បរទេស៖ យោងតាមការចេញផ្សាយរបស់ RT ព្រះអង្គម្ចាស់ Mohammed bin Salman នៃប្រទេសអារ៉ាប៊ីសាអូឌីត បានបដិសេធការអញ្ជើញ ទៅកាន់កិច្ចប្រជុំកំពូល G7 នៅក្នុងប្រទេសអ៊ីតាលី ដោយសាររដូវកាលធម្មយាត្រា Hajj នៅក្នុងប្រទេសរបស់ទ្រង់ ដែលចាប់ផ្តើមនៅថ្ងៃសុក្រនេះទៅហើយ។
Bin Salman ស្ថិតក្នុងចំណោមក្រុមមេដឹកនាំ មជ្ឈិមបូព៌ាដែលត្រូវបានអញ្ជើញ ឱ្យចូលរួមក្នុងកិច្ចប្រជុំក្រុមប្រាំពីរ G7 ខណៈដែលនាយករដ្ឋមន្ត្រីអ៊ីតាលី Giorgia Meloni ធ្វើការដើម្បីជំរុញទំនាក់ទំនងរបស់ ទីក្រុងរ៉ូមជាមួយរដ្ឋឈូងសមុទ្រ នេះបើយោងតាមរបាយការណ៍ ប្រព័ន្ធផ្សព្វផ្សាយដដែលបានបញ្ជាក់។
សេចក្តីថ្លែងការណ៍របស់ រដ្ឋាភិបាលអារ៉ាប៊ីសាអូឌីត កាលពីថ្ងៃពុធបាននិយាយថា ព្រះអង្គម្ចាស់រាជទាយាទ បានផ្ញើការសុំទោសទៅកាន់លោកស្រី Meloni និងបានបដិសេធការអញ្ជើញ ចូលរួមក្នុងការជួបជុំដែលគ្រោងធ្វើនៅថ្ងៃទី១៣ខែមិថុនានៅទីក្រុង Puglia ដោយសារតែ កាតព្វកិច្ចទាក់ទងនឹងការត្រួតពិនិត្យធម្មយាត្រា។
គួរឲ្យដឹងដែរថាធម្មយាត្រា Hajj គ្រោងនឹងចាប់ផ្តើមនៅថ្ងៃទី១៤ខែមិថុនា ដោយទាក់ទាញអ្នកទស្សនាប្រហែល ១,៥លាននាក់ ដែលនឹងធ្វើធម្មយាត្រាទៅកាន់ទីក្រុង Mecca របស់ប្រទេសអារ៉ាប៊ីសាអូឌីត ៕
ប្រែសម្រួល៖ ស៊ុន លី