បរទេស៖ អគ្គលេខាធិការអង្គការ ណាតូ លោក Jens Stoltenberg បាននិយាយកាលពីថ្ងៃសុក្រថា មិនទាន់មានកិច្ចព្រមព្រៀងណា មួយនៅក្នុងអង្គការណាតូនៅឡើយទេ ទាក់ទងនឹងសំណើផ្តល់មូល និធិដល់ទីក្រុងគៀវដល់កម្រិត ៤៣ ពាន់លានដុល្លារ។
យោងតាមសារព័ត៌មាន RT ចេញផ្សាយនៅថ្ងៃទី១៤ ខែមិថុនា ឆ្នាំ២០២៤ បានឱ្យដឹងថា បញ្ហានេះបានកើតឡើងនៅក្នុងកិច្ចប្រជុំរបស់រដ្ឋមន្ត្រីការពារជាតិរបស់ប្លុកដែលដឹកនាំដោយសហរដ្ឋអាមេរិក (ណាតូ) ក្នុងទីក្រុងព្រុចសែល។ ប្រទេសអ៊ីតាលីត្រូវបានគេរាយការណ៍ថា មិនយល់ស្រប នឹងសំណើនេះទេ ដែលត្រូវបានកាត់បន្ថយរួច ហើយពីសំណើដំបូងចំនួន ១០០ ពាន់លានអឺរ៉ូរបស់លោក Stoltenberg ។
លោក Stoltenberg បានប្រាប់អ្នកយកព័ត៌មានបន្ទាប់ពីកិច្ចប្រជុំថា “ការសន្យាហិរញ្ញវត្ថុរយៈពេលវែង” គឺជារឿងមួយក្នុងចំណោមបួន ដែលណាតូ ត្រូវការ “ប្រគល់ឱ្យអ៊ុយក្រែន” ដោយកិច្ចប្រជុំកំពូលនៅ ទីក្រុងវ៉ាស៊ីនតោននៅខែក្រោយ។
លោកបានទទួលស្គាល់ថា៖ «យើងមិនទាន់បានឯកភាពគ្នានៅឡើយទេ។
លោក Stoltenberg បានចង្អុលបង្ហាញថា រដ្ឋមន្ត្រីអង្គការណាតូបានយល់ព្រមលើផែនការសម្រាប់ជំនួយសន្តិសុខ និងការបណ្តុះបណ្តាលសម្រាប់អ៊ុយក្រែន ហើយបានសន្យាថានឹងបញ្ជូនគ្រាប់រំសេវ និងឧបករណ៍យោធាបន្ថែមទៀត ទៅកាន់ទីក្រុងគៀវក្នុងរយៈពេលដ៏ខ្លី ដោយបន្ថែមថា “នឹងមានសេចក្តីប្រកាសថ្មី នៅក្នុងប៉ុន្មានថ្ងៃ និងសប្តាហ៍ខាងមុខនេះ”៕
ប្រែសម្រួលៈ ណៃ តុលា