បរទេស៖ យោងតាមការចេញផ្សាយរបស់ RT ក្រសួងការបរទេស និងរតនាគារជាតិអាមេរិកកាលពីថ្ងៃពុធបានដាក់ទណ្ឌកម្មបុគ្គល និងអង្គភាពបន្ថែមចំនួន៣០០នៅក្នុងប្រទេសរុស្ស៊ី និងកន្លែងផ្សេងទៀត ដែលខ្លួនបានចោទប្រកាន់ថាមានទំនាក់ទំនងទៅនឹង សេដ្ឋកិច្ចសង្រ្គាម នៃរដ្ឋាភិបាលទីក្រុងមូស្គូ។
យោងតាមនាយកដ្ឋានរតនាគារ វិធានការចុងក្រោយបង្អស់បានកំណត់គោលដៅបុគ្គល និងក្រុមហ៊ុនដែលសង្ស័យថាបានអនុញ្ញាតឱ្យទីក្រុងមូស្គូគេចចេញពីការហ៊ុមព័ទ្ធពីលោកខាងលិចបានយ៉ាងជោគជ័យនាពេលកន្លងមក។
រដ្ឋលេខាធិការនៃរតនាគារជាតិ Janet Yellen បាននិយាយថា៖សកម្មភាពនាពេលបច្ចុប្បន្ននេះ វាយប្រហារលើផ្លូវដែលនៅសល់សម្រាប់សម្ភារៈ និងឧបករណ៍អន្តរជាតិ រួមទាំងការពឹងផ្អែកលើការផ្គត់ផ្គង់សំខាន់ៗពីប្រទេសទីបី ។
គេសង្កេតឃើញថាវិធានការកាលពីថ្ងៃពុធគឺជាផែនការក្នុងការកំណត់គោលដៅដែលមានទំហំជាង១០០ លានដុល្លារក្នុងពាណិជ្ជកម្មរវាងរុស្ស៊ី និងដៃគូបរទេសរបស់ខ្លួន។
នាយកដ្ឋានរតនាគារជាតិបានអះអាងថា ក្រុមហ៊ុន និងបុគ្គលនៅក្នុងប្រទេសចិន កៀហ្ស៊ីស៊ីស្ថាន និងតួគី បានដាក់ចូលបញ្ជីដាក់ទណ្ឌកម្ម ដោយសហរដ្ឋអាមេរិកនឹងតាមដានគោលដៅនៅអាស៊ីខាងកើត និងកណ្តាល អាហ្រ្វិក មជ្ឈិមបូព៌ា និងតំបន់ការាបៀនផងដែរ៕ ប្រែសម្រួល៖ស៊ុនលី