ម៉ានីល៖ កាលពីថ្ងៃសៅរ៍ នាយកដ្ឋានសុខាភិបាល ហៅកាត់ថា (DOH) បានឲ្យដឹងថា ប្រទេសហ្វីលីពីន អ្នកស្លាប់ដែលបានកើនឡើងដល់១៩៧នាក់ហើយ ដោយសារជំងឺគ្រុនឈាម គិតចាប់ពីខែមករា ដល់ថ្ងៃទី១ខែមិថុនា នៅក្នុងឆ្នាំនេះ។
នាយកដ្ឋាន DOH បានឲ្យដឹងថាខ្លួន បានកត់ត្រាមានជិត៧០.៥០០ករណីនៃជំងឺដែលបណ្តាលមកពីសត្វមូសគិតចាប់ពីថ្ងៃទី១ ខែមករា រហូតដល់ថ្ងៃទី១ ខែមិថុនា ។
នាយកដ្ឋានសុខាភិបាលបានបញ្ជាក់យ៉ាងដូច្នេះថា ខ្លួនបានតាមដានយ៉ាងដិតដល់នូវចំនួនករណីជំងឺគ្រុនឈាមថ្មីក្នុង១សប្តាហ៍ ខណៈដែលនិន្នាការធ្លាក់ចុះពីមុន “ឥឡូវនេះកំពុងចាប់ផ្តើមកើនឡើងខ្ពស់”។
នាយកដ្ឋាន DOH បានព្រមានថា “នេះអាចជាការចាប់ផ្តើមនៃការកើនឡើងនៃករណីនៅទូទាំងប្រទេស ប្រសិនបើយើងនឹងមិនស្វែងរក និងបំផ្លាញ “ជម្រសត្វមូស” ទឹកនៅមានដក់នៅក្នុងតំបន់ ឬតាមធុងដែលអាចបង្កឲ្យមានការបង្កាត់ពូជសត្វមូសគ្រុនឈាម” ។
ខាង DOH បានកត់សម្គាល់ថា តំបន់ចំនួន៧ នៅភាគខាងជើង នៃកោះ Luzon ដ៏សំខាន់ និងភាគខាងត្បូងប្រទេសហ្វីលីពីន បានបង្ហាញឲ្យឃើញពីការកើនឡើង នៃករណីជំងឺគ្រុនឈាម ក្នុងរយៈពេលពី៣ ទៅ៤សប្តាហ៍នាពេលថ្មីៗនេះ ។
កាលពីថ្ងៃទី២៩ ខែឧសភា ការិយាល័យអាកាសធាតុបានប្រកាសចាប់ផ្តើមរដូវវស្សានៅក្នុងប្រទេសហ្វីលីពីន ។
រដ្ឋមន្ត្រីសុខាភិបាល Teodoro Herbosa បានថ្លែងថា “ទឹកដក់កាន់តែច្រើនមានន័យថា ជាកន្លែងបង្កាត់ពូជសត្វមូសកាន់តែច្រើន” ដោយបានជំរុញឱ្យពលរដ្ឋ “ស្វែងរក និងបំផ្លាញកន្លែងដក់ទឹក” ឲ្យអស់ ៕
ប្រែសម្រួលដោយ៖ ម៉ៅ បុប្ផាមករា