ព័ត៌មានអន្តរជាតិ

ចិន ជំរុញ​ឲ្យ​អាមេរិក ​ដក​ទណ្ឌកម្ម​ឯកតោភាគី​ ខុសច្បាប់​ប្រឆាំង​នឹង​ក្រុមហ៊ុន​ចិន

Xinhua

ប៉េកាំង៖ អ្នកនាំពាក្យក្រសួងការបរទេសចិន លោក Lin Jian បានឲ្យដឹងថា ប្រទេសចិន បានប្រឆាំងយ៉ាងខ្លាំង និងថ្កោលទោសការប្រឌិត និងការផ្សព្វផ្សាយព័ត៌មានមិនពិត របស់សហរដ្ឋអាមេរិកអំពីតំបន់ស៊ីនជាំង ហើយជំរុញឱ្យខ្លួនលុបចោលទណ្ឌកម្មខុសច្បាប់ និងឯកតោភាគីប្រឆាំងនឹងក្រុមហ៊ុនចិន។

លោក Lin បានធ្វើការកត់សម្គាល់នៅក្នុង សន្និសីទសារព័ត៌មានប្រចាំថ្ងៃ ដើម្បីឆ្លើយតបទៅនឹងការជូនដំណឹង របស់ក្រសួងសន្តិសុខមាតុភូមិ របស់សហរដ្ឋអាមេរិក ដែលក្នុងនោះទីក្រុងវ៉ាស៊ីនតោន បានបន្ថែមក្រុមហ៊ុនចិនចំនួនបី ទៅក្នុងបញ្ជីដែលរារាំងការនាំចូលពីក្រុមហ៊ុនទាំងនោះ ក្រោមហេតុផលនៃការចោទប្រកាន់ថា “បង្ខំឱ្យធ្វើការ”។

លោកបានកត់សម្គាល់ថា សមិទ្ធិផលដ៏គួរឱ្យកត់សម្គាល់ ក្នុងការអភិវឌ្ឍន៍របស់ស៊ីនជាំង គឺជាភស្តុតាង ហើយគោលនយោបាយរបស់ រដ្ឋាភិបាលកណ្តាលបានធ្វើឱ្យ ប្រជាជនមានសន្ទុះយ៉ាងខ្លាំង។

លោកលើកឡើងថា “យើងបានលើកឡើងម្តងហើយម្តងទៀតនូវតួលេខ និងអង្គហេតុជាច្រើន ដើម្បីបដិសេធការនិទានរឿងគ្មានមូលដ្ឋាននៃ ‘ពលកម្មដោយបង្ខំ’ និង ‘អំពើប្រល័យពូជសាសន៍’ ។

លោកបន្ដថា ការនិទានរឿងទាំងនោះ គឺត្រូវបានបង្កើតឡើងដោយ បុគ្គលប្រឆាំងចិនមួយចំនួនតូច ដើម្បីរំខានដល់ការអភិវឌ្ឍន៍ តំបន់ស៊ីនជាំងរបស់ចិន និងលាបពណ៌ចិនទោវិញ។

សហរដ្ឋអាមេរិកទទូចឱ្យអនុវត្តច្បាប់អយុត្តិធម៌ ទាក់ទងនឹងតំបន់ស៊ីនជាំង និងបន្ថែមក្រុមហ៊ុនចិនទៅក្នុងបញ្ជី ដាក់ទណ្ឌកម្មដោយផ្អែកលើការភូតកុហក ដែលជ្រៀតជ្រែកយ៉ាងធ្ងន់ធ្ងរ ក្នុងកិច្ចការផ្ទៃក្នុងរបស់ចិន រំខានដល់សណ្តាប់ធ្នាប់ធម្មតានៃទីផ្សារ និងបំពានយ៉ាងធ្ងន់ធ្ងរលើ ច្បាប់ពាណិជ្ជកម្មអន្តរជាតិ និងបទដ្ឋានជាមូលដ្ឋាន។

តាមពិត វាគឺជាការប៉ុនប៉ងដើម្បីបង្កើត “ភាពអត់ការងារធ្វើដោយបង្ខំ” នៅក្នុងតំបន់ស៊ីនជាំង ដោយប្រើសិទ្ធិមនុស្សជាលេស ដើម្បីរំលោភលើសិទ្ធិរស់រានមានជីវិត ការងារ និងការអភិវឌ្ឍន៍របស់ប្រជាជន នៅក្នុងតំបន់ស៊ីនជាំង ហើយហេតុផលដ៏អាក្រក់របស់វា ក្នុងការទប់ស្កាត់ប្រទេសចិនគឺជាក់ស្តែង ៕

ប្រែសម្រួល ឈូក បូរ៉ា

To Top