“ពីខែមករាដល់ខែឧសភាឆ្នាំ២០២៤នេះ ចំនួននាំចេញរថយន្តថាមពលថ្មីនៃក្រុមហ៊ុន BYD គឺ១សែន៧ម៉ឺន៦ពាន់គ្រឿង ដែលសម្រេចបាននូវកំណើនដ៏ល្អប្រសើរនៃការនាំចេញរថយន្ត ។ នេះសំខាន់គឺដោយមកពីយុទ្ធសាស្ត្រសកលភាវូបនីយកម្មរបស់ក្រុមហ៊ុនយើង ។”
កាលពីថ្ងៃទី១២ខែឧសភា ក្រុមហ៊ុន BYD ដែលជាសហគ្រាសផលិតរថយន្តរបស់ចិនបានថ្លែងដូចពោលខាងលើនេះ ។ កាលពីថ្ងៃទី១១ខែឧសភា តាមទិន្នន័យដែលសមាគមព័ត៌មានទីផ្សាររថយន្តដឹកអ្នកដំណើររបស់ចិនប្រកាសឱ្យដឹងថា ពីខែមករាដល់ខែឧសភាឆ្នាំ២០២៤នេះ ចំនួននាំចេញរថយន្តចិនសរុបឡើងដល់២លាន៤សែន៥ម៉ឺនគ្រឿង ដែលកើនឡើង២៧ភាគរយបើប្រៀបធៀបនឹងរយៈពេលដូចគ្នានាឆ្នាំមុន ។
ក្នុងនោះ រថយន្តថាមពលថ្មីត្រូវនាំចេញទៅបរទេសជាបន្តបន្ទាប់ ដែលក្លាយជាកម្លាំងចលករសំខាន់សម្រាប់ជំរុញកំណើននៃពាណិជ្ជកម្មជាមួយបរទេសរបស់ចិន ។
តាមទិន្នន័យនៃរដ្ឋាភិបាលចិនឱ្យដឹងថា ពីខែមករាដល់ខែឧសភាឆ្នាំនេះ ទំហំនាំចេញនាំចូលសរុបខាងពាណិជ្ជកម្មទំនិញគឺ១៧,៥ទ្រីលានយាន់ប្រាក់ចិន ដែលកើនឡើង៦,៣ភាគរយបើប្រៀបធៀបនឹងរយៈពេលដូចគ្នានាឆ្នាំមុន ។
អ្វីដែលគួរឱ្យយកចិត្តទុកដាក់គឺ ល្បឿនកំណើននៃការនាំចេញនាំចូលនៅខែឧសភាឡើងដល់៨,៦ភាគរយ ដែលកើនឡើង០,៦ភាគរយបើប្រៀបធៀបនឹងខែមេសា ។
ពីការលេចចេញភាពមិននឹងនរនៅត្រីមាសទីមួយឆ្នាំនេះរហូតដល់ការទៅរកភាពល្អប្រសើរជាបណ្តើរៗនៅខែមេសានិងខែឧសភា ពាណិជ្ជកម្មជាមួយបរទេសរបស់ចិនបានកើនឡើងវិញដែលបានមកដោយមិនងាយទេ ។
ប្រព័ន្ធសារព័ត៌មានបរទេសដូចជាទីភ្នាក់ងារសារព័ត៌មាន Reuters បានលើកឡើងថា ក្រោមបរិបទដែលសហរដ្ឋអាមេរិកនិងប្រទេសអឺរ៉ុបអនុវត្តការដាក់កំហិតទៅលើពាណិជ្ជកម្មរបស់ចិន ពាណិជ្ជកម្មជាមួយបរទេសរបស់ចិនទទួលបានសមិទ្ធផលលើសពីការប៉ាន់ប្រមាណ នេះបានបង្ហាញថា សហគ្រាសចិនទទួលបានប្រសិទ្ធភាពដ៏លេចធ្លោក្នុងការត្រួសត្រាយទីផ្សារបរទេសយ៉ាងសកម្ម ហើយក៏បង្ហាញពីភាពធន់ដ៏ខ្លាំងក្លានៃសេដ្ឋកិច្ចរបស់ចិនដែរ ។
ក្រៅពីនិន្នាការទៅរកភាពល្អប្រសើរជាទូទៅបន្តត្រូវពង្រឹង ពាណិជ្ជកម្មជាមួយបរទេសរបស់ចិនក៏បានលេចចេញនិន្នាការនាំចេញប្រកបដោយគុណភាពខ្ពស់ ភាពវៃឆ្លាតនិងភាពបៃតងផងដែរ ។
