ព័ត៌មានអន្តរជាតិ

ស្រ្តីជនជាតិ វៀតណាមម្នាក់ ដើរអាក្រាតកាយ នៅព្រលានយន្តហោះ របស់ហ្វីលីពីន ដោយសារអាជ្ញាធរ ស្នើ​ឲ្យ​បង់​ប្រាក់​ពិន័យ ​សម្រាប់​ការ​ស្នាក់នៅ​ហួសថ្ងៃ

New York Post

បរទេស៖ ស្ត្រី​វៀតណាម​ម្នាក់​បាន​ដើរ​អាក្រាតកាយ ជុំវិញ​ព្រលាន​យន្តហោះ​ក្នុង​ប្រទេស​ហ្វីលីពីន​ កាលពី​ថ្ងៃ​ទី ៨ ខែ​មិថុនា បន្ទាប់​ពី​នាង​ត្រូវ​បាន​ស្នើ​ឲ្យ​បង់​ប្រាក់​ពិន័យ​សម្រាប់​ការ​ស្នាក់នៅ​លើស​កំណត់ ។

យោងតាមសារព័ត៌មាន VN EXPRESS ចេញផ្សាយនៅថ្ងៃទី១៣ ខែមិថុនា ឆ្នាំ២០២៤ បានឱ្យដឹងថា សារព័ត៌មាន News.com.au រាយការណ៍​ថា ស្ត្រី​អាយុ ៣៤ ឆ្នាំ​ បាន​ដើរ​ដោយ​គ្មាន​សម្លៀក​បំពាក់ ​នៅ​អាកាសយានដ្ឋាន​អន្តរជាតិ Ninoy Aquino ក្នុង​ទីក្រុង​ម៉ានីល។ ឧប្បត្តិហេតុនេះ ត្រូវបានថតដោយកាមេរ៉ា។

ស្ត្រីរូបនេះត្រូវបានគេអះអាងថា បានបញ្ចប់វិស្សមកាល របស់នាងនៅក្នុងប្រទេសហ្វីលីពីន ហើយនឹងហោះហើរត្រឡប់ទៅទីក្រុងហូជីមិញ ប្រទេសវៀតណាមវិញ ប៉ុន្តែនាងត្រូវបានអាជ្ញាធរស្នើសុំឱ្យបង់ប្រាក់ថ្លៃ សម្រាប់ការស្នាក់នៅលើសទិដ្ឋាការ ។ នាង​បាន​ប្រកែក​អំពី​ថ្លៃ​សេវា មុន​ពេល​ចូល​បង្គន់​អាកាសយានដ្ឋាន ហើយ​ចេញ​មក​ទាំង​អាក្រាត​កាយ ដោយ​ឆ្លង​កាត់​ទ្វារ​សុវត្ថិភាព និង​ម៉ាស៊ីន​ស្កែន​ខ្លួន ។

បុគ្គលិកអាកាសយានដ្ឋាន បាននិយាយថា នៅទីបំផុតស្ត្រីនោះត្រូវបានបញ្ចុះបញ្ចូលឱ្យស្ងប់ស្ងាត់វិញ ហើយស្លៀកពាក់មុនពេលត្រូវ បានគេនាំទៅគ្លីនីក អាកាសយានដ្ឋាន ។ នាងបានស្នាក់នៅទីនោះមួយយប់ បានទទួលការព្យាបាល បង់ថ្លៃផាកពិន័យ ហើយក្រោយមក ក៏បានជិះយន្តហោះ ត្រឡប់ទៅទីក្រុងហូជីមិញវិញ។

នាង​បាន​រាយការណ៍​ថា​ មិន​បាន​បង្ក​គ្រោះថ្នាក់​ដល់​អ្នកដំណើរ​ណា​ម្នាក់ ​ឬ​បង្ក​ឱ្យ​មានការ​ពន្យារពេល​ឡើយ ៕
ប្រែសម្រួលៈ ណៃ តុលា

To Top