត្រីក្រសួងបរិស្ថានលីបង់ លោក Nasser Yassin បានឲ្យដឹងថា ការវាយប្រហារ របស់អ៊ីស្រាអែល ទៅលើភាគខាងត្បូងប្រទេសលីបង់ បានបំផ្លាញដីកសិកម្មចំនួន ១,២៥០ ហិកតា និងបានសម្លាប់សត្វពាហនៈចំនួន ៣៤០,០០០ ក្បាល ដែលបណ្តាលឱ្យកសិករប្រមាណ ៧០ ភាគរយនៅភាគខាងត្បូង គ្មានការងារធ្វើ។
លោក Yassin បានឲ្យដឹងក្នុងអំឡុងសន្និសីទអន្តរជាតិមួយ ដែលបានធ្វើឡើង នៅប្រទេសហ្ស៊កដានី ស្តីពីការឆ្លើយតបជាបន្ទាន់ ចំពោះវិបត្តិមនុស្សធម៌ នៅតំបន់ហ្គាហ្សាស្ទ្រីប ការវាយប្រហារ របស់អ៊ីស្រាអែល បានបង្ខំអ្នកស្រុក ជាច្រើននាក់ឱ្យភៀសខ្លួនចេញពីសហគមន៍ កសិកម្មរបស់ពួកគេ ហើយបានធ្វើឱ្យសេដ្ឋកិច្ច ក្នុងស្រុកធ្លាក់ចុះ ក្នុងភាពជាប់គាំង។
លោក Yassin បានបន្ថែមថា ការវាយប្រហារ របស់អ៊ីស្រាអែល បានពង្រីកបន្តិចម្តងៗ ពីភាគខាងត្បូង ទៅខាងជើងតាមដងទន្លេ Litani ដោយបានជំរុញ ឱ្យប្រជាជនប្រហែល ៩៦,០០០ នាក់នៃទីក្រុង និងភូមិព្រំដែនត្រូវភៀសខ្លួន ខណៈដែល ៦០,០០០នាក់ផ្សេងទៀត នៅតែស្ថិតក្នុងតំបន់គ្មានសុវត្ថិភាព និងខ្វះខាតជាមួយនឹង ការចល័តមានកម្រិត។
លោករដ្ឋមន្ត្រីបានលើកឡើងថា ការវាយប្រហារ បានធ្វើឱ្យស្ថានការណ៍ ប្រឈមដ៏លំបាករួចទៅហើយ នៅក្នុងប្រទេសលីបង់ ដោយដាក់សម្ពាធបន្ថែមទៀត លើសមត្ថភាពផ្នែក សាធារណៈរបស់ខ្លួនក្នុងការផ្តល់ការគាំទ្រ និងសេវាសង្គម សុខភាព និងការអប់រំ ជាពិសេសដល់ ក្រុមងាយរងគ្រោះ៕
ប្រែសម្រួល ឈូក បូរ៉ា