បរទេស ៖ កិច្ចប្រជុំកំពូលនៃក្រុមប្រាំពីរ (G7) បានបញ្ចប់ កាលពីថ្ងៃសៅរ៍ ដោយប្រទេសសមាជិកនីមួយៗ មានការពិចារណា អំពីយុទ្ធសាស្ត្ររៀងៗខ្លួនដែលធ្វើឱ្យជំហាន បន្ទាប់មានភាពមិនច្បាស់លាស់។
ក្នុងអំឡុងពេលនៃដំណើរការព្រាង សេចក្តីថ្លែងការណ៍រួម ដែលបានចេញកាលពីរសៀលថ្ងៃសុក្រ បានបង្កឱ្យមានការជជែកវែកញែក និងការខ្វែងគំនិតគ្នាយ៉ាងខ្លាំង ក្នុងចំណោមសមាជិក G7 ។
យោងតាមសេចក្តីថ្លែងការណ៍ ក្រុមនេះបានឈាន ដល់កិច្ចព្រមព្រៀងមួយ ដើម្បីប្រើប្រាស់ការប្រាក់ នៃទ្រព្យសម្បត្តិរបស់រុស្ស៊ី ដែលបានបង្កកដើម្បីធ្វើហិរញ្ញប្បទាន ប្រហែល ៥០ពាន់លានដុល្លារ នៃប្រាក់កម្ចីសម្រាប់អ៊ុយក្រែន ។
កាលពីថ្ងៃសុក្រ ប្រធានាធិបតីរុស្ស៊ី លោក វ្ល៉ាឌីមៀ ពូទីន បានថ្កោលទោសវិធានការនេះថាជា “ចោរកម្ម” ហើយបានប្តេជ្ញាថា នឹងចាត់វិធានការសងសឹក នេះបើយោង តាមការចុះផ្សាយរបស់ទីភ្នាក់ងារ សារព័ត៌មានចិនស៊ិនហួ។
ពីមុនក្រុមបានបែងចែកជាយូរណាស់មកហើយអំពីរបៀប ដែលផែនការ បែបនេះអាចត្រូវបានគូសបញ្ជាក់។ ព័ត៌មានលម្អិតនៃកិច្ចព្រមព្រៀង ប្រាក់កម្ចីនៅមិនទាន់ច្បាស់នៅឡើយទេ ដែលអាចចំណាយពេលច្រើន ខែក្នុងការចរចាបន្ទាប់។
សហរដ្ឋអាមេរិកក៏បានចុះហត្ថលេខា លើកិច្ចព្រមព្រៀងសន្តិសុខ ជាមួយអ៊ុយក្រែន ក្នុង អំឡុងពេលកិច្ចប្រជុំកំពូល ប៉ុន្តែអ្នកវិភាគបានប្រាប់ កាសែតស៊ិនហួថា កិច្ចព្រមព្រៀងនេះ អាចត្រូវបានលុបចោល មុនពេលលក្ខខណ្ឌ របស់វាផុតកំណត់។
នោះអាចជាគន្លឹះចាប់តាំងពីប្រធានាធិបតីអាមេរិក លោក ចូ បៃដិន ប្រឈមមុខ នឹងការប្រជែង ការបោះឆ្នោតដ៏ស្វិតស្វាញ នៅចុងឆ្នាំនេះប្រឆាំង នឹងអតីតប្រធានាធិបតីលោក ដូណាល់ ត្រាំ ដែលការគាំទ្រ សម្រាប់បុព្វហេតុអ៊ុយក្រែន មិនខ្លាំងដូចលោក បៃដិន នោះទេ។
មេដឹកនាំមកពីប្រទេសជាង ១០ ផ្សេងទៀតត្រូវបានអញ្ជើញ ឱ្យចូលរួមក្នុងកិច្ចប្រជុំកំពូលនេះ រួមទាំងប្រទេស ដែលមានសេដ្ឋកិច្ចកំពុង រីកចម្រើនដូចជាឥណ្ឌា អាហ្រ្វិកខាងត្បូង និងប្រេស៊ីល ។
យោងតាមលោក Alberto Bradanini ប្រធានមជ្ឈមណ្ឌលសិក្សាចិន សហសម័យនៅប្រទេសអ៊ីតាលី បានឲ្យដឹងថា G7 ជាពិសេសសហរដ្ឋអាមេរិក យល់ឃើញថា ខ្លួនឯងកំពុងធ្លាក់ចុះទាំងឥទ្ធិពល និងសេដ្ឋកិច្ច ៕
ប្រែសម្រួល ឈូក បូរ៉ា
 
													
																							
 
																								
												
												
												 
						 
					 
						 
					 
						 
					 
								 
																						 
								 
																						 
								 
																						 
								 
																						 
								 
																						 
									 
																		 
									 
																		 
									 
																		 
									 
																		 
									 
																		 
									 
																		 
									 
																		 
									