បរទេស៖ ស្ថាប័នជំនាញផ្តល់គំនិតរបស់ស៊ុយអែត បាននិយាយនៅថ្ងៃចន្ទថា ពិភពលោកស្ថិតនៅក្នុង “រយៈពេលដ៏គ្រោះថ្នាក់បំផុតមួយ នៅក្នុងប្រវត្តិសាស្ត្រមនុស្សជាតិ” ខណៈដែលមហាអំណាចពិភពលោក បានបង្កើនឃ្លាំងអាវុធបរមាណូរបស់ខ្លួន ហើយអាវុធនុយក្លេអ៊ែរបានដើរតួនាទីកាន់តែ “លេចធ្លោ” នៅក្នុងទំនាក់ទំនងអន្តរជាតិ។
យោងតាមសារព័ត៌មាន RT ចេញផ្សាយនៅថ្ងៃទី១៧ ខែមិថុនា ឆ្នាំ២០២៤ បានឱ្យដឹងថា វិទ្យាស្ថានស្រាវជ្រាវ សន្តិភាពអន្តរជាតិ Stockholm (SIPRI) ដែលជាក្រុមតាមដានសន្តិសុខ និងការគ្រប់គ្រងអាវុធពិភពលោក បាននិយាយនៅក្នុងរបាយការណ៍ប្រចាំឆ្នាំរបស់ខ្លួនថា កិច្ចខិតខំប្រឹងប្រែងផ្នែកការទូត ដើម្បីគ្រប់គ្រងអាវុធនុយក្លេអ៊ែរ បានទទួលរងនូវផលវិបាកយ៉ាងខ្លាំង ដោយសារតែទំនាក់ទំនងភូមិសាស្ត្រ នយោបាយកាន់តែយ៉ាប់យ៉ឺន ជុំវិញជម្លោះអ៊ុយក្រែន និងហ្គាហ្សា។
រដ្ឋនុយក្លេអ៊ែទាំង៩រួមមាន សហរដ្ឋអាមេរិក រុស្ស៊ី ចក្រភពអង់គ្លេស បារាំង ចិន ឥណ្ឌា ប៉ាគីស្ថាន កូរ៉េខាងជើង និងអ៊ីស្រាអែល គឺបន្តធ្វើទំនើបកម្មឃ្លាំងអាវុធបរមាណូរបស់ពួកគេ និងបានដាក់ពង្រាយប្រព័ន្ធអាវុធនុយក្លេអ៊ែរ ឬអាវុធនុយក្លេអ៊ែរថ្មីមួយចំនួននៅឆ្នាំ ២០២៣។
លោក Wilfred Wan នាយកកម្មវិធីអាវុធ បំផ្លិចបំផ្លាញរបស់ SIPRI បាននិយាយថា “យើងមិនបានឃើញអាវុធ នុយក្លេអ៊ែរដើរតួយ៉ាងសំខាន់ក្នុងទំនាក់ទំនងអន្តរជាតិចាប់តាំងពីសង្គ្រាមត្រជាក់មកម្ល៉េះ” ។
របាយការណ៍បានព្រមានថា ការកើនឡើង “គួរឱ្យព្រួយបារម្ភខ្លាំង” នៃចំនួនក្បាលគ្រាប់នុយក្លេអ៊ែរ ដែលត្រូវបានដាក់ ពង្រាយជាមួយមីស៊ីល និងយន្តហោះ ទំនងជានឹងកើនឡើងក្នុងប៉ុន្មានឆ្នាំខាងមុខនេះ។ របាយការណ៍បានរកឃើញថា ក្នុងចំណោមក្បាលគ្រាប់នុយក្លេអ៊ែរដែលបានប៉ាន់ស្មានចំនួន ១២.១២១គ្រាប់ ជុំវិញពិភពលោក មានប្រហែល ៩.៥៨៥ គ្រាប់ស្ថិតនៅក្នុងស្តុកទុកសម្រាប់ការប្រើប្រាស់ជាសក្ដានុពលគិតត្រឹមខែមករា។ ប្រហែល ២.១០០គ្រាប់ ត្រូវបានរក្សានៅក្នុងស្ថានភាព “ការជូនដំណឹងប្រតិបត្តិការខ្ពស់” លើមីស៊ីលផ្លោង។
លោក Dan Smith នាយក SIPRI បាននិយាយថា គួរឱ្យសោកស្ដាយ ដែលយើងបន្តឃើញការកើនឡើង ពីមួយឆ្នាំទៅមួយឆ្នាំនៃចំនួនក្បាលគ្រាប់ នុយក្លេអ៊ែរប្រតិបត្តិការ” ។
វិទ្យាស្ថានស្រាវជ្រាវសន្តិភាពអន្តរជាតិ Stockholm បានឱ្យដឹងថា រុស្ស៊ី និងអាមេរិករួមគ្នាមានស្ទើរតែ 90% នៃអាវុធនុយក្លេអ៊ែរទាំងអស់។ ក្រុមឃ្លាំមើលបានបន្ថែមថា ទំហំស្តុកយោធារបស់ពួកគេនៅតែមានស្ថេរភាពក្នុងឆ្នាំ ២០២៣ ទោះបីជារុស្ស៊ីត្រូវបានគេប៉ាន់ប្រមាណថា បានដាក់ពង្រាយក្បាល គ្រាប់ចំនួន ៣៦គ្រាប់ បន្ថែមទៀតជាមួយនឹង កម្លាំងប្រតិបត្តិការជាងក្នុងខែមករា ឆ្នាំ២០២៣ ក៏ដោយ ។
ក្រុមអ្នកស្រាវជ្រាវបាននិយាយថា ភាពតានតឹងជុំវិញអ៊ុយក្រែន និងតំបន់ហ្គាហ្សាបានធ្វើឱ្យ “ចុះខ្សោយ” បន្ថែមទៀតនូវការទូតនុ យក្លេអ៊ែរសកល ៕
ប្រែសម្រួលៈ ណៃ តុលា