ព័ត៌មានអន្តរជាតិ

កប៉ាល់ចិន និងហ្វីលីពីន បុកគ្នា ក្នុងដែនសមុទ្រចិនខាងត្បូង

NDTV

ប៉េកាំង៖ ឆ្មាំសមុទ្រចិន​បានឲ្យដឹងថា កប៉ាល់ចិន និងហ្វីលីពីន បានបុកគ្នានៅក្នុងដែនទឹកសមុទ្រចិនខាងត្បូង ដោយទីក្រុងប៉េកាំង និងទីក្រុងម៉ានីល បានចោទគ្នាទៅវិញទៅមក ដោយភាគីចិនបានឲ្យដឹងនៅក្នុងសេចក្តីថ្លែងការណ៍មួយថា “ទំនួលខុសត្រូវ គឺស្ថិតនៅលើភាគីហ្វីលីពីនទាំងស្រុង” ហើយការដោះស្រាយរបស់ចិនចំពោះឧប្បត្តិហេតុនេះគឺ “សមហេតុផល ផ្លូវច្បាប់ និងវិជ្ជាជីវៈ”។

រដ្ឋាភិបាលហ្វីលីពីន ក្រោយមកបានអះអាងនៅក្នុងសេចក្តីថ្លែងការណ៍មួយថា យោធាចិន ឆ្មាំឆ្នេរសមុទ្រ និងនាវាកងជីវពលដែនសមុទ្រ បានចូលរួមក្នុង “សមយុទ្ធដ៏គ្រោះថ្នាក់ រួមទាំងការគៀប និងអូស” ហើយបានថ្កោលទោសយ៉ាងខ្លាំងចំពោះ “សកម្មភាពខុសច្បាប់ ឈ្លានពាន និងមិនចេះប្រុងប្រយ័ត្ន” របស់កងកម្លាំងដែនសមុទ្រចិន។

ប្រភពបានបន្ថែមថា សកម្មភាពរបស់ទីក្រុងប៉េកាំង “បានធ្វើឱ្យមានគ្រោះថ្នាក់ដល់អាយុជីវិតរបស់បុគ្គលិករបស់យើង និងធ្វើឱ្យខូចខាតដល់ទូករបស់យើង ដោយបំពានច្បាប់អន្តរជាតិ” ហើយថា បុគ្គលិកហ្វីលីពីន បានបង្ហាញពីការអត់ធ្មត់ និងជៀសវាងពីការកើនឡើងនៃភាពតានតឹង៕ ប្រែសម្រួល ឈូក បូរ៉ា

To Top