ព្រុចសែល៖ រដ្ឋមន្ត្រីការពារជាតិ នៃសម្ព័ន្ធសន្ធិសញ្ញាអាត្លង់ទិកខាងជើង (ណាតូ) បានអនុម័តផែនការ ដែលអនុញ្ញាតឱ្យសម្ព័ន្ធភាព ដឹកនាំការសម្របសម្រួល នៃជំនួយសន្តិសុខ និងការហ្វឹកហ្វឺនយោធា សម្រាប់អ៊ុយក្រែន ។
អគ្គលេខាធិការអង្គការណាតូលោល Stoltenberg បានប្រាប់អ្នកសារព័ត៌មាន បន្ទាប់ពីកិច្ចប្រជុំថ្នាក់រដ្ឋមន្ត្រីរយៈពេលពីរថ្ងៃ នៅទីស្នាក់ការកណ្តាល ទីក្រុងព្រុចសែល របស់អង្គការណាតូ ឲ្យដឹងថា អង្គការណាតូ នឹងត្រួតពិនិត្យការបណ្តុះបណ្តាល កងកម្លាំងប្រដាប់អាវុធអ៊ុយក្រែន នៅឯកន្លែងហ្វឹកហ្វឺននៅក្នុងប្រទេសសម្ព័ន្ធមិត្ត និងគាំទ្រអ៊ុយក្រែន តាមរយៈការធ្វើផែនការ និងការសម្របសម្រួលនៃការបរិច្ចាគ ។
ផែនការដែលត្រូវបានរំពឹងថា នឹងមានបុគ្គលិក ចំនួន ៧០០នាក់នឹងមានបញ្ជាការរបស់អង្គការណាតូ ដែលមានទីតាំងនៅកន្លែង របស់សហរដ្ឋអាមេរិកក្នុងទីក្រុង Wiesbaden ប្រទេសអាល្លឺម៉ង់ និងនៅតាមក្រុមភស្តុភារ នៅភាគខាងកើតនៃសម្ព័ន្ធភាព។
សកម្មភាពនេះមានន័យថា អង្គការណាតូ នឹងទទួលការនាំមុខពីក្រុមទំនាក់ទំនងការពារជាតិអ៊ុយក្រែន ដែលដឹកនាំដោយសហរដ្ឋអាមេរិក នេះបើយោងតាមការចុះផ្សាយ របស់ទីភ្នាក់ងារសារព័ត៌មានចិនស៊ិនហួ។
រដ្ឋមន្ត្រីការពារជាតិហូឡង់ លោក Kajsa Ollongren បានឲ្យដឹងថា “យើងត្រូវពិចារណាការពិតដែលថា សង្រ្គាមនេះអាចបន្តអស់រយៈពេលជាច្រើនឆ្នាំ យើងចង់មានអ្វីមួយ ដែលមិនអាស្រ័យលើបុគ្គល ឬរដ្ឋមន្ត្រីជាក់លាក់ ប៉ុន្តែរចនាសម្ព័ន្ធ អាចដំណើរការ” ។
នាយករដ្ឋមន្ត្រីហុងគ្រី លោក Viktor Orban ធ្លាប់បានគំរាមវេតូលើផែនការនេះ ប៉ុន្តែនៅទីបំផុត បានយល់ព្រមអនុញ្ញាត ឱ្យសមាជិកណាតូផ្សេងទៀត ឈានទៅមុខ ប្រសិនបើទីក្រុង Budapest មិនមានកាតព្វកិច្ចចូលរួម៕
ប្រែសម្រួល ឈូក បូរ៉ា