បរទេស៖ រន្ទះបាញ់ជាង ១០.០០០ដង បានវាយប្រហារផ្ទៃមេឃក្នុងទីក្រុងហាណូយក្នុងរយៈពេល ៣ ម៉ោងកាលពីព្រឹកថ្ងៃពុធ ទី៥ ខែមិថុនា ឆ្នាំ២០២៤ ដោយមាន ៧.០០០ដង បាញ់មកលើដី បណ្តាលឱ្យស្ត្រីម្នាក់រងរបួសយ៉ាងធ្ងន់ធ្ងរ។
យោងតាមសារព័ត៌មាន VN EXPRESS ចេញផ្សាយកាលពីថ្ងៃពុធ ទី៥ ខែមិថុនា ឆ្នាំ២០២៤ បានឱ្យដឹងថា លោក Hoang Duc Cuong អនុប្រធានរដ្ឋបាលឧតុនិយម និងជលសាស្ត្រវៀតណាម បាននិយាយថា នៅម៉ោងប្រហែល ៦-៧ ព្រឹក ថ្ងៃពុធ រន្ទះបាញ់ជាង ៣.៥០០ដង បានកើតឡើងលើផ្ទៃមេឃក្នុងទីក្រុងហាណូយ ជាមួយនឹងចំនួន ២.៣០០ ដង បាញ់មកលើដី។ ម៉ោងបន្ទាប់ រន្ទះបាញ់ ២.៩០០ដង បាញ់មកលើដី ហើយនៅម៉ោង ៨-៩ ព្រឹក មានរន្ទះបាញ់ប្រហែល ១.៨០០ដង បាញ់មកលើដីថែមទៀត។
ជាមធ្យម រន្ទះបាញ់ចំនួន ៤៧០ដង បាញ់មកលើដីរៀងរាល់ ១០ នាទី អំឡុងពេលមានភ្លៀងធ្លាក់នៅទីក្រុងហាណូយកាលពីព្រឹកថ្ងៃពុធ។ រន្ទះបាញ់បានវាយប្រហារជាញឹកញាប់បំផុតក្នុងអំឡុងពេលម៉ោង ៧:៤០នាទី ដល់ម៉ោង ៨:៥០នាទី ព្រឹក ជាពិសេសនៅតំបន់លើ Thuong Tin, Phu Xuyen, Thanh Oai និង Ung Hoa។
លោក Cuong បាននិយាយថា “មិនមែនរន្ទះទាំងអស់ប៉ះពាល់ដល់ដីនោះទេ អាស្រ័យលើអាំងតង់ស៊ីតេរបស់វា ប្លេកនប្ទោរ ឬ រន្ទះ គឺអាចប៉ះពាល់ដល់ហេដ្ឋារចនាសម្ព័ន្ធ បណ្តាញអគ្គិសនី ឬវត្ថុមានជីវិតខុសៗគ្នា”។
នៅព្រឹកដដែលនោះ ស្ត្រីអាយុ៣០ឆ្នាំម្នាក់នៅស្រុក Thanh Tri ត្រូវរន្ទះបាញ់ ខណៈកំពុងកាត់បន្លែនៅវាលស្រែ។ គាត់ត្រូវបានបញ្ជូនទៅមន្ទីរពេទ្យក្នុងស្ថានភាពធ្ងន់ធ្ងរ៕ ប្រែសម្រួលៈ ណៃ តុលា