បរទេស៖ យោងតាមការចេញផ្សាយរបស់ RT ដែលបានដកស្រង់ប្រភពចេញពីFinancial Times បានរាយការណ៍ដោយដកស្រង់ ទិន្នន័យពីក្រុមហ៊ុនប្រឹក្សា ICIS ថាការនាំចូលឧស្ម័នរបស់អឺរ៉ុបពីរុស្ស៊ី បានវ៉ាដាច់ការផ្គត់ផ្គង់ពីសហរដ្ឋអាមេរិក នៅក្នុងខែឧសភាជាលើកដំបូង ក្នុងរយៈពេលជិត ២ឆ្នាំកន្លងមកនេះ។
កាលពីខែមុន ការនាំចេញឧស្ម័នធម្មជាតិរាវ (LNG) ពីសហរដ្ឋអាមេរិកត្រូវបាន គេរាយការណ៍ថាមានចំនួន ១៤ភាគរយ នៃការផ្គត់ផ្គង់ទាំងមូលទៅកាន់តំបន់ ដែលជាកម្រិតទាបបំផុតចាប់តាំងពីខែសីហា ឆ្នាំ២០២២។
ទន្ទឹមនឹងនេះ ឧស្ម័នបំពង់បង្ហូរឧស្ម័នរបស់រុស្ស៊ី រួមជាមួយនឹងការផ្គត់ផ្គង់ LNG មានចំនួន ១៥ភាគរយ នៃការផ្គត់ផ្គង់សរុបទៅកាន់អឺរ៉ុប ដែលរួមមានទាំង អឺរ៉ុប,អង់គ្លេស,ស្វីស,ស៊ែប៊ី, Bosnia and Herzegovina និង North Macedonia។
យោងតាមប្រភពដដែលបានឲ្យដឹងទៀតថា ការផ្គត់ផ្គង់នៅក្នុងខែឧសភា ត្រូវបានរងផលប៉ះពាល់ដោយកត្តាជាច្រើន រួមទាំងការរំខាននៃប្រតិបត្តិការ នៅឯរោងចក្រនាំចេញ LNG ដ៏សំខាន់មួយរបស់សហរដ្ឋអាមេរិក ក៏ដូចជាការកើនឡើងនៃលំហូរ ឧស្ម័នរុស្ស៊ីតាមរយៈបំពង់បង្ហូរឧស្ម័ន TurkStream មុនពេលការថែទាំដែលបានគ្រោងទុក ដែលត្រូវបានអនុវត្តនៅក្នុងខែមិថុនា ចន្លោះពីថ្ងៃទី៥ដល់ថ្ងៃទី១២ ៕
ប្រែសម្រួល៖ ស៊ុន លី