ពីខែមករាដល់ខែឧសភាឆ្នាំនេះ ទំហំនាំចេញពាណិជ្ជកម្មទំនិញរបស់ចិនបានកើនឡើង៦,១ភាគរយបើប្រៀបធៀបនឹងរយៈពេលដូចគ្នានាឆ្នាំមុន ក្នុងនោះ ផលិតផលគ្រឿងយន្តនិងផលិតផលអេឡិចត្រូនិកដែលមានបច្ចេកទេសនិងតម្លៃបន្ថែមខ្ពស់មានចំនួនជិត៦០ភាគរយ ការនាំចេញនាវា រថយន្តអគ្គិសនី គ្រឿងអគ្គិសនីនិងសៀគ្វីរួមបញ្ចូលគ្នាបានកើនឡើង១០០,១ភាគរយ ២៦,៣ភាគរយ ១៧,៨ភាគរយនិង២៥,៥ភាគរយដោយឡែកពីគ្នា ។
តាមការពិត ចិនមិនត្រឹមតែបានផ្តល់ផលិតផលច្នៃប្រឌិតថ្មីដល់ពិភពលោកប៉ុណ្ណោះទេ ថែមទាំងក៏បានចែករំលែកកាលានុវត្តភាពថ្មីនិងទីផ្សារធំជាមួយពិភពលោកផងដែរ ។
តាមទិន្នន័យបង្ហាញឱ្យដឹងថា ពីខែមករាដល់ខែឧសភាឆ្នាំនេះ ការនាំចូលពាណិជ្ជកម្មទំនិញរបស់ចិនបានកើនឡើង៦,៤ភាគរយបើប្រៀបធៀបនឹងរយៈពេលដូចគ្នានាឆ្នាំមុន ទំហំនាំចូលត្រូវបានពង្រីកជាលំដាប់ ។
ក្នុងអំឡុងពេលនេះ ទន្ទឹមនឹងការបន្ធូរបន្ថយលក្ខខណ្ឌអនុញ្ញាតឱ្យចូលទីផ្សារចិន ការលើកកម្ពស់កម្រិតភាពងាយស្រួលនៃការចេញចូលដែននិងការផ្សព្វផ្សាយនៃសកម្មភាពពិព័រណ៍ ទំនិញប្រកបដោយលក្ខណៈពិសេសរបស់ប្រទេសនានាដូចជាផ្លែប៉ោមស្រស់របស់អាល្លឺម៉ង់និងគ្រាប់អាល់ម៉ុនរបស់ឈីលីជាដើមបាននាំគ្នាចូលក្នុងទីផ្សាររបស់ចិន ។
ទន្ទឹមនឹងការដែលនិន្នាការទៅរកភាពល្អប្រសើរនៃពាណិជ្ជកម្មជាមួយបរទេសរបស់ចិនត្រូវបានពង្រឹងជាបន្តបន្ទាប់ ពេលថ្មីៗចុងក្រោយនេះ អង្គការហិរញ្ញវត្ថុអន្តរជាតិជាច្រើនដូចជាអង្គការ IMF ធនាគារក្រុងប៉ារីសរបស់បារាំងនិងធនាគារអាមេរិកជាដើមបានប្រកាសព្រមៗគ្នាថា នឹងសម្រួលដំឡើងការប៉ាន់ប្រមាណចំពោះកំណើនសេដ្ឋកិច្ចរបស់ចិននៅឆ្នាំ២០២៤ដល់៥ភាគរយ ។
ប្រព័ន្ធសារព័ត៌មានអន្តរជាតិជាច្រើនបានលើកឡើងថា សេដ្ឋកិច្ចចិនមានទំហំធំណាស់ និងមានបរិយាកាសឧស្សាហកម្មចាស់ទុំ ហើយក្រុមមនុស្សដែលមានចំណូលមធ្យមបានកើនឡើងជាបន្តបន្ទាប់ គឺជាទីផ្សារដែលវិនិយោគិនបរទេសមិនអាចកាត់ផ្តាច់បាន ។
តាមការពិនិត្យអង្កេតថ្មីបំផុតនៃរដ្ឋាភិបាលចិនឱ្យដឹងថា សហគ្រាសពាណិជ្ជកម្មជាមួយបរទេស៨១,៦ភាគរយប៉ាន់ប្រមាណថា ការនាំចេញនៅឆមាសទីមួយនឹងឆ្ពោះទៅរកភាពល្អប្រសើរឬស្មើនឹងឆ្នាំមុន នេះបានបញ្ជក់ពីជំនឿចិត្តរបស់អ្នកផងទាំងពួងថា ទន្ទឹមនឹងការដែលសេដ្ឋកិច្ចចិនបន្តទៅរកភាពល្អប្រសើរឡើងវិញ កត្តាមានអំណោយផលដល់ការអភិវឌ្ឍពាណិជ្ជកម្មជាមួយបរទេសរបស់ចិននឹងកើនឡើងជាបន្តបន្តាប់ ដែលនឹងនាំមកនូវភាគលាភកាន់តែច្រើនដល់ពិភពលោក ៕